អន្តរជាតិ
អាស៊ាន កំពុងតែ​អនុវត្ត​ខុស​ទៅនឹង​ធម្មនុញ្ញ​របស់ខ្លួន?
29, Dec 2015 , 9:59 pm        
រូបភាព
ដោយ:
​រយៈពេល​៤៨​ឆ្នាំ​ហើយ ដែល​អាស៊ាន​ត្រូវបាន​បង្កើតជា​ផ្លូវការ​។ ដើម្បី​បង្កើន​កិច្ចសហការ​រវាង​បណ្តា​រដ្ឋ​សមាជិក និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​លើ​បញ្ហា​ប្រឈម​ផងដែរ​នោះ អាស៊ាន​បាន​បង្កើត​យន្តការ​មួយ​ដោយ​ត្រូវមាន​កិច្ចប្រជុំ​រៀងរាល់ឆ្នាំ ដែល​រដ្ឋ​អាស៊ាន​នីមួយៗ ត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​។ តែ​កន្លងមក អាស៊ាន មិនបាន​គោរព​តាម​គោលការណ៍​របស់ខ្លួន​នោះទេ ទោះបីជា​អាស៊ាន មាន​ធម្មនុញ្ញ ដែល​បានកំណត់​ពី​បញ្ហា​នេះ​ក៏ដោយ​។



​យោងតាម​មាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ាន ប្រធាន​នៃ​អាស៊ាន  ត្រូវ​ប្រព្រឹត្តឡើង​ដោយ​វិលជុំ ដោយ​ផ្អែក​តាម​លំដាប់​អក្ខរក្រម​ជា​ភាសា​អង់គ្លេស​នៃ​ឈ្មោះ​សមាជិក​នីមួយៗ​។ តាម​បទ​បញ្ញា​ត្តិ​ដដែល រដ្ឋ​នីមួយ​ដែលជា​ប្រធាន នឹងត្រូវ​ធ្វើ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ តែ​តាម​ការអនុវត្ត​ជាក់ស្តែង អាស៊ាន មិនបាន​អនុវត្តតាម​ការកំណត់​របស់ ធម្មនុញ្ញ​នោះទេ ក្នុងការ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ រដ្ឋ​ខ្លះ​ធ្វើជា​ប្រធាន​មុនពេល​កំណត់ ខ្លះ​ទើបតែ​ធ្វើ​ប្រធាន​បានតែ​ម្តង​ខណៈ​រដ្ឋ​ផ្សេងៗ​ទៀត យ៉ាងហោចណាស់​ធ្វើ ជា​ប្រធាន​ពីរដង​រួច​បាន​ទៅហើយ​។ នេះ គឺ​កំហុស​ផ្នែក​រដ្ឋបាល ឬ​បញ្ហា​អ្វី​ផ្សេងទៀត​?

១. ស្ថាបនិក​ទាំង​ប្រាំ និង​មុនពេល​មិនទាន់មាន​ធម្មនុញ្ញ
​ពិតណាស់​អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​តាំងពី​១៩៦៧ ដោយ​ស្ថាបនិក​ប្រាំ​ប្រទេស​រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ហ្វីលីពីន និង ថៃ​។ តែ​អាស៊ាន ទើបតែ​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៧៦​តែ ប៉ុណ្ណោះ ដែល​ពេលនោះ ឥណ្ឌូនេស៊ី​ជា​ប្រធាន​។ គិត​ចាប់ពី​ឆ្នាំ​១៩៧៦ រហូតដល់​ឆ្នាំ​២០០០ គេ​សង្កេត ឃើញថា កិច្ចប្រជុំ​អាស៊ាន បាន​ប្រារព្ធ​ឡើង​តាម​លំដាប់លំដោយ ពោលគឺ​រដ្ឋ​សមាជិក​អាស៊ាន បានធ្វើ​ប្រធាន​វិលជុំ​តាម​លំដាប់​នៃ​អក្ខរក្រម​ជា​ភាសា​អង់គ្លេស​។ ជាក់ស្តែង ប្រធាន​មានដូចជា ឥណ្ឌូនេស៊ី (១៩៧៦, ១៩៩៦) ម៉ាឡេស៊ី ( ១៩៧៧, ១៩៩៧) ហ្វីលីពីន (១៩៨៧,១៩៩៨) សិង្ហ​បុរី (១៩៩២, ២០០០) ថៃ (១៩៩៥) ។​

​ទោះបីជា​នៅ​អំឡុងពេល​ខាងលើ​អាស៊ាន មិនទាន់មាន​ធម្មនុញ្ញ​ជា​ផ្លូវការ​ក៏ដោយ កិច្ចប្រជុំ​អាស៊ាន បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​លំដាប់លំដោយ​។ កត្តា​មួយ​ដែល​គេ​អាច​សន្និដ្ឋានថា​ដំណើរការ​នៃ​កិច្ច ប្រជុំ​នោះ ប្រព្រឹត្ត​តាម​លំដាប់លំដោយ ដោយសារតែ ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​ប្រាំ សុទ្ធសឹងតែ មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទាំង​សេដ្ឋកិច្ច និង​ស្ថានភាព​នយោបាយ​។​

