អន្តរជាតិ
នាវា​ដឹក​យន្តហោះ​អាមេរិក Truman គេច​គ្រាប់​រ៉ុ​ហ្កែ​ត​ទ័ព​អ៊ីរ៉ង់​
30, Dec 2015 , 2:44 pm        
រូបភាព
​យោធា​អាមេរិក​អះអាងថា នាវា​ដឹក​យន្តហោះ​អាមេរិក USS Harry S. Truman បានគេច​ពី​គ្រាប់​រ៉ុ​ហ្កែ​តរបស់​កងទ័ព​អ៊ីរ៉ង់ ​ដែល​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ Hormuz​ដើម្បី​ការពារ​ក្រែង​មាន​គ្រោះថ្នាក់​។ គ្រាប់​រ៉ុ​ហ្កែ​ត​ធ្លាក់​ស្ថិតនៅ​ចម្ងាយ ១.៣​គីឡូម៉ែត្រ​ ពី​នាវា​ដឹក​យន្តហោះ​ដែល​កំពុងធ្វើដំណើរ​ឆ្លង​កាត់​ជ្រោយ Hormuz ភ្ជាប់​សមុទ្រអារ៉ាប់ និង​ឈូង​សមុទ្រ​ពែ​ក្យ​។



​អាមេរិក​បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​ ទី២៩ ធ្នូ​​ថា កាល​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​នាវា​ដឹក​យន្តហោះ​អាមេរិក USS Harry S. Truman បានគេច​ពី​គ្រាប់​រ៉ុ​ហ្កែ​ត​អ៊ីរ៉ង់ ​ដែល​ធ្លាក់​នៅ​ឆ្ងាយ​ពី ១.៣ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ គ្រាប់​រ៉ុ​ហ្កែ​ត​នេះ ​បាញ់​ចេញពី​នាវា​កងទ័ពជើងទឹក​អ៊ីរ៉ង់ ដែល​នាំគ្នា​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជ្រោយ   Hormuz ដែល​ភ្ជាប់​សមុទ្រ​អារ៉ាប់ និង​ឈូង​សមុទ្រ​ពែ​ក្យ​។ 

​នាវា​ដឹក​យន្តហោះ​អាមេរិក ​បាន​ឆ្លងកាត់​ជ្រោយ Hormuz ក្នុង​ដំណើរ​ឆ្ពោះទៅ​ក្បែរ​ប្រទេស​ស៊ី​រី ដើម្បី​គាំទ្រ​កងកម្លាំង​ខ្លួន​ ដែល​កំពុង​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។  គេ​ឃើញ​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ និង​នាវា​ពិឃាត​បារាំង​មួយគ្រឿង​ទៀត អមដំណើរ​នាវា​ដឹក​យន្តហោះ​អាមេរិក​នេះដែរ​។  ក្រៅពី​នាវា​យោធា គេ​ក៏​ឃើញ​មាន​នាវា​ដឹកទំនិញ​ច្រើន​ធ្វើដំណើរ​នៅក្នុង​តំបន់​ខាងលើ​នេះដែរ​។

​បើតាម​មន្ត្រី​អាមេរិក​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ កងទ័ពជើងទឹក​អ៊ីរ៉ង់ ​រៀបចំ​លំ​ហាត់​យោធា​បាញ់​គ្រាប់​ពិត​ភ្លាម នៅពេលដែល​នាវាចម្បាំង ​និង​នាវា​ដឹក​យន្តហោះ អាមេរិក​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ខាងលើ ហើយក៏​មិនមាន​ការទាក់ទង​គ្នា​ដោយផ្ទាល់ ​រវាង​កងទ័ព​ភាគី​ទាំងពីរ​ឡើយ​ ក្នុងពេល​មានការ​បាញ់​គ្រាប់​រ៉ុ​ហ្កែ​ត​នេះ​។

​តាម​ស្ថានភាព​ជាក់ស្តែង នាវា​ទាំងអស់​ធ្វើដំណើរ​ក្នុង​ដែនទឹក​អន្តរជាតិ ស្ថិតក្រោម​ការពារ​ដោយ​ច្បាប់ មិនមែន​ក្នុង​ដែនទឹក​អ៊ីរ៉ង់​ឡើយ។ មុនពេល​មានការ​បាញ់​គ្រាប់​នេះ កងកម្លាំង​អ៊ីរ៉ង់ ​ក៏បាន​ប្រកាសប្រាប់​រាល់​នាវា​ ដែល​កំពុង​ធ្វើចរាចរ​ឲ្យ​ប្រុងប្រយ័ត្ន​ និង​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​កំពុង​ធ្វើ​សមយុទ្ធ​ដែរ​។ 

​អាមេរិក​មិន​ចាត់ទុកថា​ការបាញ់​គ្រាប់​រ៉ុ​ហ្កែ​ត​នេះ ​ជាការ​បង្ករឿង​របស់​អ៊ីរ៉ង់​ឡើយ ​ព្រោះ​កងទ័ព​ទាំងនោះ​មិនបាន​បាញ់​តម្រង់​មកលើ​នាវា​ឡើយ​។ និយាយ​ទៅ​គ្រាប់​ទាំងនោះ​គ្រាន់តែ​ធ្លា​ក់មក​ក្បែរ​នាវាប៉ុណ្ណោះ​។  ប៉ុន្តែ​គេ​មិនទាន​ដឹង​ច្បាស់​ថា អ៊ីរ៉ង់​មាន​ចេតនា​បែបណា នៅពេលដែល​បាញ់​គ្រាប់ផ្លោង​បែបនេះ​ឡើយ​។​

​តាំងពី​សម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​កាលពី​ខែកក្កដា​កន្លងមក ទំនាក់ទំនង​អ៊ីរ៉ង់​ និង​អាមេរិក ​ហាក់បីដូច​ជាមាន​ភាពប្រសើ​រ​បន្តិច​ដែរ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការអនុវត្ត​កិច្ចព្រមព្រៀង​ និង​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ​នៅ​បន្តដំណើរ​ទៅមុខទៀត​ដែរ​។ សញ្ញា​វិជ្ជមាន​នោះ គឺ​រដ្ឋាភិបាល​អ៊ីរ៉ង់​សម្រេច​បញ្ជូន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ ទៅកាន់​ប្រទេស​រុស្ស៊ី ដោយ​វា​ជា​ចំណុច​មួយ ​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែរ​៕

Tag:
 នាវា​ដឹក​យន្តហោះ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com