កីឡាជាតិ
ជាតិ
ក្រុម​អាណាចក្រ​បៃតង​ក្លាយជា​ជើងឯក​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៥
27, Dec 2015 , 2:45 pm        
រូបភាព
ដោយ:
​ក្រុម​អាណាចក្រ​បៃតង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Soccer League លើក​ទី​៣ ក្រោយពី​យកឈ្នះ​លើ​ក្រុមយុវជន វ៉ិ​ច​តូ​រី អែ​ហ្វ​ស៊ី ដោយ​លទ្ធផល ១-០  នា​ការប្រកួត​កាលពី​ថ្ងៃទី​២៦ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ការប្រកួត​ពានរង្វាន់​ជើងឯក Soccer League លើក​ទី​៣​ប្រចាំឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​។



​ក្នុង​រយៈពេល​ប្រកួត​៩០​នាទី ក្រុម​ទាំង​ពីរបាន​ប្រកួត​យ៉ាង​ស្វិតស្វាញ ដោយ​មិនមាន​គ្រាប់​ស៊ុត​បញ្ចូល​ទីនោះ​ទេ លុះដល់​នាទី​ថែម​បង្គ្រប់​ចុងក្រោយ ទើប​កីឡាករ សេង ស័ង្ខ​រតនា រកបាន​មួយ​គ្រាប់​ជួយ​ឲ្យ​ក្រុម​អាណាចក្រ​បៃតង ទទួល​ជ័យជម្នះ​លើ​ក្រុម យុវជន វ៉ិ​ច​តូ​រី អែ​ហ្វ​ស៊ី​។​

​ក្រុម​អាណាចក្រ​បៃតង​ដែលជា​ម្ចាស់​ជើងឯក​ទទួលបាន​ពាន ១ អម​ជាមួយ​មេដាយមាស ២៥​គ្រឿង និង​ទឹកប្រាក់​១០​លាន​រៀល​។ ចំណែក​ជើងឯក​រង​ទទួលបាន​មេដាយប្រាក់ ២៥​គ្រឿង​អម​ជាមួយនឹង​ទឹកប្រាក់​ចំនួន​៧​លាន​រៀល​។  ចំណែក​ក្រុម​ចំណាត់​លេខ ៣ គឺ​ក្រុមយុវជន ក​.១២ ទទួលបាន​មេដាយសំរិទ្ធ ២៥​គ្រឿង និង​ទឹកប្រាក់​៧​លាន​រៀល​។​

​ចំណែក​ក្រុមយុវជន​កំពង់ចាម បាន​ជាប់​ជា​ក្រុម Fair Play ដោយ​ទទួលបាន​ប្រាក់រង្វាន់​១​លាន​រៀល ខណៈ​កីឡាករ សេង ស័ង្ខ​រតនា ជាប់​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ដោយ​ទទួលបាន​ប្រាក់រង្វាន់​១​លាន​រៀល ចំណែក​អ្នកចាំទី នួន វាសនា របស់​ក្រុមយុវជន ក​.១២ បាន​ជាប់​ជា​អ្នកចាំទី​ល្អ ទទួលបាន​ទឹកប្រាក់​១​លាន​រៀល​៕      


Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com