ជាតិ
តើអ្វីជាឯករាជ្យ ហើយអ្វីជាអព្យាក្រឹតភាព?
× ឯករាជ្យ និងអព្យាក្រឹតភាព គឺជាសភាវៈពីរផ្សេងគ្នា។ ឯករាជ្យ សំដៅដល់ភាពមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលណាមួយ។ ឯអព្យាក្រឹតភាព សំដៅដល់ភាពមិនទោរទន់ទៅរកភាគីម្ខាងណាមួយ ជាងភាគីម្ខាងទៀត។
ឯករាជ្យ មានអំណាចផ្ទាល់ខ្លួនជាលក្ខណៈ។ ត្រង់នេះ មានន័យថា កាលណានិយាយពីឯករាជ្យ យើងនឹងសម្គាល់នូវលក្ខណៈពិសេសមួយគឺ ការមានសិទ្ធិសេរីភាព និងអំណាចពេញបូរិបូរណ៍ ក្នុងការសម្រេចនូវអ្វីៗ ដោយខ្លួនឯង ដោយមិនមានសម្ពាធពីបុគ្គលណាមួយ ឬពីស្ថានប័នណាឡើយ។
អព្យាក្រឹតភាព មានភាពមិនលម្អៀង ជាលក្ខណៈ។ ត្រង់នេះ ចង់សំដៅថា បើបុគ្គលណាមួយមានអព្យាក្រឹតភាព យើងតែងតែយល់ថា បុគ្គលនោះ ត្រូវតែតាំងខ្លួនជាកណ្តាល មិនទោរទន់ទៅភាគីម្ខាងណាឡើង។
តើបុគ្គលម្នាក់ដែលមានឯករាជ្យ នឹងមានអព្យាក្រឹតភាពឬ? ហើយបុគ្គលម្នាក់ ដែលមានអព្យាក្រឹតភាព នឹងមានឯករាជ្យឬ?
យើងគប្បីពិចារណាថា បុគ្គល ដែលមានឯករាជ្យ ក៏មិនប្រាកដថា មានអព្យាក្រឹតភាពដែរ ព្រោះហេតុថា បុគ្គលខ្លះមិនស្ថិតនៅក្រោមអំណាចអ្នកដទៃទេ តែដោយសារ មានក្តីស្រឡាញ់ម្ខាង ហើយស្អប់ម្ខាង ឬមើលឃើញប្រយោជន៍ម្ខាង ច្រើនជាងម្ខាងទៀត ក៏ធ្វើឲ្យបុគ្គលឯករាជ្យនោះ មិនមានអព្យាក្រឹតភាព។
ចំណែកឯ បុគ្គលម្នាក់ ដែលអាចមានអព្យាក្រឹតភាពបាន លុះណាតែបុគ្គលនោះមានឯករាជ្យ ជាមុនសិន។ បើមិនមានឯករាជ្យជាមុនទេ បុគ្គលនោះ មិនអាចតាំងខ្លួនថា មានអព្យាក្រឹតភាពបានទេ ព្រោះហេតុថា បើស្ថិតនៅក្រោមអំណាចគេហើយ តើនឹងអាចមានអព្យាក្រឹតភាព យ៉ាងដូចចម្តេចកើត។
ដូច្នេះ ឯករាជ្យ យើងមិននិយាយពី អព្យាក្រឹត ឬមិនអព្យាក្រឹតនោះទេ គឺយើងគ្រាន់សំដៅថា បុគ្គលនោះ ស្ថាប័ននោះ ប្រទេសនោះ មានអំណាចពេញលេញ ក្នុងការសម្រេចចកិច្ចការអ្វីៗដោយខ្លួនឯង ដោយគ្មានការគាបសង្កត់ពីអ្នកដទៃ។ ចំណែកឯ អព្យាក្រឹតភាព គឺយើងគ្រាន់សំដៅថា បុគ្គលនោះ ស្ថាប័ននោះ ប្រទេសនោះ ប្រកាន់យកមាគ៌ាកណ្តាល មិនលម្អៀងទៅរកភាគីម្ខាងណាឡើយ។ ប៉ុន្តែបើបុគ្គលនោះ ស្ថាប័ននោះ ឬប្រទេសនោះ មិនមានឯករាជ្យទេ គេនឹងមិនមានសិទ្ធិនិយាយពីអព្យាក្រឹតភាពបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com