អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រៀម​ចាប់ផ្តើម​ចរចា​ជាមួយ​ក្រុម​តា​លី​បង់​វិញ​
29, Dec 2015 , 7:39 am        
រូបភាព
 
​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​ឯកភាព​គា្ន​កាលពី​ថ្ងៃអាទិត្យ ទី ២៧ ខែធ្នូ ​ថា​នឹង​​ជួប​ជជែក​ជាមួយ​ភាគី​អាមេរិក​និង​ចិន​នៅ​ខែក្រោយ ដើម្បី​ឈានទៅ​ចាប់ផ្តើម​ការចរចា​សន្តិ​ភាព​ឡើងវិញ​ជាមួយ​ក្រុម​តា​លី​បង់​។ ការសម្រេច​បែបនេះ​កើតឡើង​ក្រោយពេល​ប្រមុខ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប៉ា​គី​ស្ថាន​ទៅ​ទស្សនកិច្ច​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​ប្រមុខ​យោធា​ប៉ា​គី​ស្ថាន​លោក Raheel Sharif បាន​ឯកភាព​ជាមួយ​មេដឹកនាំ​អា​ហ្វ​ហ្កា​នី​ស្ថាន កាលពី​ថ្ងៃអាទិត្យ​ទី ២៧ ខែធ្នូ ម្សិលមិញ​ក្នុងពេលដែល​លោក​ទៅ​ទស្សនកិច្ច​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​ថា​ប្រទេស​ទាំងពីរ​នឹង​ចាប់ផ្តើម​ការចរចា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ឡើងវិញ​។ ក្នុងជំនួប​នេះ​គេ​ឃើញ​មាន​វត្តមាន ប្រមុខរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន​លោក Ashraf Ghani និង​នាយករដ្ឋមន្ត្រី​លោក Abdullah Abdullah ផងដែរ​។​
 
​មេទាហាន​ប៉ា​គី​ស្ថាន​និង​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​លោក Ashraf Ghani  បានបញ្ជាក់​ផងដែរ​ថា អ្នក​ទាំងពីរ ត្រៀម​ជួប​ជាមួយ​ភាគី​អាមេរិក និង​ចិន នៅ​ខែក្រោយ ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ជុំវិញ​ការស្តារ​ឡើងវិញ​នូវ​ការចរចា​សន្តិភាព​ជាមួយ ក្រុម​តា​លី​បង់​។  កន្លងមក​កិច្ចចរចា​សន្តិភាព​ត្រូវបាន​គេ​រៀបចំឡើង​ដែរ ហើយ​ប៉ា​គី​ស្ថាន​បាន​ជួយ​ជ្រោមជ្រែង​ដំណើរការ​ចរចា​ដែរ​។ ប៉ុន្តែ​នៅក្នុង​ខែកក្កដា កិច្ចចរចា​នេះ​បាន​ជាប់​គាំ នៅពេលដែល​ក្រុម​តា​លី​បង់​ប្រកាសថា មេដឹកនាំ​ក្រុម​ខ្លួន Mullah Omar ស្លាប់បាត់​បង់ជីវិត​។​
 
​តាំងពី​ឡើងកាន់តំណែង លោក Ghani បាន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការចរចា​សន្តិភាព និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មិត្ត​ជិតខាង ប៉ា​គី​ស្ថាន​នេះ ព្រោះ​ប៉ា​គី​ស្ថាន​ជា​ខ្នងបង្អែក​សំខាន់​របស់​ក្រុម​តា​លី​បង់​តាំងពី​យូរ​មកហើយ​។ មេដឹកនាំ​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ​សង្ឃឹមថា ប៉ា​គី​ស្ថាន​នឹង​ធ្វើជា​ស្ពាន​ឲ្យ​មាន​ការចចារ​សន្តិភាព​រួមគ្នា​រវាង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល និង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​។​
 
​ជុំវិញ​ការសម្រេច​ឯកភាពគ្នា​ជាថ្មី​នេះ ក្លាយជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​មេដឹកនាំ​យោធា​ប៉ា​គី​ស្ថាន​ចាប់ផ្តើម​ចេញមុខ​គាំទ្រ​ដំណើរការ​ចរចា​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​។ ការដោះស្រាយ​បញ្ហា​អសន្តិសុខ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ហើយ​ម្យ៉ាង​កងកម្លាំង​លោកខាងលិច​នៅសល់​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ជួយ​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដើម្បី​រក្សា​សន្តិសុខ​។ ហើយ​ម្យ៉ាងទៀត វត្តមាន​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) កំពុង​ក្លាយជា​កង្វល់​របស់​សហ​គម​ន៍​អន្តរជាតិ​ជាពិសេស​ប្រទេសជិតខាង​ដូចជា​ឥណ្ឌា​ជាដើម​ដែរ​។​
 
​សម្រាប់​ឥណ្ឌា បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​ជា​បញ្ហា​សន្តិសុខ​ស្នូល ដែល​មិនអាច​ព្រងើយកន្តើយ​បានឡើយ​។  ដូចដែល​ឃើញស្រាប់​របប​ដឹកនាំ​ឥណ្ឌា​ចាប់ផ្តើម​លើកឡើង​ពី​បញ្ហា​អស្ថិរភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុងជំនួប​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ពេល​លោក​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​រុស្ស៊ី​។ 
 
​កាលពី​ថ្ងៃ​សុក្រ​ថ្ងៃ ២៥ ខែធ្នូ នេះ​ទៀត គេ​ឃើញ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​សម្ភោ​ធ​អាគារ​សភា​ថ្មី​ដែល​ឥណ្ឌា​សង់​ជូន​។ លោក​បានបញ្ជាក់​ច្បាស់​ប្រាប់​មេដឹកនាំ​អា​ហ្វ​ហ្កា​នី​ស្ថាន​ថា ឥណ្ឌា​នឹង​ជួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ក្នុងប្រទេស ហើយ​លោក​ស្នើ​ទៅ​បណ្តា​ប្រទេសជិតខាង​ទាំង​ប៉ា​គី​ស្ថាន​និង​អ៊ីរ៉ង់​ផង​នោះ​ឲ្យ​ចូលរួម​គាំទ្រ​ការកសាង​សន្តិភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​៕
 
 
 

Tag:
 តា​លី​បង់​
  ប៉ា​គី​ស្ថាន​
 ​អា​ហ្វ​ហ្កា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com