កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ បាន​​ជើងឯក​រងនៃពានរង្វាន់ Toyota Mekong Club Championship 2015
21, Dec 2015 , 10:56 am        
រូបភាព
 
​ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា​ទទួល​បាន​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុមខ្លាំង Buriram United  របស់​ប្រទេស​ថៃ ១-០ នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ១១​ម៉ែត្រ ។​


 
​កីឡាករ​អន្តរជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា Andress Jose Tunez Arceo របស់​ក្រុម Buriram United បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​នាំមុខ​ក្រុម​បឹងកេត​អង្គរ​នៅ​នាទី​៦៧​ក្នុង​តង់​ទី​២​ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ ។​
 
​មួយ​គ្រាប់​របស់ Andress គឺ​កើតឡើង​ដោយសារ កីឡាករ​បឹងកេត Debiro Dzarma Bata បាន​ទាក់​ជើង​កីឡាករ Diogo Luis Santo នៅក្នុង​តំបន់​គ្រោះថ្នាក់ ក្រោយ​មានការ​សម្រុក​ខ្លាំង​តាំងពី​ដើមតង់​ទីមួយ​ពី​សំណាក់​ក្រុម Buriram មកលើ​ក្រុម​បឹងកេត​។​
 
​បឹងកេត​មានឱកាស​តិច​តួ​ចប៉ុណ្ណោះ​ក្នុងការ​បញ្ជូន​បាល់​ចូលក្នុង​តំបន់​គ្រោះថ្នាក់​របស់ Buriram ដោយ​ត្រូវបាន​ស្កាត់​បាល់​ពី​ខ្សែការពារ​របស់​ក្រុម​នេះ​។​
 
​ទោះ​បាន​ត្រឹម​ជើងឯក​រង​ក៏ដោយ ក្រុម​បឹងកេត​អង្គរ បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​ដោយ​បំបាក់​ក្រុម​ឡាវ Lao Toyota ២-០ និង​ក្រុម​មី​យ៉ាន់​ម៉ារ Yangon United ៣-០ នៅ​វគ្គ​ជម្រុះ ហើយ​បាន​ទម្លាក់​ក្រុម​ជើងឯក​វៀតណាម និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Becamex Binh Duong ៣-២ ផងដែរ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នាទី​ក្រុម​ហាណូយ​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015 នេះ​។​
 
​នេះ​ជាការ​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បឹងកេតផងដែរ បើទោះបី​ចាញ់​ក្រុម​ខ្លាំង Buriram United  ដែលជា​ម្ចាស់​ជើងឯក​៥​ជំនាន់​នៃ​ក្របខណ្ឌ​កំពូល​របស់​ប្រទេស​ថៃ និង​ជា​ក្រុម​ដែល​ធ្លាប់មាន​ប្រវត្តិ​បំបាក់​ក្រុម​ជើង​ខ្លាំង​មកពី​ក្របខណ្ឌ​កំពូល​របស់​កូរ៉េខាងត្បូង ចិន និង​ជប៉ុន ក្នុង​ព្រឹត្តិការណ៍ AFC Champions League ៕
 

Tag:
 បាល់ទាត់​
  Toyota Mekong Club
  បឹងកេត​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com