ជាតិ
Super Tuk Tuk ត្រូវបាន​បង្កើតឡើង​កាន់​តែ​ច្រើន​នៅ​ក្រុងព្រះសីហនុ​
02, Jan 2016 , 12:19 pm        
រូបភាព
​ក្រុងព្រះសីហនុ​៖ នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប គេ​សង្កេតឃើញ​វត្តមាន​ម៉ូតូ​រឺ​ម៉ក​កង់​បី ឬ​ហៅថា​«​ទុក​ទុក​»​ដ៏​ច្រើន​លើសលប់​។ តែ​នៅក្នុង​ក្រុងព្រះសីហនុ​វិញ Super Tuk Tuk (​ស៊ុប​ភើ​ទុក​ទុក​) បង្ហាញ​វត្តមាន​ស្ទើរ​ច្រើនជាង​«​ទុក​ទុក​»​ធម្មតា​ទៅទៀត​។ តើ Super Tuk Tuk មានកំណើត​មកពីណា​?



Super Tuk Tuk (​ស៊ុប​ភើ​ទុក​ទុក​) គឺជា​ប្រភេទ​រថយន្ត​កង់​បួន​ច្នៃ​ចេញពី​រថយន្ត​កូរ៉េ​ទី​កកូ​(Tico)​ស្រដៀង​ទៅនឹង​«​ទុក​ទុក​»​ដែរ​។ ដោយសារតែ​ភាពស្រដៀងគ្នា​នេះហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ផលិត និង​ម្ចាស់​រថយន្ត​ទាំងនោះ​ដាក់ឈ្មោះថា Super Tuk Tuk ។ អ្នកខ្លះ​ទៀត​ហៅថា រថយន្ត​«​ទុក​ទុក​»​។ Super Tuk Tuk ត្រូវបាន​បង្កើត​មុនគេ​នៅក្នុង​ក្រុងព្រះសីហនុ​កាលពី​បី​ឬ​បួន​ឆ្នាំមុន​។ បច្ចុប្បន្ននេះ Super Tuk Tuk មាន​ចំនួន​ជាង​១០០​គ្រឿង​ដែល​វា​កំពុង​ក្លាយទៅជា​គូប្រកួត​ប្រជែង​ដ៏​ខ្លាំង​ជាមួយ​«​ទុក​ទុក​»​ធម្មតា​។ បើតាម​ការ​ឲ្យ​ដឹង​របស់​ម្ចាស់ Super Tuk Tuk, «​ទុក​ទុក​»​ធម្មតា និង Super Tuk Tuk មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នៅក្នុង​ក្រុងព្រះសីហនុ ពោល​គឺមាន​ប្រមាណ​ជាជាង​១០០​គ្រឿង​ដូចគ្នា​។


​លោក ហេង អាយុប្រមាណ​ជាជាង​៣០​ឆ្នាំ ដែលជា​ម្ចាស់ Super Tuk Tuk បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការបង្កើត Super Tuk Tuk នេះ ពីព្រោះ ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​មាន​សណ្ឋាន​ដីភ្នំ ទាប ខ្ពស់ ដូច្នេះ ម៉ាស៊ីន​«​ទុក​ទុក​»​ធម្មតា ពិបាកធ្វើ​ដំណើរ​ណាស់​។ «​នៅទីនេះ សម្បូរ​ខ្ពង់រាប ដូច្នេះ គេ​ត្រូវការ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង ដូច្នេះហើយ​បានជា​គេ​ផលិត Super Tuk Tuk»​។ នេះ​គឺជា​ការបញ្ជាក់​របស់លោក ហេង ដែល​កំពុង​អង្គុយ​នៅក្នុង  Super Tuk Tuk របស់លោក​នៅក្បែរ​ឆ្នេរ​អូ​ឈើទាល​ក្រុងព្រះសីហនុ​។



​ម្ចាស់ Super Tuk Tuk ម្នាក់ទៀត ដែល​អង្គុយ​ក្បែរ​នោះដែរ បាន​បន្ថែមថា Super Tuk Tuk ត្រូវបាន​បង្កើតឡើង​ដោយ​ខ្មែរ ហើយ​វា​មានតម្លៃ​ជាង​២​ពាន់​ដុល្លារ ឬ​ក្រោម​២​ពាន់​ដុល្លារ អាស្រ័យទៅលើ​ស្ថានភាព​រថយន្ត Tico ដែល​គេ​ទិញ​យកមក​ច្នៃ​។ ម្ចាស់ Super Tuk Tuk ទាំងអស់​បាន​និយាយថា Super Tuk Tuk មាន​សុវត្ថិភាព​ជាង​«​ទុក​ទុក​»​ធម្មតា​។



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ក្រុងព្រះសីហនុ គឺថា ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​ទាំងអស់​មានតម្លៃ​ថ្លៃ​ជាង​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប ពីព្រោះ ស្ថានភាព​ផ្លូវ​ឡើង​ចុះៗ​ដែល​នាំ​ឲ្យ​ម៉ាស៊ីន​ស៊ីសាំង ហើយ​ដែល​ជំរុញ​ឲ្យ​អ្នក​ប្រក​បរបរ​នេះ​យក​តម្លៃ​ថ្លៃ​ជាង​តំបន់​ផ្សេងៗ​៕




















© រក្សាសិទ្ធិដោយ thmeythmey.com