ជាតិ
ពីនេះ ពីនោះ
ដំណើរផ្សងព្រេងរបស់ ហូ ជីម៉ិញ ដើម្បីប្រទេសជាតិ និងប្រជាជនវៀតណាម (ភាគ២)
×
(ភាគ២)៖ នៅឆ្នាំ១៩៣០ ហូ ជីម៉ិញ បានចូលមកហុងកុង ហើយបង្កើតគណបក្សកុម្មុយនីស្តវៀតណាម (Vietnamese Communist Party) ក្រោយមកបានដូរឈ្មោះជា គណបក្សកុម្មុយនីសឥណ្ឌូចិន (Indochina Communist Party) ។ មួយឆ្នាំក្រោយមក ហូ ជីម៉ិញ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីរឆ្នាំនៅហុងកុងដោយអាជ្ញាធរអង់គ្លេស ពីបទចូលរួមក្នុងចលនាបដិវត្តន៍។ ក្រោយពេលដោះលែងនៅឆ្នាំ ១៩៣៣ ហូ ជីម៉ិញ បានធ្វើដំណើរទៅម៉ូស្គូ ហើយលោកបន្តរស់នៅទីនោះរហូតដល់ឆ្នាំ១៩៣៨ ។
ក្រោយមក ហូ ជីម៉ិញ បានធ្វើដំណើរមកប្រទេសចិនវិញ ហើយធ្វើការជាទីប្រឹក្សាយោធាឲ្យគណបក្សកុម្មុយនីស្តចិន ក្រោយពេលដែលប្រទេសជប៉ុនបានចូលលុកលុយប្រទេសចិននៅកំឡុងឆ្នាំ១៩៣៧ ។ គណបក្សកុម្មុយនីសចិន និងគណបក្សគូមីនតាំង ដែលធ្វើសង្គ្រាមស៊ីវិលនឹងគ្នា បានព្រមព្រៀងគ្នាផ្អាកធ្វើសង្គ្រាមមួយរយៈ រហូតដល់ប្រទេសជប៉ុនបរាជ័យ។
នៅឆ្នាំ១៩៤១ ហូ ជីម៉ិញ បានវិលត្រឡប់មកប្រទេសវៀតណាមវិញជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩១១ ជាពេលដែលលោកបានចាកចេញពីវៀតណាម។ មកដល់វៀតណាម ហូ ជីម៉ិញ បានបង្កើតសម្ព័ន្ធដើម្បីឯករាជ្យភាពវៀតណាម ដែលត្រូវបានគេស្គាល់ជាទូទៅថា វៀតម៉ិញ ក្នុងនោះមានចលនាពីរគឺ ចលនាជាតិនិយមវៀតណាម និងចលនាកុម្មុយនីស្តវៀតណាម។ វៀតម៉ិញ បានធ្វើការវាយប្រហារទៅលើនឹមអាណានិគមនិយមបារាំង និងកងទ័ពជប៉ុនដែលបានចូលលុកលុយប្រទេសវៀតណាមនៅពេលនោះផងដែរ។
នៅឆ្នាំ១៩៤២ ហូ ជីម៉ិញ ត្រូវបានចាប់ខ្លួនដោយគណបក្សគូមីនតាំងនៅក្នុងប្រទេសចិន ហើយឃុំខ្លួនមួយរយៈ ។ ហូ ជីម៉ិញ បានប្រើប្រាស់ឈ្មោះ ហូ ជីម៉ិញ (មានន័យថា អ្នកដែលភ្លឺស្វាង) ចាប់ពីពេលនោះរហូតមក ហើយក៏ត្រូវបានគេស្គាល់ និងចងចាំដល់បច្ចុប្បន្ន។
ឆ្នាំ១៩៤៥ នៅពេលដែលសង្គ្រាមលោកលើកទីពីរ ដើរជិតដល់ផ្លូវទាល់ហើយនោះ ហូ ជីម៉ិញ បានរៀបចំគម្រោងបះបោរយ៉ាងធំមួយនៅវៀតណាម ហើយនៅពេលនោះចលនា វៀតម៉ិញ បានកាន់កាប់ទីក្រុង និងដែនដីជាច្រើនរបស់វៀតណាម។ វៀតណាមក៏បានក្លាយទៅជា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយ ហូ ជីម៉ិញ បានក្លាយជាប្រធានាធិបតីដំបូង។
