ក្នុងឆាកជីវិតរបស់អ្នក អ្នកប្រហែលជាអាចងើបភ្ញាក់ពេលព្រឹក បានប្រហែលជា ២៥,០០០ដង (អាចតិច ឬច្រើនជាងនេះ) ប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវ មកពីអង្គការសុខភាពពិភពលោក (World Health Organization) អត្រាសង្ឃឹមរស់រានមានជីវិត គឺ៧៩ឆ្នាំប៉ុណ្ណោះ សម្រាប់សហរដ្ឋអាមេរិក។
២៥,០០០ ព្រឹក
យើងមានពេលព្រឹក ២៥,០០០ដង ដើម្បីបើកភ្នែកប្រឈមមុខនឹងបញ្ហា ហើយគិតអំពីអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀត។ ខ្ញុំមិនដឹងថា អ្នកគិតយ៉ាងណានោះទេ ប៉ុន្តែខ្ញុំតែងតែមានទម្លាប់បែបនេះជាប្រចាំថ្ងៃ ដែលធ្វើឲ្យខ្ញុំធុញទ្រាន់នឹងជីវិត ពីព្រោះគ្រប់ពេលដែលបើកភ្នែក គឺខ្ញុំត្រូវគិតនូវបញ្ហាជាច្រើនដូចជា ការងារ ប្រពន្ធ កូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទៅថ្ងៃមុខទៀត។ ខ្ញុំគិតថាបើអីចឹងរាល់ថ្ងៃ ខ្ញុំប្រហែលជាមិនអាចមើលឃើញព្រះអាទិត្យនៅពេលព្រឹកបាន ២៥,០០០ដងនោះទេ។ នៅពេលនោះទើបខ្ញុំយល់ថា ខ្ញុំគួរតែកែប្រែទម្លាប់ និងរបៀបគិតរបស់ខ្ញុំហើយ ដើម្បីមានផាសុកភាពរាងកាយ និងផ្លូវចិត្ត។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលធ្វើឲ្យខ្ញុំលែងគិតច្រើន ហើយមានសុខភាពល្អទៀតផង ៖
១. ថាមពល មិនមែនពេលវេលានោះទេ
ប្រសិនបើអ្នកគិតបន្តិច អ្នកប្រហែលជាត្រូវធ្វើការងារ ទៅតាមពេលវេលាជាក់ស្តែង ឬតាមកាលវិភាគដែលអ្នកបានដាក់ហើយ។ ប៉ុន្តែ អ្នកអាចគិតម្តងទៀតថា ពេលព្រឹក បើអ្នកមានកម្លាំង និងអារម្មណ៍ល្អ ដូច្នេះការសរសេរ ឬការបង្កើតថ្មី ប្រហែលជាល្អជាងការធ្វើវា នៅពេលថ្ងៃត្រង់ ឬល្ងាច។
២. ត្រៀមខ្លួន ពីយប់ហើយ
ការត្រៀមខ្លួនទុកជាមុន នឹងធ្វើឲ្យគេងលក់ស្រួល គ្មានកង្វល់ និងគ្មានបញ្ហាដែលត្រូវប្រឈមមុខឡើយ។ ឧទាហរណ៍ បើអ្នកមានគម្រោង ដើរលេងនៅថ្ងៃស្អែក ដូច្នេះ ពេលយប់អ្នកគួរតែរៀបចំខោអាវ សាកថ្មទូរស័ព្ទ ឬម៉ាស៊ីនថត ចម្អិនម្ហូប ឬពិនិត្យយានជំនិះឲ្យហើយ។
៣. កុំបើកមើល email រហូតដល់ម៉ោងធ្វើការ
បើមិនទាន់ដល់ម៉ោងធ្វើការ កុំបើកមើលសារឲ្យសោះ ដើម្បីឲ្យអារម្មណ៍អ្នកមូល សម្រាប់ធ្វើរឿងផ្សេងទៀត។ គ្មានការងារណាបន្ទាន់ ដែលត្រូវឲ្យអ្នកធ្វើភ្លាមៗ ឬទាន់ហន់នោះទេ ពីព្រោះ បើវាពិតជាសំខាន់មែននោះ គេនឹងទូរស័ព្ទមកប្រាប់អ្នកហើយ។ ប្រើប្រាស់ពេលព្រឹករបស់អ្នក ដើម្បីធ្វើឲ្យជីវិតអ្នកស្រស់ថ្លាបន្តិចទៅ។
៤. ពេលសម្រាកគួរតែទុកទូរស័ព្ទ នៅបន្ទប់ផ្សេងមួយស្របក់ទៅ
ចូរផ្តល់ពេលវេលាផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងខ្លួនអ្នកផ្ទាល់ ដោយត្រូវចាកចេញពីការទូរស័ព្ទ ឬ Facebook ជាដើម។
៥. ធ្វើការនៅកន្លែងមានផាសុកភាព និងត្រជាក់ស្រួល
ប្រសិទ្ធភាពការងារនឹងកើនឡើង នៅពេលដែលអ្នកធ្វើការបានស្រួល មានផាសុកភាព ត្រជាក់ និងមានក្លិនដែលអ្នកចូលចិត្ត។
៦. អង្គុយ ឈរ ... ឈរ អង្គុយ
អារម្មណ៍ ក៏ត្រូវការអុកស៊ីសែន ដើម្បីដំណើរការបានល្អផងដែរ។ ស្តាប់ទៅដូចជាចម្លែក ប៉ុន្តែតើអ្នកដឹងទេ មានមនុស្សមួយចំនួន សម្ងំធ្វើការងារបីបួនម៉ោង ដោយមិនក្រោកដើរ និយាយលេង ឬងើបឈរឡើយ នោះហើយជាមូលហេតុ ដែលងាយធ្វើឲ្យគេឈឺ ស្ត្រេស ហើយប្រសិទ្ធភាពការងារ ក៏ចុះថយទៅតាមនោះដែរ។
៧. សុខភាព ជាចម្បង
គ្មានអ្វីដែលអ្នកត្រូវគិត លើពីសុខភាពឡើយ។ បើឈឺ ត្រូវឈប់សម្រាក។ ត្រូវញ៉ាំឲ្យបានដិតដល់ និងញ៉ាំអាហារ ដែលផ្តល់នូវសុខភាពល្អ។ ការហាត់ប្រាណ ក៏ជាការងារសំខាន់មួយផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh