អន្តរជាតិ
ឆែក​៖ តួ​ក​គី​មិន​សមជា​សមាជិក​សហភាព​អឺរ៉ុប​ព្រោះ​ពាក់ព័ន្ធ​ក្រុម​ដែ​ស្ហ​
11, Dec 2015 , 4:31 pm        
រូបភាព
ដោយ:
​ដើម​សប្តាហ៍​នេះ ប្រធានាធិបតី​ឆែក​លោក Milos Zeman បាន វាយប្រហារ តួ​ក​គី​ដោយ​ពាក្យសម្តី​ថា តួ​ក​គី​មិន​សមជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទេ​។ ការ​ថ្លែង​រិះគន់​បែបនេះ​អាច​បណ្ដាលមកពី​សកម្ម​ភាព​តួ​ក​គី នាពេល​ចុង​ក្រោយនេះ ដែលមាន​ភាពឃោរឃៅ​និង​បាន​រំលោភច្បាប់​អន្តរជាតិ​ជាដើម​។



​នៅ​ចំពោះមុខ​អ្នកបោះឆ្នោត​នៅ​ទីក្រុង Kadan ប្រធានាធិបតី​សាធារណរដ្ឋ​ឆែក​លោក Milos Zeman  បាន​រិះគន់​ប្រទេស​តួ​ក​គី​ចំៗ ដែល​បានធ្វើ​សកម្មភាព​នានា​មិន​សមរម្យ នឹង​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ទេ​។ លោក Zeman និយាយថា​៖«​តួ​ក​គី​មិន​សម​ក្លាយជា​សមាជិក​ថ្មី​របស់​អឺរ៉ុប​ទេ​។ ហើយ​ជួនកាល ទីក្រុង​អង់កា​រ៉ា ធ្វើ​សកម្មភាព ប្រៀបដូចជា សម្ព័ន្ធមិត្ត​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ (Daesh) ដូច្នោះ​ដែរ​»​។​

​ឆ្លៀតពេល​នោះដែរ លោក Milos Zeman បានលើកឡើង​ពី​សកម្មភាព​តួ​ក​គី ដូចជា ជួយ​ក្រុម​ដែ​ស្ហ​តាមរយៈ​ការទិញ​ប្រេង​ពី​ប្រភព​នានា​ក្នុងប្រទេស​ស៊ី​រី​។ ហើយ​លោក​ក៏បាន​ចោទប្រកាន់​តួ​ក​គី​ថា កំពុង​អនុវត្ត​ទ្រឹស្ដី «​សត្រូវ​របស់​សត្រូវ​ខ្ញុំ គឺជា​មិត្ត​របស់ខ្ញុំ​» ដោយសារតែ​តួ​ក​គី​បាន​ប្រយុទ្ធប្រឆាំង​ក្រុម​ឃឺ​ដ ខណៈដែល​ក្រុម​កងជីវពល​ឃឺ​ដ​នេះ​កំពុងតែ​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​ដែ​ស្ហ​ផងដែរ​។ នេះ​មានន័យថា តួ​ក​គី​កំពុងតែ​ជួយ​ក្រុម​ដែ​ស្ហ​ដូច្នោះ​ដែរ​។​

​លើសពីនេះទៅទៀត លោក Milos Zeman ក៏បាន​និយាយ​ដៀមដាម​អឺរ៉ុប​ដែល​បានផ្ដល់​ប្រាក់​៣​ពាន់​លាន​អឺរ៉ូ​ដល់​តួ​ក​គី​ជា​ថ្នូរ​នឹង​ការដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដែល​ហូរ​ចូល​ពី​ស៊ី​រី ដោយ​បញ្ឈប់​ពួកគេ​ត្រឹម​ដែនដី​តួ​ក​គី​។ លោក​ថា​៖« ពីមុន​ចក្រភព​រ៉ូ​ម៉ាំង​ក៏បាន​ចំណាយលុយ​ទៅ​ឲ្យ​ពួក​ឈ្លានពាន​ដើម្បី​កុំ​ឲ្យ​ពួកគេ​ចូលលុកលុយ​តទៅទៀត​ដែរ​»​។

​មួយវិញទៀត ប្រធានាធិបតី​រូបនេះ​បានកត់សម្គាល់​ដែរ​ថា តួ​ក​គី​គួរតែ​ស្វាគមន៍​ជនភៀសខ្លួន​ស៊ី​រី​ជាង​២​លាន​នាក់​នោះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ ពីព្រោះ​ប្រជាជន​តួ​ក​គី​ភាគច្រើន​ក៏​កាន់​សា​នា​ឥស្លាម​ដូច​ជនភៀសខ្លួន​ទាំងនោះ​ដែរ​។ ហើយ​លោក​ក៏បាន​ព្រមាន​ដែរ​ថា ការចម្លង​ទំនៀមទម្លាប់​ឥស្លាម​ពី​ក្រុម​ជនភៀសខ្លួន​ទាំងនោះ នឹង​នាំ​គ្រោះថ្នាក់​ចូលមក​តំបន់​អឺរ៉ុប ជាពិសេស​ស្ត្រី​ឥស្លាម​។

​សូម​រម្លឹកថា តួ​ក​គី​កំពុងតែ​រៀបចំខ្លួន​ដើម្បី​ក្លាយជា​សមាជិក​ថ្មី​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​មួយរយៈ​ពេល​ក្រោយនេះ គេ​ឃើញ​មាន​ទំនោរ​ប្រឆាំង​វត្តមាន​តួ​ក​គី​ក្នុង​តំបន់​អឺរ៉ុប​ពី​សំណាក់​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ស្រាប់ ជាក់ស្ដែង​ប្រធានាធិបតី​ឆែក​នាពេលនេះ​ស្រាប់​។ នេះ​ប្រហែលជា​បណ្ដាលមកពី​បញ្ហា​អសកម្ម​របស់​តួ​ក​គី ជាពិសេស​ការ​រឹតត្បិត​សេរីភាព​នៅក្នុង​ប្រទេស​ខ្លួន និង​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ដែ​ស្ហ​៕  



Tag:
 ឆេ​ក​
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com