ពីនេះ ពីនោះ
គោព្រៃ ជាសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
10, Jan 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ គោព្រៃជាប្រភេទគោសាទិសមានរូបរាងស្រដៀងទន្សោង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេអាចសម្គាល់វាបានច្បាស់តាមលក្ខណៈមានបួរវែងធា្លក់ចុះដល់ជង្គង់ និងស្ទើរតែដល់ដីនៅពេលវាចាស់។ ស្នែងគោព្រៃឈ្មោល និងញីមានលក្ខណៈខុសគ្នា ដោយសារស្នែងឈ្មោលធំជាងស្នែងញី វាដុះចេញមកក្រៅកោងទៅមុខរួចងើបឡើងលើ និងមានបែកចុងស្នែង នៅពេលវាមានអាយុប្រមាណ ៣ឆ្នាំ។ ស្នែងញីដុះមកមុខរាងងើបបន្តិច រួចរមួលឡើងលើ។ ជើងក្រោមជង្គង់ទាំងបួនមានពណ៌ស ឬប្រផេះ និងនៅផ្ទៃខាងក្រោយនៃគូទពុំមានដាងពណ៌សដូចទន្សោងទេ។ សម្បុរគោព្រៃអាចប្រែប្រួល នៅពេលក្មេងមានសម្បុរត្នោត ដល់ជំទង់មានសម្បុរប្រផេះ និងប្រផេះចាស់នៅពេលវាចាស់។ គោព្រៃឈ្មោលពេញវ័យមានកម្ពស់រហូតដល់ ១,៨១ម៉ែត្រ។



ជីវសាស្រ្ត៖ គោព្រៃចូលចិត្តរស់នៅតំបន់ព្រៃល្បោះវាលស្មៅមានព្រៃគម្ពោត និងជាពិសេសនៅតំបន់ដីច្រាប។ វារស់នៅជាហ្វូង ជួនកាលគេអាចជួបប្រទះវារស់នៅជាមួយហ្វូងទន្សោង ខ្ទីង ឬប្រើសផងដែរ។ វាចេញទៅរកស៊ីនៅពេលព្រលឹម និងព្រលប់។ គោព្រៃបន្តពូជនៅខែមេសា និងបង្កើតកូននៅខែធ្នូ ឬមករា។ វាជាសត្វដែលឆាប់ផ្អើលជាងប្រភេទសត្វដទៃទៀត។ គោព្រៃមានកម្លាំងខ្លាំង ពួកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។

រប៉ាយរស់នៅ៖ គោព្រៃជាប្រភេទមួយកម្របំផុត។ វាអាចមាននៅតំបន់មួយចំនួនដូចជាខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ភូមិភាគឦសានមានខេត្តមណ្ដលគីរី រតនគីរី និងស្ទឹងត្រែង។ គោព្រៃមានវត្តមានតែក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ក្នុងរយៈកាល ៣០ឆ្នាំកន្លងមកនេះ គេពុំដែលប្រទះឃើញវត្តមានគោព្រៃទេ តែគេនៅមានសង្ឃឹមតិចតួចដែរថា វាអាចនៅមានជីវិតរស់នៅក្នុងប្រទេសនៅឡើយ។

ស្ថានភាពអភិរក្ស៖ គោព្រៃត្រូវបានកំណត់ជាសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា (មរតកធម្មជាតិ) តំណាងឲ្យពពួកថនិកសត្វ។ វាស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទត្រូវបានចុះក្នុងបញ្ជីក្រហម IUCN(CR) ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជបំផុតនៅលើពិភពលោក។ គោព្រៃត្រូវបានហាមឃាត់ការបរបាញ់តាំងពីសម័យមុនសង្គ្រាមនៃទស្សវត្សរ៍ទី៦០។ គោព្រៃត្រូវបានចុះក្នុងឧបសម្ព័នទី១ នៃអនុសញ្ញាសាយតេស។


© រក្សាសិទ្ធិដោយ thmeythmey.com