អន្តរជាតិ
ព្រោះបញ្ហាប្រេង អារ៉ាប៊ី សាអូឌីត ក្លាយជាឆ្អឹងទទឹងកនៅវេទិកាអាកាសធាតុប៉ារីស
× ពេលនេះ តំណាងប្រទេសជាង១៩០កំពុងតែប្រឹងប្រែង ដើម្បីសម្រេចចេញជាកិច្ចព្រមព្រៀងសកលមួយសំដៅដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលបានយាយីពិភពលោក ប៉ុន្តែប្រទេសទាំងនោះនៅតែខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។ ក្នុងនោះអារ៉ាប៊ី សាអូឌីត ត្រូវបានគេបន្ទោសព្រោះជំទាស់ការកាត់បន្ថយការប្រើប្រាស់ប្រេង ដែលនាំឲ្យរាំងស្ទះដល់កិច្ចប្រជុំបម្រែបម្រួលអាកាសធាតុលើកទី២១ ដែលគ្រោងបញ្ចប់នៅថ្ងៃសុក្រទី១១ ខែធ្នូនេះ។
ខណៈដែលកិច្ចប្រជុំប្រែប្រួលអាកាសធាតុត្រូវពន្យារដល់ថ្ងៃស្អែក ប្រទេសទាំងអស់កំពុងញាប់ដៃញាប់ជើងពិភាក្សាគ្នាដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសកលសម្រាប់ដោះស្រាយបញ្ហាអាកាសធាតុនោះ។ តែ អារ៉ាប៊ី សាអូឌីត បែរជាបង្ហាញជំហរមិនត្រូវគ្នាជាមួយប្រទេសដទៃជាពិសេសលើ ការកាត់បន្ថយការប្រើប្រាស់ថាមពលឥន្ធនៈ។ ហើយប្រទេសអារ៉ាប់មួយនេះក៏ត្រូវបានគេចាត់ទុកជាឆ្អឹងទទឹងកក្នុងកិច្ចប្រជុំនេះទៀតផង។
ជាមួយគ្នានេះ លោក Pascal Canfin ជាអ្នកវិភាគម្នាក់បានថ្លែងរិះគន់អារ៉ាប៊ី សាអូឌីត ដោយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖« ពួកគេ (អារ៉ាប៊ី សាអូឌីត) តែងតែប្រឆាំងសឹងតែគ្រប់ប្រធានបទទៅហើយក្នុងពេលប្រជុំ។ ហើយអស់រយៈពេលយូរមកហើយ អារ៉ាប៊ី សាអូឌីត មិនសូវរួមចំណែកក្នុងកិច្ចពិភាក្សាជាមួយគេឯងឡើយ»។
យ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកទេដែល អារ៉ាប៊ី សាអូឌីត បង្ហាញពីការមិនយល់ស្របជាមួយប្រទេសជាង១៩០ផ្សេងទៀត ពីព្រោះក្នុងនាមជាប្រទេសនាំចេញប្រេងលំដាប់ទីមួយរបស់ពិភពលោក អារ៉ាប៊ី សាអូឌីត នឹងមិនយល់ស្របរាល់ផែនការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈទេ។ នេះក៏ដោយសាតែវានឹងបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេសនេះ ខណៈចំណូល៩០ភាគរយរបស់ អារ៉ាប៊ី សាអូឌីត គឺបានមកពីការលក់ប្រេងឥន្ធនៈ។
ថ្លែងការពារជំហររបស់ខ្លួននៅឯកិច្ចប្រជុំក្នុងទីក្រុងប៉ារីស រដ្ឋមន្ត្រីក្រសួងប្រេងកាតរបស់ អារ៉ាប៊ី សាអូឌីត លោក Ali al-Naimi បានបញ្ជាក់ថា៖« គោលនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មិនគួរមានការរើសអើងចំពោះប្រភពថាមពលអ្វីឡើយ»។ ត្រង់នេះ លោក al-Naimi ប្រហែលជាចង់មានន័យថា គេមិនគួរផ្ដោតលើប្រេងឥន្ធនៈតែមួយមុខនោះទេ ថាមពលផ្សេងទៀតក៏គួរត្រូវបានរួមបញ្ចូលក្នុងគោលនយោបាយនេះផងដែរ។
យ៉ាងណាមិញ ប្រសិនបើក្រឡេកមើលស្ថានភាពជាក់ស្ដែងវិញ ប្រហែលមិនមែនមានតែអារ៉ាប៊ី សាអូឌីតទេ ដែលមានជំហប្រឆាំងផែនការនេះ។ ប្រទេសដែលពឹងផ្អែកលើនាំចេញប្រេងភាគច្រើនក៏ប្រហែលជាមិនសប្បាយចិត្តនឹងរឿងនេះដែរ។ ប្រទេសទាំងនោះពឹងផ្អែកលើការនាំចេញប្រេង ដូច្នេះបើសិនមានគោលនយោបាយបែបនេះមែននោះ ពួកគេប្រាកដជាទទួលរងផលប៉ះពាល់ខ្លាំង។ ហើយពួកគេនឹងទុករឿងបម្រែបម្រួលអាកាសធាតុមួយឡែកជាក់ជាមិនខានឡើយ៕
Tag:
អារ៉ាប៊ី សាអូឌីត
បម្រែបម្រួលធាតុអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com