អន្តរជាតិ
បេក្ខជនប្រធានាធិបតីតៃវ៉ាន់ទាស់សម្ដីគ្នារឿងទំនាក់ទំនងជាមួយចិន
× បេក្ខជនប្រធានាធិបតីកោះតៃវ៉ាន់បានបង្ហាញពីជំហរមិនត្រូវគ្នាចំពោះគោលនយោបាយជាមួយចិន ខណៈបេក្ខជនមកពីបក្សប្រឆាំងបានរិះគន់បក្សកាន់អំណាចថា បានទោរទន់ខ្លាំងទៅលើចិន ។ ប្រធានបទនៃទំនាក់ទំនងជាមួយចិនបានគ្រប់ដណ្ដប់វេទិកាជជែកវែកញែកលើកដំបូងរវាងបេក្ខជនប្រធានាធិបតី នៅមុនការបោះឆ្នោតខែមករាខាងមុខនេះ។
បេក្ខជនប្រជែងតំណែងប្រធានាធិបតីកោះតៃវ៉ាន់បានប៉ះទង្គិចសម្ដីគ្នាលើបញ្ហាទំនាក់ទំនងជាមួយចិន នៅចំពេលដែលទំនាក់ទំនងចិន-តៃវ៉ាន់ ហាក់មានភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ ។ ហើយទំនាក់ទំនងនេះត្រូវបានបក្សប្រឆាំងរិះគន់ថា ជាសញ្ញាបញ្ចូលឥទ្ធិពលរបស់ចិនមកលើកោះតៃវ៉ាន់។
ក្នុងពេលជជែកដេញដោលតាមទូរទស្សន៍ លោកស្រី Tsai Ing-wen ជាបេក្ខជនមកពីបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាបក្សប្រឆាំងបានថ្លែងរិះគន់បក្សគួរមីនតាំង (KMT) ដែលកំពុងកាន់អំណាចថា បានពឹងផ្អែកលើចិនខ្លាំងពេក ។ បេក្ខជនដែលរំពឹងថានឹងឈ្នះ ឆ្នោតនៅខែមករារូបនេះនិយាយថា៖« យើងចាំបាច់មានទំនាក់ទំនងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងអស់ មិនមែនពឹងតែចិនមួយនោះទេ» ។ ជាមួយគ្នានោះ លោកស្រីក៏បានវាយប្រហារបក្សកាន់អំណាចដែលបានទុកជម្រើសតែមួយឲ្យប្រជាជនតៃវ៉ាន់។
យ៉ាងណាក៏ដោយ លោកស្រី Tsai Ing-wen ក៏បានបញ្ជាក់ដែរថា ប្រសិនបើលោកស្រីឈ្នះឆ្នោតនោះ លោកស្រីនឹងមិនធ្វើឲ្យទំនាក់ទំនងជាមួយចិនល្អក់កករនោះទេ ដោយលោកស្រីនិយាយថា អ្វីៗសុទ្ធតែអាចនិយាយគ្នាបាន ។ ជាការឆ្លើយតប បេក្ខជនប្រធានាធិបតីមកពីបក្សកាន់អំណាច លោក Eric Chu ក៏បានថ្លែងរិះគន់បេក្ខជនបក្សប្រឆាំងចំពោះនយោបាយ មិនច្បាស់លាស់ជាមួយចិន និងបានការពារគោលនយោបាយខ្លួនជាមួយចិន ។ លោក Chu បញ្ជាក់ថា ចិនមិនមែនជាជម្រើសតែមួយរបស់តៃវ៉ាន់ទេ តែយើងក៏មិនត្រូវប្រឆាំងរាល់អ្វីដែលទាក់ទងនឹងចិនដែរ។
ចំណែកបេក្ខជនទី៣ លោក James Soong មកពីបក្សប្រជាជនទីមួយ ដែលមានគោលនយោបាយល្អជាមួយចិន ហាក់បង្ហាញជំហរកណ្ដាលក្នុងការជជែកដេញដោលនេះ ។ លោកលើកឡើងថា ចិននិងតៃវ៉ាន់ គួរតែស្វែងរកចំណុចរួមជាមួយគ្នា តែបានទទូចឲ្យចិនគោរពអធិបតេយ្យរបស់តៃវ៉ាន់។
គួរបញ្ជាក់ថា ភាពភ័យខ្លាចនៃការសាយភាយឥទ្ធិពលចិនចូលមកទឹកដីកោះតៃវ៉ាន់ មានការកើនឡើងខ្លាំងក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីចប់អាណត្តិលោក Ma Ying-jeou ជាពិសេសនោះ គឺក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងរូបលោកនិងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅសិង្ហបុរីកាលពីខែវិច្ឆិកា ។ ហើយនេះគឺជាមូលហេតុដែលនាំឲ្យគណបក្សគួរមីនតាំងធ្លាក់ប្រជាប្រិយ ខណៈបក្សប្រឆាំងឆ្លៀតឱកាសនោះវាយសំពងបន្ថែមលើគោលនយោបាយទន់ភ្លន់ជាមួយចិនដែលប្រជាជនតៃវ៉ាន់ភាគច្រើនមិនសូវសប្បាយចិត្តនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com