អន្តរជាតិ
ចិន​នឹង​អាម៉ាស់មុខ​ខ្លាំង​ព្រោះ​ចាញ់​សង្គ្រាម បើ​មិន​កែទម្រង់​យោធា​
11, Dec 2015 , 9:19 pm        
រូបភាព
​សារព័ត៌មាន​យោធា​ចិន​បាន​បញ្ជាក់ថា ចិន​នឹង​ប្រឈម​មុខការ​ចាញ់​សង្គ្រាម​សម័យ​ទំនើប បើសិន​មិន​ព្រម​អនុវត្ត​កំណែទម្រង់​យោធា​ឲ្យ​ទាន់ពេលវេលា​ទេនោះ​។ សារព័ត៌មាន​ខាងលើ​ដែល​ទើប​ចេញផ្សាយ​ថ្ងៃ​សុក្រ ទី​១១​ខែធ្នូ​នេះ​ក៏​ព្រមាន​ផងដែរ​ថា ទោះ​មាន​ទំនើបកម្ម​យោធា ចិន​បច្ចុប្បន្ន​នៅតែ​ដើរ​ក្រោយ ប្រទេស​មហាអំណាច​ផ្សេងទៀត ។



​ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​និង​ទំនើបកម្ម​យោធា​របស់​មហាអំណាច​ចិន​កំពុង​ក្លាយជា​រឿងចម្រូងចម្រាស់​បំផុត​មួយ​។ ថ្វីបើ​នយោបាយ​កំណែទម្រង់​យោធា​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ក៏ដោយ ក៏​បច្ចុប្បន្ន​មាន​មេដឹកនាំ​យោធា​ខ្លះ​ប្រឆាំង​និង​អាក់អន់ស្រពន់ចិត្ត​ព្រោះ​ខាតបង់​ប្រយោជន៍​ដែរ​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ សារព័ត៌មាន​យោធា​របស់​ចិន បាន​ព្រមាន ក្រុម​អ្នកប្រឆាំង​កំណែទម្រង់​យោធា ដោយ​លើកឡើងថា ចិន​នឹងរង​ភាពអាម៉ាស់​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ក្នុង​សតវត្ស​ព្រោះតែ​ចាញ់​សង្គ្រាម​សម័យ​ទំនើប បើសិន​គ្មាន​ការគាំទ្រ​នយោបាយ​កែទម្រង់​កងកម្លាំងប្រដាប់អាវុធ​ទេ​។ 

​សារព័ត៌មាន​ខាងលើ​អធិប្បាយ​ថា​៖« បើ​គ្មាន​កំណែទម្រង់ កងទ័ព​រំដោះប្រជាជន​ចិន​អាច​នឹង​ចាញ់​សង្គ្រាម ហើយ​ពួកគេ​នឹងរង​ការ​ថ្កោលទោស​តាំងពី​ឥឡូវ​ដល់​ក្មេងជំនាន់ក្រោយ​ទៀត​»​។ ប្រភព​ដដែល​បាន​ព្រមាន​ផង ដោយសារ​ទំនើបកម្ម​យោធា​ចិន នៅ​ដើរ​ក្រោយ​ប្រទេស​មហាអំណាច​ផ្សេងទៀត​នៅឡើយ​។​

​បញ្ហា​ប្រឈម​របស់​ចិន​បច្ចុប្បន្ន​គឺ​ការិយាធិបតេយ្យ អំពើពុករលួយ និង​ភាពទន់ខ្សោយ​នៃ​ការស្រាវជ្រាវ​បច្ចេកវិទ្យា​យោធា​។ ចិន​មាន​ទ័ព​ជាង​២​លាន​នាក់​ច្រើនជាង​ប្រទេស​នានា​លើ​លោក​។ ប៉ុន្តែ​វា​ច្រើនតែ​បរិមាណ  ឯ​គុណភាព​នៅ​ខ្សោយ​នៅឡើយ​។

​ត្រលប់​មកវិញ សញ្ញា​នៃ​ការកែទម្រង់​ផ្តើមឡើង​ដោយ​លោក ស៊ី ជិន​ពីង ប្រកាស​កាត់បន្ថយ​កង​ទ័ព​ចំនួន ៣ សែន​នាក់​លើកដំបូង បំផុត​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ខែកញ្ញា​កន្លងទៅ​ក្នុងឱកាស​ខួប​លើក​ទី​៧០​នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី​២ ។ តែ​ការប្រកាស​កាត់បន្ថយ​ក​ង​ទ័ព ៣​សែន​នាក់​នេះ បានធ្វើ​ឲ្យ​ក្រុម​កងទ័ព​បារម្ភ និង​មិន​ពេញចិត្ត​សោះ ព្រោះ​ពួកគេ​នឹង​បាត់បង់​ការងារ​។

​ប្រធានាធិបតី​ចិន បានដាក់​ចេញ​ផែនការ​កែទម្រង់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ជា​ផ្លូវការ​កាលពី​ខែ​មុន ដោយ​លោក​ចង់​រុះរើ​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​បញ្ជា​ទ័ព ដើម្បី​ជួយ​ឲ្យ​ទ័ព​ចិន​ឈ្នះ​សង្គ្រាម​សម័យ​បច្ចេកវិទ្យា​។ ប្រមុខរដ្ឋ​ចិន​រូបនេះ​ស្វះស្វែង​ឲ្យ​ទំនើបកម្ម​យោធា​ឆាប់​ជោគជ័យ ស្រប​ពេលដែល​មហាអំណាច​ចិន​កាន់តែ​រះ​ត្រដែត​ឡើង ហើយ​កាន់តែ​កោងកាច​ខ្លាំង​ក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងកើត​និង​ខាងត្បូង​។

​បច្ចុប្បន្ននេះ គេ​ឃើញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​ការចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​វិស័យ​យោធា ជាពិសេស​ផ្តោតលើ​ការស្រាវជ្រាវ​និង​ផលិត​សព្វាវុធ​ថ្មីៗ​។ បច្ចុប្បន្ន​ក្រុង​ប៉េកាំង​ងាក​មក​ពង្រឹង​អំណាច​យោធា​ជើង​ទឹក ដោយ​ការលើកស្ទួយ​ការផលិត​នាវាមុជទឹក នាវាចម្បាំង និង​នាវា​ដឹក​យន្តហោះ​ជាដើម​ផង​។ ស្របពេល​ជាមួយគ្នា ចិន​ក៏​ចាប់ផ្តើម​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​នៅ​បរទេស ដូចដែល​ឃើញស្រាប់​មហាអំណាច​ថ្មី​នេះ​បញ្ជូន​ទ័ព​ទៅ​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ និង​សុំ​សិទ្ធិ​ប្រទេស​ជី​ប៊ូ​ទី ដើម្បី​បើក​មូលដ្ឋាន​យោធា​លើកទីមួយ​នៅ​បរទេស​ថែមទៀត​៕


Tag:
 ចិន​
  ​កំណែទម្រង់​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com