កីឡាជាតិ
ជាតិ
កែវ រំចង់ នឹងធ្វើដំណើរឆ្លងដែនដើម្បីសងសឹក Iquezang នៅ Thai Fight ប្រទេសថៃ
×
កីឡាករចិត្តសឿង កែវ រំចង់ នឹងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដើម្បីសងសឹកជាមួយកីឡាករ Iquezang Kor Rungthanakeat នៅថ្ងៃទី៣១ ខែធ្នូ ក្នុងកម្មវិធី Thai Fight ប្រទេសថៃ។
កីឡាករ កែវ រំចង់ នឹងបង្ហាញវត្តមានជាលើកទី៤របស់ខ្លួនក្នុងកម្មវិធី Thai Fight នៅប្រទេសថៃ នៅថ្ងៃទី៣១ ខែធ្នូ ដើម្បីសងសឹកជាមួយដៃគូចាស់ Iquezang Kor Rungthanakeat ដែលខ្លួនបានចាញ់ដោយពិន្ទុទាំងមិនអស់ចិត្តនៅក្នុងកម្មវិធី Thai Fight ប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅនេះ។
លោក កែវ សំអាង ជាគ្រូបង្វឹក និងជាឪពុកបង្កើតកីឡាករ កែវ រំចង់ បានឱ្យដឹងថា បច្ចុប្បន្ន រំចង់ បាននិងកំពុងព្យាយាមហ្វឹកហាត់យ៉ាងសកម្ម និងបានត្រៀមខ្លួនរួចហើយក្នុងការសងសឹកជាមួយ Iquezang នៅថ្ងៃនោះ។ ជាមួយគ្នានេះដែរ លោកគ្រូបង្វឹកម្នាក់នេះបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថានៅក្នុងជំនួបលើកនេះ រំចង់ នឹងអាចយកឈ្នះលើគូប្រកួតរបស់គេ។
លោក កែវ សំអាង បញ្ជាក់ថា៖«រំចង់ លើកនេះបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងជាពិសេសខ្ញុំបានបន្ថែមបច្ចេកទេសបំបែកឯកត្តកម្ម ហើយពេលនេះរូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការសងសឹកនេះ ចំពោះខ្ញុំសង្ឃឹមលើសមត្ថភាពរំចង់៨០ភាគរយថាឈ្នះ»។
លោក កែវ សំអាង បានឱ្យដឹងទៀតថា កែវ រំចង់ នឹងចេញដំណើរពីកម្ពុជា មុនថ្ងៃគ្រោងទុកនៅថ្ងៃទី២៤ ខែធ្នូ ប៉ុន្តែកម្មវិធីប្រកួតប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ។ ការចេញដំណើរមុនថ្ងៃនេះដែរ ដោយសារតែ រំចង់ ជាគូស្ថិតនៅលំដាប់គូឯកនៃការដណ្តើមពានរង្វាន់ ជាពិសេសដើម្បីធ្វើកិច្ចសម្ភាសន៍នៅថ្ងៃទី២៥ ខែធ្នូផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com