២. សមាជិក​អាស៊ាន​ទាំង​១០ និង​ក្រោយ​ធម្មនុញ្ញ​ចូល​ជា​ធរមាន 
​គិត​ចាប់​ឆ្នាំ​២០០០​មក ពោលគឺ​ក្រោយពី​កម្ពុជា បាន​ក្លាយជា​សមាជិក​ទី​១០​នៃ​អាស៊ាន កិច្ចប្រជុំ​ក៏បាន ដំណើរការ​ជាធម្មតា​នោះទេ​។ តែ បញ្ហា និង​ការប្រែប្រួល បានកើត​ឡើង​នៅ​ចំពេល​ដែល​មី​យ៉ាន់​ម៉ា ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០០៦ ហើយ ត្រូវបាន​ជំនួស​ដោយ​ហ្វីលីពីន​។ ជុំវិញ​នៃ​ការប្រែប្រួល​នេះ គឺ​គ្មានអ្វី​ក្រៅពី​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​នោះទេ​។ ជាពិសេស​នោះ មេដឹកនាំ​មី​យ៉ាន់​ម៉ា ក៏​គ្មាន​ឆន្ទៈ ធ្វើជា​ប្រធាន​ដឹកនាំ​អាស៊ាន​ដែរ ដ្បិត​មី​យ៉ាន់​ម៉ា​នៅពេលនោះ កំពុងតែ​ដឹកនាំ​ដោយ​ក្រុម​យោធា ហើយ បាន​រង​នូវ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​របប​ផ្តាច់ការ​របស់ខ្លួន​។​

​តែ​អ្វីដែល​គួរកត់សម្គាល់ ក្រោយ​ពេលដែល​ធម្មនុញ្ញ​អាស៊ាន​ដែលជា​ឯកសារ​គតិយុត្ត​កំពូល​របស់​ស្ថាប័ន បាន​ចូល​ជា​ធរមាន​ហើយ​នោះ បញ្ហា​នៃ​ការឡើង​ធ្វើជា​ប្រធាន​នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់​។ មានន័យថា ទោះបីជា​ធម្មនុញ្ញ​អាស៊ាន បានកំណត់​យ៉ាងច្បាស់​ពី​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​មាត្រា ៣១ ក៏ដោយ តែ​ការអនុវត្ត​មាន​លក្ខណៈ​ផ្សេង​ទៅវិញ​។

​ជាក់ស្តែង​ថៃ បាន​ធ្វើជា​ប្រធាន​អាស៊ាន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ឆ្នាំ​២០០៨ និង​២០០៩ ដែល​គោលការណ៍ ប្រធាន​អាស៊ាន ត្រូវ​វិលជុំ​រៀងរាល់​មួយឆ្នាំ​ម្តង​។ ហើយ ការផ្លាស់​កាន់តែខ្លាំង​បំផុត​នោះ​គឺ​ចាប់ពី​ឆ្នាំ​២០១១​ទៅ​ដែល​ពេលនោះ ប្រ៊ុយណេ បាន​ផ្លាស់ប្តូរ​វេន​ជាមួយនឹង​ឥណ្ឌូនេស៊ី​។ បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៤ មី​យ៉ាន់​ម៉ា បាន​ធ្វើជា​ប្រធាន​អាស៊ាន​ជំនួស​ឡាវ​ទៅវិញ​។​

​ទោះបីជា​ការផ្លាស់ប្តូរ ឬ​ការសុំ​ពន្យារពេល​នៃ​ការធ្វើ​ប្រធាន​អាស៊ាន​រវាង​បណ្តា​សមាជិក​មួយចំនួន  បានធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង និង​ការយោគយល់​គ្នា​ក៏ដោយ សកម្មភាព​នេះ ធ្វើឡើង​ខុស​ទៅនឹង ធម្មនុញ្ញ​របស់​អាស៊ាន​។ ការប្រែប្រួល​នេះ ក៏​អាច​មានន័យថា​ទាំង​សមត្ថភាព និង​ភាព​រួចរាល់​របស់​រដ្ឋ​អាស៊ាន​នៅមាន​គម្លាត​ពីគ្នា​នៅឡើយ​នោះទេ​។ មួយវិញទៀត គេ​អាច​និយាយថា រដ្ឋបាល​អាស៊ាន​ក៏​នៅមាន​លក្ខណៈ​មិនទាន់មាន​ភាពល្អប្រសើរ​ផងដែរ​។

​ជុំវិញ​បញ្ហា សារព័ត៌មាន​ថ្មីៗ បាន​ព្យាយាម​សាកសួរ​ទៅកាន់​អគ្គលេខាធិការ​អាស៊ាន​តា​មរយៈ email ផងដែរ តែ​មិនមាន​ការឆ្លើយតប​នៅឡើយ​នោះទេ​៕


Tag:
 ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com