ជាតិ
«​ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​» ធម្មទាន​ឆ្នាំ​ថ្មី​របស់​សមាគម​ទ្រទ្រង់ការ​​បោះពុម្ព និង​អប់រំ​
04, Jan 2016 , 12:05 pm        
រូបភាព
ដោយ: រួបរួម
​នា​ពិធី​អបអរ​ខួប​លើក​ទី​៥​របស់ខ្លួន សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ (Printing and Education Support) ទើប​ចេញផ្សាយ​សៀវភៅ​អប់រំ​មួយ​ដែលមាន​ចំណងជើង​ថា «​ឈ្វេងយល់​ពី​បាវចនា​នៃ​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​» ។ សៀវភៅ​នេះ មាន​ប្រមាណ​២៦០​ទំព័រ ដោយមាន​៤​ជំពូក​ធំៗ ដោយ​បង្ហាញ​ពី​និយមន័យ ទស្សនៈ​ព្រះពុទ្ធសាសនា និង​ការ​ទូន្មាន​នានា ជុំវិញ​បាវចនា «​ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​» (Restrain, Abandon, Cultivation, Observation) ។



«​ឈ្វេងយល់​ពី​បាវចនា​នៃ​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​» គឺជា​ធម្មទាន​ឆ្នាំ​ថ្មី​របស់​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ (Printing and Education Support) ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១០ និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ធម្មការ និង​សាសនា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១០ ។​

ព្រះលិខិត​បញ្ញា ប៉ែន វិបុល នាយក​ប្រតិបត្តិ​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ បាន​មាន​សង្ឃដីកា ថា​៖ «​នេះ​ជា​ស្នាដៃ​រូ​ម​របស់​សមាជិកសមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ ក្រោម​ការសម្រិតសម្រាំង​អស់​រយៈពេល​ប្រមាណ​៤​ខែ និង​សៀវភៅ​ទី​៨​ផងដែរ​របស់​សមាគម » ។​

«​ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​» (Restrain, Abandon, Cultivation, Observation) គឺជា​បាត​គ្រឹះ​នៃ​ព្រះពុទ្ធសាសនា​ដឹកនាំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ជា​កុសល ដោយមាន​ធម៌​ជា​ប្រធាន ជា​ប្រមុខ​។ សៀវភៅ​នេះ មានការ​ចូលរួម​ពី​សមាជិក​គ្រប់ផ្នែក​រួមមាន ផ្នែក​អត្ថន័យ អក្ខរាវិរុទ្ធ រចនាបថ បោះពុម្ព និង​ផ្សព្វផ្សាយ​។​

​សៀវភៅ​នេះ បាន​ដកស្រង់​យកគំនិត និង​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ខ្មែរ និង​បរទេស ជាពិសេស​ការបញ្ចូល​ធ​ម្ម​សង្គហ​របស់​សម្តេច ហួត តាត បណ្ឌិត ឈឹម ទូច ព្រះ​ធម្ម​វិបស្សនា សំ ប៊ុន ធឿន និង​លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​-​សាវង្ស ជាដើម​។​

​ទោះបីជា​សៀវភៅ​នេះ  បង្កប់​នូវ​ខ្លឹមសារ​ជ្រាលជ្រៅ​ក៏ដោយ ប៉ុន្តែ​ពាក្យពេចន៍​ដែល​សរសេរ​ឡើង ផ្តល់​ភាពងាយស្រួល​មនុស្ស​គ្រប់​វ័យ​។ ព្រះមហា ប៉ែន វិបុល បាន​មាន​សង្ឃដីកា​បញ្ជាក់ថា​៖ «​យើង​ខិតខំ​សម្រិតសម្រាំង​ពាក្យពេចន៍ និង​កំណាព្យ ដែល​អាច​ឲ្យ​កុមារ យុវវ័យ និង​មនុស្ស​ចាស់ អាន​បាន​ទាំងអស់គ្នា​» ។​

​ការចូលរួម​របស់​ស​ប្បុរ​សជន ជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​បោះពុម្ព និង​ផ្សព្វផ្សាយ​សៀវភៅ «​ឈ្វេងយល់​ពី​បាវចនា​នៃ​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ ប្រយ័ត្ន កម្ចាត់ ចម្រើន រក្សា​» ។ សម្រាប់​ព័ត៌មាន​នានា​ស្តីពី​សៀវភៅ ក៏ដូចជា​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ សូម​ទាក់ទង​ទៅកាន់ កុដិ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី តាម​អ៊ី​ម៉ែ​ល [email protected] និង​ចូលទៅ​កាន់​គេហទំព័រ  www.pesa.org.kh


Tag:
 ពុទ្ធសាសនា​
  សៀវភៅ​
  ធម្មទាន
© រក្សាសិទ្ធិដោយ thmeythmey.com