ពីនេះ ពីនោះ
កាល់ ម៉ាក្ស​៖ ជីវភាព​សង្គម​ជា​អ្នកកំណត់​ជីវភាព​របស់​មនុស្ស មិនមែន​មនសិការ​
14, Jan 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាល់ ម៉ាក្ស ជា​ទស្សនវិទូ​មួយរូប ដែល​គិតពី​សេដ្ឋកិច្ច​នយោបាយ ដោយ​ផ្តោត​សំខាន់​ទៅលើ ការ​បដិវត្ត​រវាង​ពួកកម្មករ​និង​ពួក​មូលធននិយម​។ ម៉ាក្ស​យល់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច មាន​តួនាទី​យ៉ាងសំខាន់​ទៅលើ​ផលិតកម្ម​និង​ម្ចាស់​ទំនាក់ទំនង​ផលិតកម្ម ។ សេដ្ឋកិច្ច​ត្រូវ​ពាក់ព័ន្ធ​ទៅនឹង​ម្ហូបអាហារ សំលៀកបំពាក់ លំនៅដ្ឋាន​។ ពួក​មូលធន​ធ្វើការ​វិនិយោគ និង​ធ្វើការ​ប្រកួតប្រជែង​ដើម្បី​ប្រយោជន៍ ទន្ទឹម​និង​កម្មករ​រស់នៅ​យ៉ាង​ត្រដាបត្រដួស​ក្នុងការ​ចិញ្ចឹមជីវិត​។ កត្ដា​នេះ​មិនមែន​កើតចេញពី​មនសិការ​ទេ តែ​ជា​ដំណើរ​នៃ​ជីវភាព​សង្គម​របស់​ម​នុស្ស​។



​ជា​ធម្មជាតិ​របស់​មនុស្ស​គឺជា​ភាវៈ​មួយ​ប្រភេទ​ដែល​ខុសពី​សត្វ​។ មនុស្ស​ត្រូវមាន​ទំនាក់​ទំនងជា នឹង មនុស្ស , មនុស្ស នឹង សង្គម​, និង មនុស្ស​ទៅនឹង ធម្មជាតិ​។ ម្យ៉ាងទៀត​ធម្មជាតិ​របស់​មនុស្ស គឺជា​ការ​ប្រែក្លាយ តែងតែ​វិវត្តន៍​ទៅមុខ និង​មានការ​ផ្លាស់ប្ដូរ​។ មនុស្ស​ខិតខំ​ធ្វើ​អ្វីៗ​ដើម្បី​ខ្លួនឯង និង អ្នកដទៃ​។ មនុស្ស​ខិតខំ​ធ្វើការ ខិតខំ​រក​ទីជម្រក ម្ហូបអាហារ ព្រោះ​វា​ពិតជា​សំខាន់​សម្រាប់​ជីវិត​រស់នៅ​។ ដើម្បី​ផ្គត់ផ្គង់​ចំពោះ​តម្រូវការ​នេះ មនុស្ស​ខិតខំ​ផលិត​វត្ថុ​គ្រប់បែបយ៉ាង ផលិតផល​គ្រប់​ប្រភេទ ទៅតាម​តម្រូវការ​ទីផ្សារ និង​សេចក្ដី​ត្រូវ​របស់​មនុស្ស​នៅក្នុង​សង្គម​។ នៅពេល​តម្រូវការ​សង្គម​កាន់តែ​ខ្ពស់ ធ្វើ​ឲ្យ​តម្លៃលើស​ដែលជា​ប្រាក់ចំណេញ ទៅលើ​ផលិតផល​មួយ​កាន់តែ​ខ្ពស់​។ ការផលិត​បាន​ទាញយក​ប្រយោជន៍​យ៉ាងខ្លាំង​ពី​ក្រុមមនុស្ស​ដែលជា​កម្លាំង​ផលិត​យ៉ាងច្រើន ដោយសារតែ​ការចង់បាន​ហួសហេតុ​របស់​ថៅកែ និង​អ្នកវិនិយោគទុន​។ ប្រការ​នាំ​ឲ្យ​មានការ​រើសអើង​វណ្ណៈ ក៏​ចាប់ផ្ដើម​កើតជា​វណ្ណៈ​មួល​ធន និង​វណ្ណៈ​កម្មករ​។

