អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង់គ្លេស​បន្ថែម​ទ័ព​ទៅ​សង្គ្រោះ​តំបន់​ភាគ​ខាងជើង​កំពុង​ជួប​ទឹកជំនន់​ធ្ងន់ធ្ងរ​
28, Dec 2015 , 4:35 pm        
រូបភាព
​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជូន​ទ័ព​ជាច្រើន​ទៅកាន់​តំបន់​ភាគ​ខាងជើង​ទៅ​សង្គ្រោះ​ប្រជាជន​នៅ​តំបន់ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ដែល​មិន​ធ្លាប់មាន​ពីមុន​។ ប្រជាជន​ជាច្រើន​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង ខណៈ​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ York  បាន​លិចលង់​ដោយ​ទឹកជំនន់​ដែរ​។


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ 

 
​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មឺ​រ៉ូ​ន បានប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅកាន់​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​។ លោក ខេ​មឺ​រ៉ូ​ន ប្រកាស​ដូចនេះ ក្រោយពេល​ប្រជុំ​បន្ទាន់​ជាមួយ​គណៈកម្មាធិការ​សង្គ្រោះ COBRA ជុំវិញ​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​កំពុង​ក្លាយជា​បញ្ហា​ធំ​នៅក្រោយ​បុណ្យ Christmas ។ 
 
​សារព័ត៌មាន​ជាច្រើន​របស់​អង់គ្លេស​បាន​ចុះផ្សាយ​ថា លោក ខេ​មឺ​រ៉ូ​ន នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​លិចលង់​ក្នុង​ទីក្រុង York ខណៈដែល​ទឹកទន្លេ​បាន​ពេញប្រៀប​ច្រាំង ហើយ​ក្រុម​សង្គ្រោះបន្ទាន់​កំពុងតែ​ញាប់​ដៃជើង​ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន ។ ទីក្រុង​ឧស្សាហកម្ម​នៅ​តំបន់ Leeds និង Manchester  ក៏ដូចជា​ទីក្រុង​តូចៗ​ដែល​នៅ​ជុំវិញ​នោះ ក៏បាន​លិចលង់​ដោយ​ទឹកជំនន់​ផងដែរ​។    
 
​នៅក្នុង​ទីក្រុង York  មាន​ទីតាំង​ប្រហែល​៣៥០០​កន្លែង ដែល​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​មជ្ឈមណ្ឌល​ពិសេស​ត្រូវបាន​បង្កើតឡើង​ជាទី​ជម្រក​សម្រាប់​អ្នក​ដែល​ភៀសខ្លួន​ចេញពី​ទឹកជំនន់​។ ផ្ទះសម្បែង​ច្រើនជាង​៧​ពាន់​ខ្នង នៅ​Greater Manchester និង Lancashire បាន​ដាច់​ចរន្តអគ្គិសនី​ទាំងអស់​។ ចំណែកឯ​ក្នុង​ទីក្រុង Rochdale អាជ្ញាធរ​បានស្នើ​សុំ​ឲ្យ​ប្រជាជន​បិទ​ភ្លើង​ដែល​ប្រើប្រាស់​សម្រាប់​បុណ្យ Christmas ដើម្បី​ជួយ​សន្សំសំចៃ​អគ្គិសនី ។​
 
​លើសពីនេះ កងទ័ព​ចំនួន​២០០​នាក់ ត្រូវបាន​បញ្ជូនទៅ​ជួយ​កងទ័ព​ចំនួន​៣០០​នាក់​ផ្សេងទៀត​ដែល​កំពុង​ជួយ​តំបន់​ដែល​រងគ្រោះ​ស្រាប់​។ កងទ័ព​ទាំងអស់ នឹង​សហការ​ជាមួយ​ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នកស្ម័គ្រចិត្ត ដែល​កំពុងធ្វើការ ចាប់តាំងពី​មានការ​ព្យាករណ៍​ពី​កម្រិត​ទឹកភ្លៀង​មក​។ មួយវិញទៀត កងទ័ព​១​ពាន់​នាក់ ក៏ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការ​ប្រុង​ជើងការ​ខ្ពស់ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍ បើសិន​ស្ថានភាព​ទឹកជំនន់​កាន់តែ​អាក្រក់​។​
 
​ការព្រមាន​ពី​ទឹកជំនន់​របស់​អាជ្ញាធរ​មាន​រហូតដល់​ទៅ ២០០​លើក​ហើយ ដែល​ត្រូវបាន​គេ​ប្រកាស​នៅ​អង់គ្លេស និង​វេ​ល ។ ក្នុងចំណោម​ការព្រមាន​ទាំងអស់ មានការ​ព្រមាន​ចំនួន​២៤​លើក ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​។
 
​បើតាម​អ្នក​ព្យាករណ៍​ធាតុអាកាស កម្រិត​ទឹកទន្លេ​នឹង​បន្ត​កើនឡើង មុនពេល​ស្រក​ចុះ​នៅ​ចុង​សប្ដាហ៍​នេះ​។ មានន័យថា ទឹកជំនន់ នឹង​បន្ត​យាយី​ទីតាំង​មួយចំនួន​នៅក្នុង​សប្ដាហ៍​នេះ​ទៀត​៕ 
    
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com