អន្តរជាតិ
រុស្ស៊ី​ផ្តល់​កាំភ្លើង​១​ម៉ឺន​ដើម​ទៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​ជួយ​តា​លី​បង់​កម្ចាត់​ក្រុម ISIS
30, Dec 2015 , 8:59 pm        
រូបភាព
​នៅ​ដើមឆ្នាំ​២០១៦​នេះ រុស្ស៊ី​ត្រៀម​ផ្តល់ជំនួយ​យោធា​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុងនោះ​មាន​អាវុធ AK-47 ចំនួន១​ម៉ឺន​ដើម និង​គ្រាប់កាំភ្លើង​ជាច្រើន​ទៀតផង​ដែរ​។ ការឧបត្ថម្ភ​អាវុធ​នេះ ស្ថិតក្រោម​នយោបាយ​ប្រឆាំង​ភេរវកម្ម ព្រោះ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ​កំពុង​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ISIS ឬ​ក្រុម​ដែ​ស្ហ (Daesh) ដែល​ទើប​សាង​កម្លាំង​នៅ​អាស៊ី​កណ្តាល​ដែរ​។ ក្រៅពីនេះ ​រុស្ស៊ី​ត្រៀមលក្ខណៈ​គាំទ្រ​ការផ្សះផ្សា​ជាតិ​ រវាង​ក្រុម​តា​លី​បង់ និង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ផងដែរ​។ តែ​រុស្ស៊ី​បាន​ឆ្លៀត​ទិតៀន​ ការអន្តរាគម​របស់​ក្រុង​វ៉ាស៊ីនតោន ​និង​ណា​តូ​អស់​ជាច្រើន​ឆ្នាំ តែ​មិនអាច​នាំ​សន្តិភាព​មកកាន់​ប្រទេស​នេះ​បាន​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



បញ្ហា​អសន្តិសុខ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ​ក្លាយជា​កង្វល់​ដ៏​ធំ​របស់​ក្រុង​ម៉ូស្គូ​បច្ចុប្បន្ន ព្រោះ​កងទ័ព​លោកខាងលិច ​ដែល​នៅ​ជួយ​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ​នៅសល់​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ ក្រៅពី​រងគ្រោះ​ដោយជម្លោះ​ប្រដាប់អាវុធ​ រវាង​ក្រុម​តា​លី​បង់ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន បញ្ហា​ធំ​មួយទៀត​ដែល​ក្រុង​កា​ប៊ុល​ត្រូវ​ដោះស្រាយ ​គឺ​ចលនា​ក្រុម​ភេរវជន​ដែ​ស្ហ។ បើ​ក្រុម​នេះពង្រីក​អំណាច​ខ្លួន​ ទៅដល់​ប្រទេស​ឯទៀត ​ដូចជា​តួ​កមេ​នី​ស្ថាន កា​ហ្សា​ក់​ស្ថានជាដើម រុស្ស៊ី​នឹងរង​ទុក្ខ​ធ្ងន់​។ កងកម្លាំង​នៅ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​បច្ចុប្បន្ន​នៅ​ខ្សោយ​ណាស់ ហើយ​រដ្ឋាភិបាល​មិនទាន់​មានអំណាច​ពេញដៃពេញជើង ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​បាន​នៅឡើយ​ទេ។ 

១. រុស្ស៊ី​រិះគន់​លោកខាងលិច ​ដែល​បង្កើត​រឿង​ហើយ​ដោះដៃចោលអា​ហ្វ​ហ្កា​នី​ស្ថាន​
​កាលពី​ថ្ងៃ​ចន្ទ​ទី២៨ ខែធ្នូ បេសកជន​ពិសេស​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រចាំ​អា​ហ្វ​ហ្កា​នី​ស្ថាន​ លោក Zamir Kabulov បាន​ហៅ​ការអន្តរាគម​របស់​រដ្ឋាភិបាល​អាមេរិក​ និង​កងកម្លាំង​ណា​តូ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​តាំងពី​ឆ្នាំ២០០១ ថា​ជាបរ​ជ័យ​មួយ​យ៉ាង​អាម៉ាស់​។ មន្ត្រី​ជំនិត​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​នេះ ​បាន​ពន្យល់ថាគោលបំណង​លោកខាងលិច ​ក្នុង​ការជួយ​បង្កើត​របប​ដឹកនាំ​មួយ​ មាន​ស្ថិរភាព​ និង​ដើរ​តាម​គន្លង​ប្រជា​ធិ​តេ​យ្យ រួមទាំង​នាំ​សន្តិភាព​ជូន​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ​ទៀត គ្មាន​ផ្លែផ្កា​អ្វី​ទាំងអស់​។ មកទល់​បច្ចុប្បន្ន ទោះ​ទ័ព​លោកខាងលិច​នេះ​ជិត​ដកចេញ​អស់​ទៅហើយ​ក្តី ក៏​គេ​មិនទាន់​ឃើញ​មាន​សញ្ញា​វិជ្ជមាន​អ្វី​ឡើយ​។ ជម្លោះ​ប្រដាប់អាវុធ​នៅ​បន្ត ហើយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល ​មិនអាច​ប្រមូលផ្តុំ​អំណាច​របស់ខ្លួន​បានដែរ​ ដើម្បី​គ្រប់គ្រង​ប្រទេស​។ អ្វីដែល​គួរ​ឲ្យ​អាម៉ាស់​នោះ គឺ​ក្រុម​ដែ​ស្ហបាន​បង្កើត​បណ្តាញ​រប​ស់​ខ្លួន​ នៅលើ​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀត ទាំង​ដែល​អា​ហ្វ​ហ្កា​នី​ស្ថាន ​ប្រយុទ្ធ​មិនទាន់​ឈ្នះ​ក្រុម​តា​លី​បង់​ផង​នោះ​។

