កីឡាជាតិ
ជាតិ
បឹងកេតអង្គរ បានជើងឯករងនៃពានរង្វាន់ Toyota Mekong Club Championship 2015
×
ក្រុមបឹងកេតអង្គររបស់កម្ពុជាទទួលបានជើងឯករងក្រោយចាញ់ក្រុមខ្លាំង Buriram United របស់ប្រទេសថៃ ១-០ នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 ដោយបាល់ពិន័យប៉េណាល់ទី ១១ម៉ែត្រ ។
កីឡាករអន្តរជាតិវេណេស៊ុយអេឡា Andress Jose Tunez Arceo របស់ក្រុម Buriram United បានស៊ុតបាល់បញ្ចូលទី១គ្រាប់នាំមុខក្រុមបឹងកេតអង្គរនៅនាទី៦៧ក្នុងតង់ទី២ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ។
មួយគ្រាប់របស់ Andress គឺកើតឡើងដោយសារ កីឡាករបឹងកេត Debiro Dzarma Bata បានទាក់ជើងកីឡាករ Diogo Luis Santo នៅក្នុងតំបន់គ្រោះថ្នាក់ ក្រោយមានការសម្រុកខ្លាំងតាំងពីដើមតង់ទីមួយពីសំណាក់ក្រុម Buriram មកលើក្រុមបឹងកេត។
បឹងកេតមានឱកាសតិចតួចប៉ុណ្ណោះក្នុងការបញ្ជូនបាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់ Buriram ដោយត្រូវបានស្កាត់បាល់ពីខ្សែការពាររបស់ក្រុមនេះ។
ទោះបានត្រឹមជើងឯករងក៏ដោយ ក្រុមបឹងកេតអង្គរ បានបង្កើតកំណត់ត្រាដ៏អស្ចារ្យដោយបំបាក់ក្រុមឡាវ Lao Toyota ២-០ និងក្រុមមីយ៉ាន់ម៉ារ Yangon United ៣-០ នៅវគ្គជម្រុះ ហើយបានទម្លាក់ក្រុមជើងឯកវៀតណាម និងជាម្ចាស់ការពារតំណែងជើងឯក Becamex Binh Duong ៣-២ ផងដែរនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាទីក្រុមហាណូយក្នុងពានរង្វាន់ Toyota Mekong Club Championship 2015 នេះ។
នេះជាការប្រកួតជាប្រវត្តិសាស្ត្ររបស់ក្រុមបឹងកេតផងដែរ បើទោះបីចាញ់ក្រុមខ្លាំង Buriram United ដែលជាម្ចាស់ជើងឯក៥ជំនាន់នៃក្របខណ្ឌកំពូលរបស់ប្រទេសថៃ និងជាក្រុមដែលធ្លាប់មានប្រវត្តិបំបាក់ក្រុមជើងខ្លាំងមកពីក្របខណ្ឌកំពូលរបស់កូរ៉េខាងត្បូង ចិន និងជប៉ុន ក្នុងព្រឹត្តិការណ៍ AFC Champions League ៕
Tag:
បាល់ទាត់
Toyota Mekong Club
បឹងកេតអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com