ពីនេះ ពីនោះ
ថូ​ម៉ាស ហូប​ស៍​៖ តើ​អ្វី​ទៅ​ដែល​ហៅថា​រដ្ឋ​?
15, Jan 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនៈ យល់ឃើញថា ធម្មជាតិ​របស់​មនុស្ស​គឺ​អាក្រក់​ពី​កំណើត ហើយ​ចាត់ទុក​មនុស្ស​គឺជា​ឆ្កែចចក សម្រាប់​មនុស្ស​គ្នាឯង និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន បានធ្វើ​ឲ្យ​ថូ​ម៉ាស ហូប​ស៍ បង្កើត​ទ្រឹស្ដី​មួយ​ហៅថា ទ្រឹស្ដី​កិច្ចសន្យា​សង្គម ដើម្បី​បង្កើត​រដ្ឋ និង​គ្រប់គ្រង​រដ្ឋ​។ ចុះ​ហេតុអ្វី​ចាំបាច់​ឲ្យ​មាន​រដ្ឋ​? តើ​រដ្ឋ​មានន័យ​បែបណា​? នេះ​ជា​សំណួរ​ដើម្បី​ធ្វើការ​សិក្សា​ពី​ប្រភព​នៃ​ការលើកឡើង​របស់លោក ថូ​ម៉ាស់ ហូប​ស៍​។



​ជាស​ភាព​ធម្មជាតិ​រប​ស់មនុស្ស មនុស្ស​តែងតែ​បណ្ដោយ​ខ្លួន​ទៅតាម​សភាវគតិ អត្តទត្ថ និង​ចំណង់ ធ្វើ​ឲ្យ សង្គម​បង្ក​ជា​សង្គ្រាម ការជិះជាន់ គាប់​ស​ង្គ​ត់​គ្នា ដើម្បី​ការពារ​ខ្លួន និង​គ្រប់គ្រង​អ្នកដទៃ​ដោយ​ប្រើ​ឥទ្ធិពល​និង​អំណាច​។ ប្រការនេះ​នាំទៅរក​ការរើបំរាស់​គឺជា​សភាព​ពិត​នៃ​ធម្មជាតិ ដែល​ទីណា​មានការ​ជិះជាន់​ទីនោះ​មាន​ការរើបម្រាស​។

​បើ​គ្រាន់​តែមាន​ការរើបម្រាស តើ​អាច​បញ្ចប់​ស្ថានភាព​នៃ​សង្គម​បែប​នោះបានទេ​? តាម​ធម្មតា​គឺ​វា​មិនអាច​បញ្ចប់​បានទេ​។ ដើម្បី​បញ្ចប់​បញ្ហា​នេះ​បាន មនុស្ស​ចាំបាច់​ត្រូវតែ​ចុះកិច្ចសន្យា​សង្គម ដើម្បី​ផ្ទេរសិទ្ធិ​សម្រេច ការដឹកនាំ ការគ្រប់គ្រង និង​ការធានា​សុខ​សុវត្ថិភាព ទៅ​ឲ្យ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ជា​អ្នកទទួលខុសត្រូវ​។ ការផ្ទេរសិទ្ធិ​មូលដ្ឋាន​ដែល​ផ្ដល់​ឲ្យ​ដោយ​ធម្មជាតិ​នេះ នាំ​ឲ្យ​បង្កើតជា​ស្ថាប័ន​ដឹកនាំ​រដ្ឋ​មួយ នោះ​ហៅថា​រដ្ឋ ដែលមាន​អ្នកគ្រប់គ្រង អ្នកការពារ មានច្បាប់ ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​សង្គម​។ ប៉ុន្តែ​ការផ្ទេរសិទ្ធិ​នេះ​មិនមែន​មានន័យថា ផ្ដល់​ឲ្យ​ទាំងស្រុង​នោះទេ តែ​ជា​កិច្ចសន្យា​ដែល​តម្រូវ​ភាគី​ទាំងសងខាង​គឺ​រដ្ឋ និង​រាស្ត្រ​ត្រូវតែ​បំពេញ​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​តួនាទី​ចៅក្រម និង​មន្ត្រី​ទាំងឡាយ​របស់​រដ្ឋ ស្មើនឹង​សន្លាក់​ដែល​ត​ភ្ជាប់​ឆ្អឹង​។ ទីប្រឹក្សា​ស្មើនឹង​ការចងចាំ​។ ការលំបាក​របស់​រដ្ឋ​ស្មើនឹង​ជម្ងឺ​របស់​រដ្ឋ​។ សង្គ្រាមស៊ីវិល ស្មើនឹង​សេចក្ដីស្លាប់​របស់​រដ្ឋ​។ ព្រោះ​សង្គ្រាមស៊ីវិល វា​ជា​ដំណើ​ដែល​ប្រជាជាតិ​នៅក្នុង​រដ្ឋ​ខ្លួន ធាតុ​របស់​រដ្ឋ សម្លាប់​គ្នា​នោះ​នាំទៅរក​ការសម្លាប់​រដ្ឋ​។ ចំណែក​កម្លាំង​គឺជា​អ្នកបង្កើត​រដ្ឋ ហើយ​កម្លាំង​ក៏​ជា​អ្នកបង្កើត​ច្បាប់​ផងដែរ​។ ក្នុង​សភាព​ធម្មជាតិ ការភ័យខ្លាច គឺជា​មូលហេតុ នៃ​ការខ្វះ​សណ្ដាប់ធ្នាប់​។ បើ​គេ​និយាយ​ពីស​ភាព​នយោបាយ​វិញ ការភ័យខ្លាច​នាំមក​នូវ​សណ្ដាប់ធ្នាប់​។ 

​ហេតុនេះ រដ្ឋ គឺជា​អង្គ​សិប្ប​និមិត្ត​មួយ ដែលជា​របស់​មនុស្ស កើតឡើង​ដោយ​ការព្រមព្រៀង​ជា​លក្ខណៈ​សង្គម​។ ហើយ​ប្រៀបបាន​ទៅនឹង​បុគ្គល​មួយរូប​ដែល​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន និង​ត្រូវបាន​បង្កើតឡើង​ដោយ​ឯកភាពគ្នា​រវាង​មនុស្ស​ក្នុងសង្គម ប្រៀប​បានជា​អាទិទេព​នៅ​លើ​ផែនដី តែ​មិនមែនជា​អាទិទេព​។  ចំណែកឯ អំណាច​កំពូល​របស់​រដ្ឋ គឺ​ស្មើនឹង​ព្រលឹង​របស់​រដ្ឋ​។ ប្រសិនបើ​រដ្ឋ មួយ​គ្មាន​អំណាច​នោះទេ ការស្លាប់​រស់ របស់​រដ្ឋ​ក៏ត្រូវ​ប្រឈម​ជាមួយ​ហានិភ័យ​គ្រប់ពេលវេលា​ផងដែរ​។​


© រក្សាសិទ្ធិដោយ thmeythmey.com