ពីនេះ ពីនោះ
ប្រើសស្បូវ មានស្នែងចំនួនបី ១នៅជាប់គល់ និង២នៅខាងចុង
×
ភិនភាគ៖ ប្រើសស្បូវជាថិនកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ នៅលើដងខ្លួន រោមមានពណ៌ប្រផេះស្ទើក្រម៉ៅ និងនៅកមានរោមញឹកវែងសណ្ឋានប្រែង។ កន្ទុយរបស់វាខ្លី សំពោងពណ៌ខ្មៅ និងរស់រវើកជានិច្ចនៅពេលរកចំណី ហើយវាមានស្លឹកត្រចៀកធំ។ ស្នែងប្រើសឈ្មោលពេញវ័យមានប្រវែងពី ៥០-១០០ស.ម ដែលជាទូទៅមានខ្នែងម្ខាងៗចំនួនបី ១នៅជាប់គល់ និង២នៅខាងចុង។
ជីវសាស្ត្រ៖ ជាសត្វដែលអាចរស់នៅគ្រប់ជម្រកទាំងអស់ រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ។ វារកស៊ីនៅពេលព្រលប់ និងពេលព្រលឹម ហើយសំរាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ។ ចំណីរបស់វាមានដូចជា ចុងមែកឈើតូចៗ ស្លឹកឈើ ប្រភេទវល្លិ៍ពន្លក (ត្រួយ) ផ្លែឈើ ជ្រុះ និងស្មៅ។ ប្រើសចូលចិត្តស៊ីដីច្រាប ពិសេសប្រើឈ្មោលដែលកំពុងតែលូតលាស់ស្នែង ប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នះ ដើម្បីគ្រប់គ្រងតំបន់ និងពាក់ញីដែលនៅក្នុងហ្វូងរហូតដល់ ៨ក្បាល។ ប្រើសញីកើតកូនម្តងតែ១ បន្ទាប់ពីពពោះរយៈពេល ៨ខែ។
រប៉ាយរស់នៅ៖ ប្រភេទនេះមានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាននៃប្រទេសកម្ពុជា។ គេក៏បានរកឃើញផងដែរនៅប្រទេសឥណ្ឌា ប្រទេសចិន និងតំបន់ភូមិភាគអាស៊ីអាគ្នេហ៍ រួមទាំង កោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។
ស្ថានភាពអភិរក្ស៖ ប្រើសជាប្រភេទស្ថិនក្នុងក្រុមមានដោយបង្គួរ។ ប្រភេទនេះកំពុងទទួលរងគ្រោះថ្នាក់ដោយសារការបរបាញ់សាច់ ស្នែង ស្បែក និងឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម។ ប្រើសត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (LR) ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។
© រក្សាសិទ្ធិដោយ thmeythmey.com