កីឡាជាតិ
ជាតិ
លោកអភិបាលខេត្តកំពតបង្ហាញពីមោទនភាពចំពោះ ចាន់ វឌ្ឍនាកា
× លោក ខូយ ឃុនហួរ អភិបាលខេត្តកំពត បានអះអាងពីភាពជោគជ័យក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៤នៅលើទឹកដីរបស់ខ្លួន ជាពិសេសការបំផុសចលនាកីឡានៅក្នុងខេត្តមួយនេះ។ ជាមួយគ្នានេះផងដែរលោកបាននិយាយពីកីឡាករបាល់ទាត់ដ៏លេចធ្លោ ចាន់ វឌ្ឍនាកា ដែលជាធនធានចេញពីខេត្តកំពត។
កាលពីថ្ងៃទី១៣ ខែធ្នូ លោក ខូយ ឃុនហួរ អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តរបស់លោកទាក់ទាញអ្នកទេសចរបានប្រហែល៣០ម៉ឺននាក់នារយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៤ ដែលរៀបចំដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរដែនដី។ ក្រៅពីការផ្តល់ទស្សនីយភាពសិល្បៈដ៏សំបូរបែប លោក ខូយ ឃុនហួរ បានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រនេះ ចូលរួមបំផុសចលនាកីឡានៅខេត្តកំពតទាំងមូល។
លោកអភិបាលខេត្ត បានលើកឡើងថា កំពតមានចលនាកីឡាផុសផុលយូរណាស់មកហើយ រួមមានបាល់ទះ បាល់បោះ បាល់ទាត់ជាដើម។ ទាក់ទងនឹងកីឡាបាល់ទាត់ លោកបាននិយាយដោយចង្អុលទៅកាន់លោក ចាន់ ចេស្តា ប្រធានមន្ទីរកសិកម្មខេត្ត ថា កីឡាករដែលកំពុងសាងភាពល្បីល្បាញនៅភ្នំពេញគឺជាធនធានដែលចេញពីខេត្តកំពត ពោលគឺកូនប្រុសបង្កើតរបស់ លោក ចាន់ ចេស្តាតែម្តង។
ចាន់ វឌ្ឍនាកា អាយុ២១ឆ្នាំ ជាកីឡាករបាល់ទាត់ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពនាឆ្នាំ២០១៥នេះ។ ខ្សែប្រយុទ្ធក្លិបបឹងកេតអង្គរ ដែលឆ្លងកាត់ការបណ្តុះបណ្តាលនៅក្លិបព្រះខ័នរាជ (បច្ចុប្បន្នស្វាយរៀង) រូបនេះ ក្លាយជាកីឡាករតែម្នាក់គត់របស់កម្ពុជា ដែលឈ្នះរង្វាន់ជាលក្ខណៈឯកត្តជន៤ឆ្នាំជាប់ៗគ្នា បើគិតចាប់តាំងពីឆ្នាំ២០១២ មក។
កាលពីឆ្នាំ២០១២ វឌ្ឍនាកា ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជ្រើសរើសជា «អត្តពលិកវ័យក្មេងឆ្នើមជាងគេប្រចាំឆ្នាំ» (Cambodia best young player of the year) ។ ឆ្នាំ២០១៣ គេបានស្បែកជើងមាស (Golden Boot) ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ហើយនៅឆ្នាំ២០១៤ ជាប់ជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍មិត្តហ្វូនខេមបូឌានលីក។
នៅឆ្នាំ២០១៥នេះ បឹងកេតទទួលបានចំណាត់ថ្នាក់លេខបី ខណៈវឌ្ឍនាកាដែលបានស៊ុតបាល់បញ្ចូលទីសរុប៣៧គ្រាប់ ទទួលបានស្បែកជើងមាស និងបានពានជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ម្តងទៀត។
អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ កីឡាករដែលមកពីខេត្តកំពតរូបនេះ ត្រូវបានវែបសាយកីឡាដ៏ល្បី Goal.com ជ្រើសរើសជាកីឡាករអាស៊ីអាគ្នេយ៍ឆ្នើមប្រចាំសប្តាហ៍ បន្ទាប់ពីរូបគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់នាំឲ្យបឹងកេតឈ្នះជើងឯកវៀតណាម Becamex Binh Duong ក្នុងព្រឹត្តិការណ៍ Toyota Mekong Clubs Championship នៅក្នុងទីក្រុងហាណូយ៕
Tag:
បាល់ទាត់
ចាន់ វឌ្ឍនាកា
បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com