កីឡាជាតិ
ជាតិ
កាលពី​តូច ចាន់ វឌ្ឍនាកា តែងតែ​យក​តារាង​បាល់ទះ​ជា​កន្លែង​ទាត់​បាល់​
15, Dec 2015 , 6:59 pm        
រូបភាព
​លោក ចាន់ ចេស្តា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​កីឡាករ ចាន់ វឌ្ឍនាកា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​នា​អំឡុង​នៃ​ពិធីបុណ្យ​សមុទ្រ​ថា កូនប្រុស​របស់លោក​តែងតែ​យក​តារាង​បាល់ទះ​ធ្វើជា​កន្លែង​ទាត់​បាល់​។ ជាមួយគ្នានេះ លោក​តែងតែ​ប្រាប់​កូន​កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​ល្បែងភ្នាល់ ពោលគឺ​ផ្តោត​តែ​លើ​ការលេង​ជា​លក្ខណៈ​អាជីព​ប៉ុណ្ណោះ​។​

 
​លោក ចាន់ ចេស្តា បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ចាន់ វឌ្ឍនាកា ដែលជា​កូនប្រុស​របស់ខ្លួន ចេះ​លេង​បាល់​តាំងពី​តូច​មកម្ល៉េះ​ពោល​តាំងពី​អាយុ​៤ ឬ​៥​ឆ្នាំ​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​រូបនេះ បាន​បញ្ជាក់ថា​៖ «​កាលណោះ ខ្ញុំ​មាន​តារាង​បាល់ទះ​មួយ​នៅមុខ​ផ្ទះ ប៉ុន្តែ​នៅពេលដែល​វឌ្ឍនាកា ឃើញ​បាល់ទះ  គេ​អត់​យក​បាល់​នោះមក​លេង​នឹង​ដៃ​ទេ តែ​គាត់​យក​បាល់​នោះមក​លេង​នឹង​ជើង​ខុសពី​អ្នកដទៃ​»​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក ចាន់ ចេស្តា បាន​គូសបញ្ជាក់ថា កាលពី ចាន់ វឌ្ឍនាកា មិនទាន់​ចូល​លេង​ក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល លោក​តែងតែ​ហាម​កូន​មិនអោយ​ផ្តោត​ខ្លាំង​លើ​ការលេង​បាល់ ដោយ​ខ្លាចក្រែង​មាន​គ្រោះថ្នាក់ និង​ការឈ្លោះប្រកែក​គ្នា ហើយ​និង​ការយក​វា​ទៅធ្វើជា​ល្បែងភ្នាល់​ដាក់​លុយ​។​
 
​មកដល់ពេលនេះ លោក ចាន់ ចេ​សា្ត នៅតែ​បន្ត​ហាមប្រាម​កូន​កុំ​ឲ្យ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ល្បែងស៊ីសង ដោយ​ផ្តោត​តែ​លើ​អាជីព​របស់ខ្លួន​ប៉ុណ្ណោះ​។​
 
​បច្ចុប្បន្ន ចាន់ វឌ្ឍនាកា កំពុង​បង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​វិស័យ​កីឡាបាល់ទាត់ ទាំង​ក្នុង​ជម្រើសជាតិ និង​ក្លិប​អាជីព​។ ដំណាក់កាល​មួយទៀត​ដែល​អាច​កត់ចូល​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​កម្ពុជា​នោះ គឺ​វត្តមាន​របស់​ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូបនេះ នៅក្នុង​កីឡាបាល់ទាត់​ជប៉ុន ខណៈ​ការចរចា​រវាង​ក្លិប​ពាក់ព័ន្ធ​កំពុងដំណើរការ​។​
 
​ប្រសិនបើ​ការចរចា​បាន​ជោគជ័យ​នោះ ចាន់ វឌ្ឍនាកា នឹង​ក្លាយជា​កីឡា​ករទី​១​របស់​កម្ពុជា ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​ក្របខណ្ឌ​កីឡាបាល់ទាត់​ជប៉ុន បើទោះបីជា​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ខ្លី ឬក៏​លេង​នៅ​លី​ក​លំដាប់​ទី​២ (J2 League) ក៏ដោយ​។​
 
​វឌ្ឍនាកា ដែលមាន​ដើមកំណើត​នៅ​ខេត្តកំពត គឺជា​កីឡាករ​តែ​ម្នាក់​គត់​របស់​កម្ពុជា ដែល​ទទួលបាន​រង្វាន់​លក្ខណៈ​ឯកត្តជន​បួន​ឆ្នាំ​ជាប់ៗ​គ្នា បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១២ មក​។ នៅ​ឆ្នាំ​២០១២ កីឡាករ​រូបនេះ ត្រូវ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជ្រើសរើស​សម្រាប់​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​របស់​កម្ពុជា នៅ​ឆ្នាំ​២០១៣ គេ​ទទួលបាន​ស្បែកជើង​មាស​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ហើយ​នៅ​ឆ្នាំ​២០១៤ កីឡាករ​នៃ​ក្លិប​បឹងកេត​អង្គរ​រូបនេះ ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​៕

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com