អន្តរជាតិ
លុប​ជើងហោះហើរ​មួយ​ពី​បាងកក​ទៅ​កោះ​សាមុយ​ដោយសារ​រង​ការ​គំរាម​បំផ្ទុះ
11, Dec 2015 , 10:56 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways របស់​ថៃ បានសម្រេច​លុប​ជើងហោះហើរ​មួយ​ក្នុង​ដំណើរ​ពី​ក្រុង​បាងកក​ទៅ​កោះ​សាមុយ​នា​ថ្ងៃ​សុក្រ​ទី១១ ខែធ្នូ នេះ ដោយសារតែ​អ្នកដំណើរ​បរទេស​ម្នាក់​បាន​គំរាម​បំផ្ទុះ​គ្រាប់បែក។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Bangkok Post



លោក Sirote Duangratana អគ្គនាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ បាន​បញ្ជាក់ថា ជើងហោះហើរ PG145 ត្រូវបាន​លុបចោល ដោយសារតែ​អ្នកដំណើរ​បរទេស​ពីរ​នាក់​ឈ្លោះ​គ្នា ហើយ​ម្នាក់​គំរាម​ទៅ​ម្នាក់​ទៀតថា​នឹង​បំផ្ទុះ​គ្រាប់បែក​នៅលើ​យន្តហោះ។

តាម​ការផ្សាយ​របស់ Bangkok Post យន្តហោះ​ប្រភេទ Airbus A319 នោះ ផ្ទុក​អ្នកដំណើរ៩៩នាក់ ដែល​ក្រោយមក ពួកគេ​ត្រូវបាន​ផ្ទេរ​ទៅ​ជើងហោះហើរ​មួយទៀត គឺ PG187 ។

ក្រោយ​ការ​គំរាម អ្នក​ភ្នាក់ងារ​យន្តហោះ​បានធ្វើការ​ត្រួតពិនិត្យ​វត្ថុ​ធាតុ​នៅលើ​យន្តហោះ ប៉ុន្តែ​គេ​មិនឃើញ​មុខសញ្ញា​អ្វី​នោះឡើយ។ តាមច្បាប់ អ្នកដំណើរ​ដែល​បង្ករ​ភាព​តក់ស្លុត​ដល់​អ្នកដទៃ​នោះ អាច​ត្រូវ​រង​ការពិន័យ​ប្រមាណ២សែន​បាត ឬ​ជាប់ពន្ធនាគារ៥ឆ្នាំ៕



Tag:
 បាងកក-កោះសាមុយ
  គំរាមបំផ្ទុះយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com