អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចាប់ពី​ឆ្នាំ​២០១៦ ប្រជាជន​ចិន​អាចមាន​កូន​ពីរ​នាក់​បាន​ហើយ​
29, Dec 2015 , 7:19 am        
រូបភាព
 
 
​កន្លងមក​ចិន​បានបញ្ចប់​គោលនយោបាយ​កូន​តែមួយ​របស់ខ្លួន​ជា​ផ្លូវការ ហើយ​អនុញ្ញាត​ឲ្យ​ប្រជាជន​ចិន​អាច​មានកូន​២​នាក់​ចាប់ពី​ឆ្នាំ​២០១៦​តទៅ ។ សមាជិកសភា​ចិន​បានអនុម័ត​ច្បាប់​នេះ ដែល​វា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​បង្កើន​កម្លាំង​ពលកម្ម​ក្នុងប្រទេស ខណៈដែល​ចំនួន​មនុស្ស​ចាស់​មានការ​កើនឡើង​យ៉ាងខ្លាំង​ជាហេតុ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំកន្លងមក​។

 
​គណៈកម្មាធិការ​កណ្ដាល​នៃ​សភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី​២៧ ខែធ្នូ កន្លងមក បានអនុម័ត​ច្បាប់​ស្ដី​ប្រជាជន​និង​ផែនការ​គ្រួសារ ដោយ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ចិន​មានកូន​ពីរ​នាក់​។ ហើយ​ច្បាប់​នេះ​ទៀតសោត នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ ។ នេះ​មានន័យថា នយោបាយ​កូន​តែមួយ​របស់​បក្ស​កុម្មុយនីស្ត​ចិន បានមក​ដល់ទី​បញ្ចប់​ហើយ​។ 
 
​ការលុបចោល​នយោបាយ​កូន​មួយ​របស់​ចិន​នៅពេលនេះ ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​ក្នុងការ​ជំរុញ​ឲ្យ​មាន​កំណើន​កម្លាំង​ពលកម្ម​ឡើងវិញ  ព្រោះ​ចំនួន​នេះ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង តែ​ចំនួន​មនុស្ស​ចាស់​បែរជា​ការកើនឡើង​ទៅវិញ​។ ដូច​ឃើញស្រាប់ មនុស្ស​មាន​អាយុ​លើស​៦០​ឆ្នាំ មាន​ដល់​ទៅ​៤០០​លាន​នាក់​ទៅហើយ ។ រឿងនេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ឈឺក្បាល​ខ្លាំង ដោយសារ​តែមាន​បន្ទុក​ច្រើន​ចំពោះ​ការថែទាំ​មនុស្ស​ចាស់ ហើយ​ចិន​ក៏​កំពុងតែ​ព្យាយាម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ទៀត​។ 
 
​សូម​រម្លឹកថា គោលនយោបាយ​កូន​មួយ​ដែល​បាន​អនុវត្ត​តាំងពី​ទសវត្ស​វ៍​១៩៧០​នោះ បានអនុញ្ញាត​ឲ្យ​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មានកូន​តែមួយ​ប៉ុណ្ណោះ ។ ហើយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ នយោបាយ​រឹតត្បិត​នេះ​បាន​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្លា ។ យ៉ាងណាក៏ដោយ ច្បាប់​នេះ​បាន​បំបិទ​សេរីភាព​ប្រជាជន​ចិន​យ៉ាងខ្លាំង ដោយសារតែ​មានការ​ពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​ល្មើស​នឹង​នយោបាយ​នេះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​តក់ស្លុត​នោះ នយោបាយ​នេះ​បង្ក​ឲ្យ​មានការ​រើសអើង​ក្នុងចំណោម​ប្ដី​ប្រពន្ធ ។ នេះ​ក៏​ដោយសារតែ ប្ដី​ប្រពន្ធ​ខ្លះ​សម្រេចចិត្ត​រំលូត​កូនស្រី​ចោល ពី​ព្រោះតែ​ប្រពៃណី​ចិន​ដែល​និយម​ឲ្យ​តម្លៃ​តែ​លើ​កូនប្រុស​ជាង​កូនស្រី ហើយ​រឿងនេះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​យ៉ាងខ្លាំង​។ 
 
​ជា​លទ្ធផល​នោះ ប្រជាជន​ចិន​មានការ​កើនឡើង​ខ្លាំង​រហូតដល់​ជិត​១.៥​ពាន់​លាន​នាក់ ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក ។ ជាមួយគ្នានេះ កំណើន​មនុស្ស​ចាស់​ក៏​រហ័ស​ដែរ ដែល​ប៉ះពាល់​ខ្លាំង​ដល់​កម្លាំង​ពលកម្ម​ក្នុងប្រទេស ។  
 
​ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​កង្វះ​ពលកម្ម​នេះហើយ ទើប​រដ្ឋាភិបាល​ចិន​ប្រកាស​គោលនយោបាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្ដី​ប្រពន្ធ​ជន​ជាត​ចិន​មានកូន​ពីរ​នាក់​កាលពី​ខែតុលា​កន្លងទៅ ។ ហើយ​ទើបតែ​ពេលនេះ សភា​ចិន​អនុម័ត​ច្បាប់​នេះ​ជា​ផ្លូវការ និង​វា​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១ មករា​តទៅ​ដែរ​៕     

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com