​ចំណុច​នេះហើយ ដែល​លោក​កាល់ ម៉ាក្ស មានការ​សង្កត់ធ្ងន់​ទៅលើ​សង្គមមនុស្ស ឆ្ពោះទៅរក​ការពិចារណា​ចំពោះ​សេដ្ឋកិច្ច ជា​កត្តា​មួយ​ដែល​កំណត់​នូវ​សង្គម​ថា​តើ​សង្គម​នោះ រីកចម្រើន​បាន​ដល់​កម្រិតណា​? ហើយ​បើ​សង្គម​នោះ​មានតែ​ការជិះជាន់ កេងប្រវ័ញ្ច គាបសង្កត់​ថា​តើ​ជីវភាព​របស់​ប្រជាជន​ទៅជា​យ៉ាងណា​? ពេលនោះ​ហើយ​មនសិការ​មិនអាច​កំណត់​នូវ​ជីវភាព​បានទេ​។ ព្រោះ​កត្តាសេដ្ឋកិច្ច វា​ទាមទារ​ឲ្យ​មនុស្ស​រស់នៅ​បាន​ស្រួល​។ មនុស្ស​ដែល​ក្រីក្រ​មិនមាន​ពេល​ទៅ​ពិចារណា​រឿងរ៉ាវ​មនសិការ​នោះទេ​។​

​ទាំងអស់​នេះហើយ មានតែ​សង្គម​ដែល​ជាប់ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច​រីកចម្រើន​ទេ ដែល​ធ្វើ​ឲ្យ​ជីវភាព ពួក​វណ្ណៈ​អធន​មាន​ក្តីសង្ឃឹម​ឡើងវិញ​ហើយ​ធ្វើការ​បំបាត់​សង្គម​វណ្ណៈ ធ្វើការ​ដឹកនាំ​សង្គម​ឈានទៅដល់​សេដ្ឋកិច្ច​កំពូល​បាន គឺ​សេដ្ឋកិច្ច​នៃ​សង្គម​កុ​ម្មុយ​នី​ស ដែល​ពលករ​ម្នាក់ៗ​ទទួលបាន​ពី​សង្គម មកវិញ​ក្រោយពី​អ្វីដែល​គេ​បានផ្តល់​ដល់​សង្គម និង​ម្យ៉ាងទៀត​សមស្រប​ទៅ​និង​បរិមាណ និង​គុណភាព​ពលកម្ម​របស់ខ្លួន​។​

​ទាំងអស់នេះ​គាត់​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​ហ៊ាន​តវ៉ា​ប្រឆាំង​នូវ​អ្វីដែល​ទទួលបាន​ពី​ភាព​អ​យុ​តិ្ត​ធម៌​ពី​សំណាក់​អ្នកមានអំណាច ហើយ​ចង់​ឲ្យ​មាន​ការចេះ​សាមគ្គី ប្រមូលផ្តុំ​សហការ​ណ៍​គ្នា​ដើម្បី​ទាមទារ​រក​នូវ​អ្វីដែល​ថ្មី​ហើយ​ប្រសើ​ជាង​មុន​។

​ចំពោះ​ការ​លើកឡើងថា «​ជីវភាព​សង្គម​ជា​អ្នកកំណត់​ជីវភាព​របស់​មនុស្ស មិនមែន​មនសិការ​ទេ​» របស់​ម៉ាក្ស​បែបនេះ​ថ្វី​ត្បិត​មាន​ខ្វះចន្លោះ​ក្នុងការ​គិតពី​សីលធម៌​សង្គម និង​ផ្នត់គំនិត​កែប្រែ​សង្គម ទៅតាម​លទ្ធភាព​របស់​បុគ្គល ដែល​នាំ​ឲ្យ​វិបត្តិ​សង្គម​តាមរយៈ​ការយក​សេដ្ឋកិច្ច​ដើម្បី​កំណត់​កត្ដា​រស់នៅ​ក្នុងសង្គម​។ ប៉ុន្តែ​ភាពជាក់ស្ដែង​នៃ​សង្គម គឺ​ទាមទារ​ជា​ចាំបាច់​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ចជាតិ ដោយ​ផ្ដើមចេញពី​ភាពរុងរឿង​នៃ​សេដ្ឋកិច្ច​គ្រួសារ និង​បុគ្គល​នីមួយៗ​។ នៅពេល​មនុស្ស​នៅក្នុង​សង្គម​មាន​កម្រិត​សេដ្ឋកិច្ច​សមរម្យ ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន ពេលនោះ​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព​នឹង​ដំណើការ​ទៅដោយ​មាន​ប្រសិទ្ធភាព​។


© រក្សាសិទ្ធិដោយ thmeythmey.com