កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang ជាប់​ជា​កីឡាករ​ឆ្នើម​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក​
08, Jan 2016 , 2:33 pm        
រូបភាព
Pierre-Emerick Aubameyang  ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ក្លឹប Borussia Dortmund បានឈ្នះ Yaya Toure ក្នុង​នា​ជា​កីឡាករ​ល្អ​បំផុត របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក​ប្រចាំឆ្នាំ​២០១៥ (Confederation of African Football player of the year award) នេះ​។



​នៅក្នុង​ការបោះឆ្នោត​ដោយ​គ្រូបង្វឹក និង​នាយក​បច្ចេកទេស នៃ​ប្រទេស​ជា​សមាជិក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក​នេះ Aubameyang ទទួលបាន​ពិន្ទុ​ពី​ការបោះឆ្នោត​១៤៣​ពិន្ទុ ខណៈ​កីឡាករ Yaya Toure អតីត​ម្ចាស់​ជើងឯក​នេះ​បួន​សម័យកាល​ឈរ​នៅ​លេខ​ពីរ​ដោយ​ទទួលបាន​១៣៦​ពិន្ទុ​។ ចំណែកឯ​កីឡាករ Andre Ayew ខ្សែបម្រើ​របស់​ក្លិប Swansea City បាន​ចំណាត់ថ្នាក់​លេខ​បី ដោយ​ទទួលបាន ១២៣​ពិន្ទុ​។​

​កីឡាករ​អន្តរជាតិ​របស់​ប្រទេស​ហ្កា​បុ​ង​រូបនេះ រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ Bundesliga បច្ចុប្បន្ន ដោយ​សុទ្ធ​បញ្ចូល​ទី​បាន ១៨​គ្រាប់ ក្នុងការ​បញ្ហា​ញ​ខ្លួន​តែ​១៧​ប្រកួត​ប៉ុណ្ណោះ​។ ហើយ​កីឡាករ​វ័យ​២៦​ឆ្នាំ​របស់​ក្រុម Dortmund រូបនេះ ក៏​ជា​កីឡាករ​ទីមួយ​របស់​ប្រទេស​ហ្កា​បុ​ង​ផងដែរ ដែល​បានឈ្នះ​ពានរង្វាន់ (CAF) នេះ​។​

​សម្រាប់​ពានរង្វាន់​គ្រូបង្វឹក​ល្អ​បំផុត​របស់​ទ្វីបអាហ្វ្រិក​ប្រចាំឆ្នាំ​២០១៥​បាន​ទៅលើ​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កូដ​ឌី​វ័រ លោក Herve Renard​។​

​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​(CAF)​នេះ​ច្រើនជាងគេ​មានដូចជា Samuel Eto'o កីឡាករ​អន្តរជាតិ​កា​មេ​រូ​ន​ឈ្នះ​ពាន​នេះ​៤​ដង Yaya Toure កីឡាករ​អន្តរជាតិ​កូដ​ឌី​វ័រ ៤​ដង​, Didier Drogba កីឡាករ​អន្តរជាតិ​កូដ​ឌី​វ័រ ២​ដង Nwankwo Kanu កីឡាករ​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា និង​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កាំភ្លើង​ធំ Arsenal ឈ្នះ​២​ដង​, El Hadji Diouf កីឡាករ​អន្តរជាតិ​សេ​នេ​ហ្គា​ល់ ២​ដង​, និង​កីឡាករ​ដទៃទៀត​ជាច្រើន​៕


© រក្សាសិទ្ធិដោយ thmeythmey.com