ព័ត៍មានសុខភាព
តែនិងកាហ្វេ មួយណាល្អជាង?
× សំណួរនេះបានលេចចេញឡើងរវាងគូសង្សារមួយគូ ដែលម្នាក់ចូលចិត្តញ៉ាំតែហើយម្នាក់ទៀតចូលចិត្តញ៉ាំកាហ្វេ ហើយបានជជែកគ្នាយកឈ្នះតែរៀងៗខ្លួន។
តាមពិតទៅ វាហាក់ដូចជាពិបាកនឹងធ្វើការវិនិច្ឆ័យថាមួយណាល្អជាងមួយណា ណាស់។ ទាំងតែទាំងកាហ្វេ សុទ្ធតែមានផលល្អនិងផលអាក្រក់តែរៀងៗខ្លួន។
ចំពោះតែ
ផលល្អ៖ តែសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលប្រឆាំងនឹងការរលាក ហើយជួយការពារសរសៃឈាមមិនឱ្យឡើងរឹងបាន។ អ្នកញ៉ាំតែកម្រនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺបេះដូង ណាស់។ តែក៏អាចជួយឱ្យខួរក្បាលមានដំណើរការល្អបានថែមទៀត។ មានការសិក្សាមួយដែលបានបង្ហាញថា ចាស់ៗដែលញ៉ាំតែបៃតងលើសពី២ពែងក្នុង១ថ្ងៃ មើលទៅមិនសូវឃើញចាស់ទេ។ ហើយអ្នកដែលញ៉ាំតែទៀងទាត់ក៏មានឆ្អឹងរឹងមាំ ផងដែរ។
ផលអាក្រក់៖ តែធ្វើឱ្យធ្មេញខ្មៅ។ ផលអាក្រក់មួយទៀត គឺជាតិ tanins របស់តែរារាំងមិនឱ្យមានការស្រូបបឺតយកជាតិដែកពីចំណីអាហារ។ ការសិក្សាមួយនៅក្នុងឆ្នាំ១៩៨២បានបង្ហាញឱ្យដឹងថា ការញ៉ាំតែក្នុងពេលញ៉ាំអាហារបានកាត់បន្ថយការស្រូបបឺតយកជាតិដែកដល់ទៅ៦២% ដែលការកាត់បន្ថយនេះមានតែ៣៥%ប៉ុណ្ណោះចំពោះកាហ្វេ។ ម្យ៉ាងទៀត តែក៏មានជាតិកាហ្វេអ៊ីនដែរ គ្រាន់តែថាវាមានតិចជាងកាហ្វេ គឺក្នុងតែ១ពែងចំណុះប្រមាណជា១ភាក៤លីត្រមានកាហ្វេអ៊ីនពី១៤ទៅ៧០ក្រចំពោះតែខ្មៅ និង២៣ទៅ៤៥ក្រចំពោះតែបៃតង ចំណែកឯកាហ្វេវិញមានដល់ទៅ៩៥ទៅ២០០ក្រ។
គន្លឹះក្នុងការញ៉ាំតែ៖
រឿងដែលសំខាន់គឺកុំថែមជាតិផ្អែម នៅពេលញ៉ាំតែ។ តែអាចញ៉ាំក្តៅក៏បាន ត្រជាក់ក៏បាន ហើយបើចង់ឱ្យផ្អែម គួរដាក់ទឹកផ្លែឈើថែមពីលើវិញ។ បើដាក់ថែមខ្ញីឬម៉ង់តុល រឹតតែល្អ ព្រោះវាជួយធ្វើឱ្យលក្ខណៈរបស់អង់ទីអុកស៊ិដង់កាន់តែប្រសើរឡើង។
ចំពោះការរារាំងការស្រូបបឺតយកជាតិដែក បើសិនជាអ្នកមិនតមសាច់ទេ វាមិនជាអ្វីទេ។ អ្នកអាចទទួលជាតិដែកពីសាច់ មាន់ទា និងត្រីបានដែរ។ តែបើអ្នកមិនញ៉ាំសាច់ទេ អ្នកត្រូវញ៉ាំរុក្ខជាតិដែលមានជាតិដែកជាមួយនឹងប្រភពវីតាមីនសេណាមួយ ដូចជាម្ទេស ប្រូកូលី ផ្កាស្ពៃ និងស្ត្របេរីជាដើម។
កាហ្វេ
ផលល្អ៖ ព័ត៌មានល្អអំពីកាហ្វេចេះតែមានមកហើយ។ ការសិក្សាថ្មីៗមួយរបស់សាកលវិទ្យាល័យហាដវ័តបានប្រាប់ឱ្យដឹងថា អ្នកដែលញ៉ាំកាហ្វេពី៣ទៅ៥ពែងក្នុង១ថ្ងៃៗ មានអាយុវែងជាងអ្នកដែលមិនញ៉ាំឬញ៉ាំតិចតួច។ កាហ្វេក៏សម្បូរទៅដោយអង់ទីអុកស៊ីដង់ ហើយការពារមិនឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺParkinson’s និងជំងឺមហារីកខ្លះផងដែរ។
ផលអាក្រក់៖ កាកកាហ្វេដែលមិនបានច្រោះចេញ (មាននៅក្នុងកាហ្វេដែលឆុងទឹកក្តៅភ្លាមៗ និងកាហ្វេ espresso) ធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលកើនឡើងបន្តិចម្តងៗ។ ម្យ៉ាងទៀត កាហ្វេមានអាស៊ីតច្រើនជាងតែ ដូច្នេះបើមានជំងឺក្រពះ គួរតែញ៉ាំតែវិញល្អជាង។ ចំណុចមួយទៀត គឺកាហ្វេធ្វើឱ្យដង់ស៊ីតេឆ្អឹងថយចុះ ថ្វីបើមិនមានការបញ្ជាក់ថាធ្វើឱ្យឆ្អឹងងាយបាក់យ៉ាងណាក្តី។
ផលអាក្រក់ចុងក្រោយរបស់កាហ្វេគឺជាតិកាហ្វេអ៊ីន ដែលមានច្រើនជាងនៅក្នុងតែ។ ជាតិកាហ្វេអ៊ីននេះគឺជាកត្តាភ្ញោចមួយ ដែលអាចបង្កជំងឺសរសៃប្រសាទបាន។ ហើយបើសិនជាអ្នកមានសម្ពាធឈាមខ្ពស់ស្រាប់ អ្នកត្រូវតែកាត់បន្ថយកាហ្វេហើយ ព្រោះវាងាយនឹងធ្វើឱ្យឡើងឈាមណាស់។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com