អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងទ័ព​អ៊ីរ៉ាក់ រំដោះ​ទីក្រុង​រ៉ា​ម៉ា​ឌី ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម​ទាំងស្រុង​ហើយ​
29, Dec 2015 , 4:00 pm        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​អ៊ីរ៉ាក់ បានប្រកាស​ពី​ជោគជ័យ​ក្នុង​ការរំដោះ​ទីក្រុង រ៉ា​ម៉ា​ឌី (Ramadi) ពី​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ (Daesh) ក្រោយពេល​ប្រយុទ្ធ​គ្នា​អស់​ជាច្រើន​ខែ​មកហើយ​នោះ ។ ទង់ជាតិ​អ៊ីរ៉ាក់ ត្រូវ​បានឃើញ​ចង​ព្យួរ​នៅតាម​អាគារ​រដ្ឋបាល​ក្នុង​ទីក្រុង ហើយ​ពេលនេះ កងទ័ព​កំពុងតែ​បោសសម្អាត​គ្រាប់បែក ដែល​បានដាក់​បង្កៃ​ដោយ​ក្រុម​ជ្រុលនិយម​។


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ 

 
​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ម្សិលមិញ កងទ័ព​អ៊ីរ៉ាក់ បាន​បណ្ដេញ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ចេញពី​ទីក្រុង​រ៉ា​ម៉ា​ឌី និង​បាន​រំដោះ​ទីក្រុង​នោះ​រួចរាល់​ហើយ​។ ជ័យ​ជ​មុះ្ន​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​រដ្ឋ​ឥស្លាម បាន​ចូលទៅ​កាន់កាប់​តំបន់​នោះ​តាំងពី​ខែឧសភា​មកម្ល៉េះ​។ 
 
​លោក ឧ​ត្ត​ម​សេនីយ៍ យ៉ា​យ៉ា រ៉ា​ស៊ូ​ល (Yahya Rasool) បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទៅ ប្រជាជន​ថា ទីក្រុង​រ៉ា​ម៉ា​ឌី ត្រូវបាន​រំដោះ​ហើយ ពេលនេះ​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​បាន​លើក​ទង់ជាតិ​នៅ​ខាងលើ​អាគារ​រដ្ឋាភិបាល ។ កងទ័ព​អ៊ីរ៉ាក់ បាន​បាញ់កាំភ្លើង​រះ​ឡើងលើ ដើម្បី​អបអរ​ជ័យជម្នះ​របស់ខ្លួន ខណៈដែល​មេបញ្ជាការ​យោធា​អ៊ីរ៉ាក់​ធ្វើដំណើរ​ចូល​ទីក្រុង​ដែល​ទើបតែ​ដណ្ដើមបាន​នេះ​។​
 
​យ៉ាងណាក៏ដោយ គេ​នៅតែ​សង្កេតឃើញថា មានការ​ប្រយុទ្ធ​គ្នា​ខ្លះ​រវាង​កងកម្លាំង​អ៊ីរ៉ាក់ និង​ក្រុម​សកម្មជន ដែល​នៅ​សេសសល់​ក្នុង​ទីក្រុង​។ តែបើ​តាម​សម្ដី​កងទ័ព​អ៊ីរ៉ាក់ វា​មិនមែនជា​បញ្ហា​អ្វី​នោះទេ ។ ហើយ​នៅពេលនេះ ការងារ​សំខាន់​នោះ គឺ​ការ​ដោះ​គ្រាប់បែក និង​អន្ទាក់​ដែល​ក្រុម​ដែ​ស្ហ​បន្សល់ទុក​មុន​ចាកចេញ ។ ក្រុម​ដែ​ស្ហបាន​បង្កៃ​គ្រឿងផ្ទុះ​ប្រមាណ​ជាង ៣០០ គ្រាប់​នៅតាម​អាគារ​រដ្ឋាភិបាល និង​នៅតាម​ដងផ្លូវ​នានា ។​
 
​ជុំវិញ​នៃ​ជ័យជម្នះ​នេះ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក ហេ​ដើ អាល់​អា​បា​ឌី (Haider al-Abadi) បាន​សាទរ​ចំពោះ​កងទ័ព​ក្នុង​ប្រតិបត្តិ​ការលើក​នេះ ហើយ​លោក​បានប្រកាសថា គោលដៅ​បន្ទាប់​នោះ​គឺ​រំដោះ​ទីក្រុង ម៉ូ​ស៊ុ​ល (Mosul) ដែល​កំពុងស្ថិត​ក្រោម​កា​រ​ត្រួតត្រា​របស់​ក្រុម​ដែ​ស្ហ​ផងដែរ ។ មួយវិញទៀត លោក អាល់​អា​បា​ឌី ក៏បាន​សន្យាថា នឹង​បោសសម្អាត​ក្រុម​ជ្រុលនិយម​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៦​។  
 
​ជោគជ័យ​នៃប្រតិបត្តិ​ការ​របស់​ក្រុម​ទាហាន​អ៊ីរ៉ាក់ ក៏​ទទួលបាន​ការស្វាគមន៍ និង​សាទរ ពី​សហគមន៍​អន្តរជាតិ​ផងដែរ​។ ក្នុងនោះ ក្រុម​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ក្រុម​ដែ​ស្ហ​ដែល​ដឹកនាំ​ដោយ​អាមេរិក បាន​សរសើរ​ដល់​កង​កម្លាំង​អ៊ីរ៉ាក់​។ ហើយ​ជ័យជម្នះ​នេះ ក៏​ជា​ចំណែក​មួយ របស់​ក្រុម​សម្ព័ន្ធមិត្ត​ផងដែរ ដ្បិត​កន្លងមក ក្រុម​សម្ព័ន្ធមិត្ត បាន​ហ្វឹកហាត់ និង​បំពាក់អាវុធ​ដល់​ទ័ព​អ៊ីរ៉ាក់​ជាច្រើន​។​
 
​ជាមួយគ្នានេះ ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ហៅ​ការរំដោះ​ទីក្រុង​រ៉ា​ម៉ា​ឌី ថា​ជា​ជោគជ័យ​ដ៏​ធំ​មួយ ។ ហើយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក ហ្វ្រែ​ង វ៉​ល​ធ័​រ ស្តែ​ន​មី​ញែ​រ (Frank-Walter Steinmeier) លើកឡើងថា ជ័យជម្នះ​នេះ បានបញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា ក្រុម​ដែ​ស្ហ មិនមែន​មិនចេះ​ចាញ់​នោះទេ ៕   
 
 
 
        

Tag:
 អ៊ីរ៉ាក់​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com