អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ជប៉ុន​-​កូរ៉េ​ខាង​ត្បូង ជួយ​អាមេរិក​ពង្រឹង​ឥទ្ធិពល​នៅ​អាស៊ី​
29, Dec 2015 , 3:52 pm        
រូបភាព
 
​សម្ព័ន្ធមិត្ត​អាមេរិក​ចំនួន​ពីរ​គឺ ជប៉ុន​និង​កូរ៉េខាងត្បូង​បានសម្រេច​ជា​ប្រ​វ​តិ្ត​សាស្ត្រ​លើ​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​កូរ៉េខាងត្បូង​ដែល​ត្រូវ​ទាហាន​ជប៉ុន​បង្ខំ​កាលពី​សង្គ្រាមលោកលើកទី​២ ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ទំនាក់ទំនង​ជប៉ុន​-​កូរ៉េខាងត្បូង​នឹង​កាន់តែ​រីកចម្រើន និង​ជិតស្និទ្ធ ហើយ​ឥទ្ធិពល​អាមេរិក នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ដើម្បី​ទប់ទល់​នឹង​អំណាច​របស់​ចិន ក៏ដូចជា​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ផងដែរ ។​

 
​នៅ​ទីបំផុត ជប៉ុន និង​កូរ៉េខាងត្បូង សម្រេចបាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រី​ទាសករ​កូរ៉េខាងត្បូង​ដែល​ត្រូវ​ទាហាន​ជប៉ុន​ធ្វើបាប​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ ជប៉ុន​ព្រម​បង់​សំណង​ជំងឺ​ចិត្ត ៨.៧​លាន​ដុល្លារ​អាមេរិក ដល់​ជនរងគ្រោះ និង​ទទួលស្គាល់ថា​វា​ជាការ​ទទួលខុសត្រូវរ​បស់​ខ្លួន​។​
 
​តាមពិតទៅ ការឈាន​មកដល់​កិច្ចព្រមព្រៀង​នេះ ក៏​ដោយសារតែ​មានការ​ជំរុញ​ពី​សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​ប្រទេស​ទាំងពីរ​ផងដែរ ។ គេ​ប្រហែលជា​ចាំបាន​ថា កាលពី​ខែ​មិនា ឆ្នាំ​២០១៤ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់បាន​បញ្ចុះបញ្ចូល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក ហ្គ​ន​ហេ (Park Geun Hye) ឲ្យ​យល់ព្រម​លើ​ការចរចា​ត្រីភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស្ហ៊ិ​ន​ហ្សូ អា​បេ (Shinzo Abe)   តែ​លោកស្រី ផាក បាន​បដិសេធ ។ 
 
​យ៉ាងណាមិញ ក្រោយ​មានការ​ចរចា​ជាសម្ងាត់​មក ជំនួប​ទ្វេភាគី​រវាង​លោកស្រី ផាក​និង​លោក អា​បេ ដែល​បាន​ធ្វើឡើង​នៅឯ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ខែវិច្ឆិកា​កន្លងទៅ បាន​បើកផ្លូវ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​កូរ៉េខាងត្បូង​នៅពេល​នោះដែរ​។ 
 
​ការមើល​មុខ​គ្នា​មិនត្រូវ​របស់​ជប៉ុន និង​កូរ៉េខាងត្បូង​នាពេល​កន្លងមក បានធ្វើ​ឲ្យ​អាមេរិក​មានការ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង ជាពិសេស​គឺ​ចំពេល​ដែល​មហា​យក្ស​ចិន កំពុងតែ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ផងដែរ​នោះ ។ នេះ​មានន័យថា អាមេរិក​ត្រូវតែ​បញ្ចុះបញ្ចូល​ប្រទេស​ទាំងពីរ ងាក​មក​ចរចា​ពង្រឹង​ទំនាក់ទំនង​គ្នា​ឡើងវិញ ។​
 
​អាមេរិក​ដែលមាន​កងទ័ព​ដល់​ទៅ​៧៥០០០​នាក់​នៅ​ជប៉ុន​និង​កូរ៉េខាងត្បូង ពិតជា​ចង់​ឲ្យ​ប្រទេស​ទាំងពីរ​ស្និទ្ធស្នាល​ជាមួយគ្នា ដ្បិត អាមេរិក​អាច​បន្ត​វត្តមាន​ទ័ព​របស់ខ្លួន​ដោយ​ស្រួល និង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ។  ពេលនេះ អាមេរិក​ដែល​កំពុង​លូកដៃ​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ពិតជា​ត្រូវការ​យ៉ាង​ចាំបាច់​នូវ​ការគាំទ្រ​ពី​សំណាក់​រដ្ឋា​ភិ បាល​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងការ​ទប់ទល់​ជាមួយ​ឥទ្ធិពល​ចិន​ក្នុង​តំបន់ ។ 
 
​ក្រៅពីនេះ ការ​ខិតចូល​កាន់តែ​ជិត​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង នឹង​ក្លាយជា​សម្ពាធ​ថ្មី​មួយទៀត​សម្រាប់​កូរ៉េខាងជើង ក្នុងករណី​ការចរចា​កម្មវិធី​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​តាំងពី​ឆ្នាំ​២០០៩​មក ។ ការឯកភាព​គ្នា​រវាង​ជប៉ុន កូរ៉េខាងត្បូង​ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ដល់​អាមេរិក ក្នុងការ​ប្រឈមមុខ​នឹង​ចិន​ដែល​នៅក្រោយ​កូរ៉េខាងជើង​រហូតមក ។ ដូច្នេះហើយ បានជា​លោក អូ​បា​ម៉ា តែង​ប្រាប់​លោកស្រី​ផាក និង​លោក អា​បេ ឲ្យ​ទុក​ការមិនចុះសម្រុង​គ្នា​ដោយឡែក​សិន ហើយ​បន្ត​ទំនាក់ទំនង​ល្អ​ទៅមុខ​៕
 
 
 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com