២.​រុស្ស៊ី​ត្រៀម​ជួយ​អាវុធ​ និង​គាំទ្រ​ការផ្សះផ្សា​
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​រុស្ស៊ី​ហាក់​ត្រៀមលក្ខណៈ​ជំនួស​តំណែង​លោកខាងលិច ​ដើម្បី​ទាញ​អា​ហ្វ​ហ្កា​នី​ស្ថាន​ឲ្យ​ផុតពី​គ្រោះមហន្តរាយ​។ តែ​ការកើនឡើង​នៃ​ក្រុម​ភេរវជន​នេះ​ទេ​ដែល​បង្ខំ​ឲ្យ​រុស្ស៊ី​ត្រូវ​ងាក​មកជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ឥឡូវ​រុស្ស៊ី ​ ​អា​ហ្វ​ហ្កា​នី​ស្ថាន​ និង​ក្រុម​តា​លី​បង់ ​មាន​សត្រូវ​រួមគ្នា ​គឺ​ក្រុម​ដែ​ស្ហ​តែម្តង​។ ក្រុម​តា​លី​បង់​ភ័យ​ខ្លាំង​ នៅពេលដែល​ក្រុម​ដែ​ស្ហ​កាន់តែ​កើនឡើង​ឥទ្ធិពល ​និង​ប្រមែរ​ប្រមូល​កម្លាំង​ដែល​ធ្លាប់​ស្មោះស្ម័គ្រ​ខ្លួន​ ទៅ​ចូលរួម​ក្នុង​ចលនា​របស់ខ្លួន​ទៀត​។  កាលពី​សប្តាហ៍​មុន ក្រសួង​ការពារជាតិ​រុស្ស៊ី ​បានសម្រេច​ចែករំលែក​របាយការណ៍​ចារកម្ម​ ជាមួយ​ក្រុម​តា​លី​បង់ផងដែរ​ ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​រួមគ្នា​។​

​រឿង​ដែល​គេ​មិនដែល​នឹកស្មាន​នោះ គឺ​រុស្ស៊ី​ចាប់ផ្តើម​មើលឃើញ​សត្រូវ​ចាស់​ខ្លួន«​ក្រុម​តា​លី​បង់​»​នេះ​ ក្នុង​ផ្លូវ​វិជ្ជមាន​បែបនេះ​ឡើយ​។ បេសកជន​ពិសេស​របស់លោក ពូ​ទីន ខាងលើ​បាន​អះអាងថា​បច្ចុប្បន្ន រុស្ស៊ី​មាន​គោលជំហរ​មួយ ​គាំទ្រ​រាល់​គោលនយោបាយ​ផ្សះផ្សា​ជាតិ​ របស់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល ដឹកនាំ​ដោយ​លោក​Ashraf Ghani ហើយ​រុស្ស៊ី​អាច​បត់បែន​បន្តិច​រឿង​ការ​លុប​ទណ្ឌកម្ម​ប្រឆាំង​ក្រុម​តា​លី​បង់​ដែរ​។ 

​តាមពិតទៅ​រុស្ស៊ី អាច​ពិចារណា​ដក​ទណ្ឌកម្ម​ប្រឆាំង​ក្រុម​តា​លី​បង់ ឲ្យ​តែ​វា​អាចជួយ​ដល់​ការផ្សះផ្សា​ជាតិ និង​មិន​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិអា​ហ្វ​ហ្កា​នី​ស្ថាន​។ កញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​ក្រុម​តា​លី​បង់ ត្រូវបាន​ដាក់ចេញ​ដោយ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ កាលពី​ឆ្នាំ២០១១មក​នោះ​។​

​ក្រៅពី​ងាក​រក​ក្រុម​តា​លី​បង់ រុស្ស៊ី​បានប្រកាស​ត្រៀម​ជួយ​កាំភ្លើង AK- 47  ចំនួន​១​ម៉ឺន​ដើម​ ​រួមទាំង​គ្រាប់ ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​។ សព្វាវុធ​ទាំងនេះ ​នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​កងកម្លាំង​ប៉ូលីស​អា​ហ្វ​ហ្កា​នី​ស្ថា​នៅ​ខែមករា​ឆ្នាំ ២០១៦​ខាងមុខ​ផង​។ ​សព្វាវុធ​ថ្ មី​នឹង​ជួយ​ឲ្យ​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​មានលទ្ធភាព​ប្រយុទ្ធ​ខ្លាំង​ជាង​មុន​។ ចំណែក​រុស្ស៊ី​ក៏​បន្ត​ជជែក​ជាមួយ​អាជ្ញាធរ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​ លើ​ការបញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែរ​។ កាលពី​ខែវិច្ឆិកា រុស្ស៊ី​បានផ្តល់​ជំនួយ​រថយន្ត​ធំៗ KAMAZ  ចំនួន៥៧​គ្រឿង ដែលមាន​តម្លៃ២.៥​លាន​ដុល្លារ​អាមេរិក ​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន​ផងដែរ​៕


Tag:
 ISIS
© រក្សាសិទ្ធិដោយ thmeythmey.com