នៅឆ្នាំ១៩៤៦ ហូ ជីម៉ិញ បានចុះហត្ថលេខាជាមួយបារាំង ដើម្បីឲ្យគេទទួលស្គាល់នូវអធិបតេយ្យភាពរបស់វៀតណាម និងឯករាជ្យដោយមានលក្ខខណ្ឌតម្រូវឲ្យវៀនណាមចូលជាសមាជិកសហព័ន្ធបារាំង ហើយបារាំងនឹងដាក់យោធាខ្លួនតិចតួចបំផុងនៅវៀតណាម។ ដោយភាគីទាំងពីរមិនអាចគោរពកិច្ចព្រមព្រៀងនេះបាន ភាពតានតឹងបានកើតឡើងរវាងនឹមអាណានិគមនិយមបារាំង និងវៀតណាម រហូតផ្ទុះសង្គ្រាមឡើង។
នៅឆ្នាំ១៩៥៤ កងកម្លាំងវៀតណាម ដែលគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនវៀតណាម ក៏បានផ្តួលរំលំនឹមអាណានិគមនិយមបារាំងនៅ ឌៀន ប៊ៀនភូ ដែលបញ្ជាក់យ៉ាងច្បាស់ពីការបរាជ័យរបស់បារាំងនៅលើទឹកដីវៀតណាមជារៀងរហូត។ ប៉ុន្តែ នៅក្នុងសន្និសីទទីក្រុងហ្សឺណែវ ប្រទេសមហាអំណាចទាំងប្រាំបានសម្រេចបែងចែកវៀតណាមជាពី គឺវៀតណាមខាងជើងដឹកនាំ និងគ្រប់គ្រងដោយចលនា វៀតម៉ិញ រីឯវៀតណាមខាងត្បួង ត្រូវទុកឲ្យកម្លាំងបារាំងនៅគ្រប់គ្រងជាបណ្តោះអាសន្ន រង់ចាំរហូតដល់រដ្ឋាភិបាលវៀតណាមខាងត្បួងមួយ ត្រូវបានបង្កើតឡើងឆាប់ៗនេះ ដោយមានការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក។
ចាប់ពីឆ្នាំ១៩៥៥ រៀងមក សហរដ្ឋអាមេរិកក៏ចាប់ផ្តើមផ្តល់ជំនួយជាហូរហែរ ជាពិសេសជំនួយយោធាដល់វៀតណាមខាងត្បួង ដែលប្រកាន់មនោគមវិជ្ជាសេរីដូចខ្លួន។ ជម្លោះក៏ចាប់ផ្តើមបន្តិចម្តងៗរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ជាពិសេស នៅតាមបន្ទាត់ព្រំដែន។
លុះដល់ឆ្នាំ១៩៦០ ក្រុមកុម្មុយនីស្តនៅវៀតណាមខាងត្បូងបានចងក្រង និងប្រមូលផ្តុំគ្នាជាក្រុមដើម្បីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បួង ដែលត្រូវបានគេស្គាល់ថា «រណសិរ្សដើម្បីសេរីភាពជាតិ» ហើយមានការគាំទ្រជាច្រើនពីវៀតណាមខាងជើង ក្រោយពេលដែល ហូ ជីម៉ិញ ចុះចេញពីតំណែងដោយសារបញ្ហាសុខភាព។
ឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧៥ សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការដោយផ្ទាស់ប្រឆាំងនឹងកម្លាំងវៀតកុង ដែលលាក់ខ្លួន និងចូលឈ្លានពានវៀតណាមខាងត្បូង តែទីបំផុងវៀតណាមខាងជើងបានទទួលជោគជ័យទាំងស្រុងក្នុងសង្គ្រាមមួយនេះ។ លុះដល់ឆ្នាំ១៩៧៦ ប្រទេសវៀតណាមទាំងពីរក៏ត្រូវបានរួបរួមគ្នាឡើងវិញ៕
សូមចុចត្រង់នេះដើម្បីអានអត្ថបទនេះភាគ១
[ដកស្រង់ពីសៀវភៅ៖ ហូ ជីម៉ិញ «ជីវិត និង វិន័យបក្ស» ដែលរៀបរៀងដោយលោក នៅ សករាជ]
© រក្សាសិទ្ធិដោយ thmeythmey.com