លោក​អភិបាល​ខេត្តកំពត​បង្ហា​ញ​ពី​មោទនភាព​ចំពោះ ចាន់ វឌ្ឍនាកា​
កីឡាជាតិ
ជាតិ
លោក​អភិបាល​ខេត្តកំពត​បង្ហា​ញ​ពី​មោទនភាព​ចំពោះ ចាន់ វឌ្ឍនាកា​
14, Dec 2015 , 3:58 pm        
រូបភាព
 ​លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត បាន​អះអាង​ពី​ភាពជោគជ័យ​ក្នុង​ការរៀបចំ​ពិធីបុណ្យសមុទ្រ​លើក​ទី​៤​នៅលើ​ទឹកដី​របស់ខ្លួន ជាពិសេស​ការ​បំផុស​ចលនា​កីឡា​នៅក្នុង​ខេត្ត​មួយ​នេះ​។ ជាមួយគ្នានេះ​ផងដែរ​លោក​បាន​និយាយ​ពី​កីឡាករ​បាល់ទាត់​ដ៏​លេចធ្លោ ចាន់ វឌ្ឍនាកា ដែលជា​ធនធាន​ចេញពី​ខេត្តកំពត​។​

 
​កាលពី​ថ្ងៃទី​១៣ ខែធ្នូ លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា ខេត្ត​របស់លោក​ទាក់ទាញ​អ្នកទេសចរ​បាន​ប្រហែល​៣០​ម៉ឺន​នាក់​នា​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៤ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​អាជ្ញាធរ​ដែនដី​។ ក្រៅពី​ការផ្តល់​ទស្សនី​យ​ភាពសិល្បៈ​ដ៏​សំបូរបែប លោក ខូ​យ ឃុន​ហួរ បាន​គូសបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​នេះ ចូលរួម​បំផុស​ចលនា​កីឡា​នៅ​ខេត្តកំពត​ទាំងមូល​។​
 
​លោក​អភិបាលខេត្ត បាន​លើកឡើងថា កំពត​មាន​ចលនា​កីឡា​ផុសផុល​យូរណាស់​មកហើយ រួមមាន​បាល់ទះ បាល់បោះ បាល់ទាត់​ជាដើម​។ ទាក់ទង​នឹង​កីឡាបាល់ទាត់ លោក​បាន​និយាយ​ដោយ​ចង្អុល​ទៅកាន់​លោក ចាន់ ចេស្តា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ថា កីឡាករ​ដែល​កំពុង​សាង​ភាពល្បីល្បាញ​នៅ​ភ្នំពេញ​គឺជា​ធនធាន​ដែល​ចេញពី​ខេត្តកំពត ពោលគឺ​កូនប្រុស​បង្កើត​របស់ លោក ចាន់ ចេស្តា​តែម្តង​។​
 
​ចាន់ វឌ្ឍនាកា អាយុ​២១​ឆ្នាំ ជា​កីឡាករ​បាល់ទាត់​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​អាជីព​នា​ឆ្នាំ​២០១៥​នេះ​។ ខ្សែប្រយុទ្ធ​ក្លិប​បឹងកេត​អង្គរ ដែល​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅ​ក្លិប​ព្រះខ័ន​រាជ (​បច្ចុប្បន្ន​ស្វាយរៀង​) រូបនេះ ក្លាយជា​កីឡាករ​តែ​ម្នាក់​គត់​របស់​កម្ពុជា ដែល​ឈ្នះ​រង្វាន់​ជា​លក្ខណៈ​ឯកត្តជន​៤​ឆ្នាំ​ជាប់ៗ​គ្នា បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១២ មក​។​
 
​កាលពី​ឆ្នាំ​២០១២ វឌ្ឍនាកា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ជ្រើសរើស​ជា «​អត្ត​ព​លិ​ក​វ័យក្មេង​ឆ្នើម​ជាងគេ​ប្រចាំឆ្នាំ​» (Cambodia best young player of the year) ។ ឆ្នាំ​២០១៣ គេ​បាន​ស្បែកជើង​មាស (Golden Boot) ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ហើយ​នៅ​ឆ្នាំ​២០១៤ ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។​
 
​នៅ​ឆ្នាំ​២០១៥​នេះ បឹងកេត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​បី ខណៈ​វឌ្ឍនាកា​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​៣៧​គ្រាប់ ទទួលបាន​ស្បែកជើង​មាស និង​បាន​ពាន​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ម្តងទៀត​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ កីឡាករ​ដែល​មកពី​ខេត្តកំពត​រូបនេះ ត្រូវបាន​វែបសាយ​កីឡា​ដ៏​ល្បី Goal.com ជ្រើសរើស​ជា​កីឡាករ​អាស៊ីអាគ្នេយ៍​ឆ្នើម​ប្រចាំ​សប្តាហ៍ បន្ទាប់ពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​នាំ​ឲ្យ​បឹងកេត​ឈ្នះ​ជើងឯក​វៀតណាម Becamex Binh Duong ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Clubs Championship នៅក្នុង​ទីក្រុង​ហាណូយ​៕

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com