ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូរទស្សន៍​ព្រះអាទិត្យ​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ ២០១៦ ទើប​អាច​ដំណើរការបាន
19, Dec 2015 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​អះអាងថា គណបក្ស​របស់លោក បានកំណត់​គោលដៅ ក្នុងការ​រៀបចំ​ទូរទស្សន៍​ព្រះអាទិត្យ​ឲ្យ​បាន​រួចរាល់​នៅក្នុង​ឆ្នាំ​២០១៦ ខាងមុខនេះ​។ ពេលនេះ​គណបក្ស​កំពុងតែ​រង់ចាំ​អាជ្ញា​បណ្ណ​ពី​អាជ្ញាធរ ដើម្បី​ដំឡើង​អង់​តែ​ន និង​បន្ត​ស្នើសុំ​ហ្វ្រេ​កង់​ពី​ក្រសួង​ព័ត៌មាន​។​


​ការអះអាង​របស់​ឯក​ឧ​ត្ត​ម​សម រង្ស៊ី កន្លងមក​ដែលថា ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កើតឡើង​ចុងឆ្នាំ ២០១៥ នោះ មិនអាច​ទៅរួច​នោះឡើយ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ទទួលស្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​បង្កើត​ទាន់​ឡើយ​នៅ​ចុងឆ្នាំ ២០១៥ នេះ តែ​គណបក្ស​នេះ ប្តេជ្ញា​នឹងធ្វើ​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០១៦ ខាងមុខ​។ 
​ក្រោយពី​បាន​ទិញ​ដី​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទំហំ​ជាង​១០០០ ម៉ែត្រក្រឡា គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ស្នើសុំ​អាជ្ញា​បណ្ណ​ពី​អាជ្ញាធរ ដើម្បី​ដំឡើង​បង្គោល​អង់​តែ​ន​។ តែ​រហូតមក​ដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​អាជ្ញាធរ​នៅឡើយ​ទេ ជុំវិញ​ការស្នើសុំ​នេះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​យ៉ែម បុញ្ញឫទ្ធិ បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​ការអនុញ្ញាត​ដើម្បី​ដំឡើង​អង់​តែ​ន​។​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​គោលដៅ​របស់​យើង គឺ​យើង​ត្រូវ​រៀបចំ​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៦​នេះ​។ ពេលនេះ​យើង​កំពុងតែ​រង់ចាំ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្នុងការ​ដំឡើង​អង់​តែ​ន និង​ការស្នើសុំ​ហ្វ្រេ​កង់​ពី​ក្រសួង​»​។​
 
​អ្នកនាំពាក្យ​រូបនេះ​នៅតែ​បដិសេធ​មិន​បញ្ជាក់​ពី​ទីតាំង និង​តម្លៃ​នៃ​ការទិញ​ដី នោះទេ​។ លោក​គ្រាន់តែ​លើកឡើងថា ព័ត៌មាន​ជុំវិញ​តម្លៃ និង​ទីតាំង នឹងត្រូវ​បានផ្តល់​ជូន​លម្អិត ក្រោយពេល​គណបក្ស​រៀប​ចំ​ទូរទស្សន៍​ចប់សព្វគ្រប់​។​
 
​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​ថវិកា​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ គណបក្ស​ប្រមូល​ថវិកា​បាន​ប្រមាណ​ជា​៨០​ម៉ឺន​ដុល្លារ​ហើយ​។ តាម​គម្រោង គណបក្ស​ត្រូវការ​ថវិកា​ប្រមាណ​ជា ១​លាន​ដុល្លារ​កន្លះ ទៅ​៣​លាន​ដុល្លារ ដើម្បី​ដំណើរការ​ទូរទស្សន៍រ​បស់​ខ្លួន​៕ 

Tag:
 ទូរទស្សន៍​ព្រះអាទិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com