កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid និង Atletico Madrid ត្រូវ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​
15, Jan 2016 , 7:39 pm        
រូបភាព
​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​ពីរ​គឺ Real Madrid និង Atletico Madrid ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) ហាម​មិន​ឲ្យ​ទិញដូរ​កីឡាករ​ចូល​នា​រដូវ​កាល​ថ្មី​ខាង​មុន និង​នៅ​ខែមករា​ឆ្នាំក្រោយ​។​



​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid ទាំងពីរ​នេះ​ត្រូវបាន FIFA ពិន័យ​ដោយសារ​បាន​ល្មើស​ទិញ​ចូល​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​លើស​លក្ខ​ណ្ឌ​របស់​សហព័ន្ធ​។ ប៉ុន្តែ​ក្នុង​ខែមករា​នេះ​ក្លិប​ទាំងពីរ​នៅតែ​អាច​ដោះដូរ​កីឡាករ​បានជា​ធម្មតា​។​

 ក្នុងការ​ដាក់ពិន័យ​ខាងលើនេះ Atletico ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​ជិត​៩​សែន​ដុល្លារ​អាមេរិក ខណៈដែល Real ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ជិត​៣​សែន​៦​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។ តែ​ទោះបីជា​យ៉ាង​ក៏ដោយ​ក្លិប​ទាំងពីរ​នឹង​ប្តឹងទៅ​ឧទ្ធរណ៍​ជា​បន្តទៀត​។​

​ក្លិប Real បាន​បង្ហើប​ឲ្យ​ដឹងថា ពាក្យបណ្តឹង​ដែលថា​ពួកគេ​បាន​ចុះហត្ថលេខា​ទិញដូរ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​មិន​ត្រឹមត្រូវ​តាម​លក្ខ​ណ្ឌ​នោះ​គឺ​វា​មិនមែនជា​ការពិត​ទេ​។ ក្លិប​បាន​បន្ថែមទៀតថា​៖«​យើង​នឹង​ប្តឹង​ឧទ្ធរណ៍​វិញ​ដើម្បី​ឲ្យ​FIFA ពិចារណា​ឡើងវិញ​សម្រាប់​ការសម្រេចចិត្ត​ដែល​មិន​ត្រឹមត្រូវ​នេះ​»​។​    ​

​សម្រាប់​ក្លិប Atletico វិញ​ក៏បាន​និយាយ​ដែរ​ថា​៖«​ក្លិប​របស់​យើង​មិន​ទទួលយក​ការដាក់ពិន័យ​ពី​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អន្តរជាតិ​នេះឡើយ ហើយ​យើង​នឹងសិក្សា​ឡើងវិញ​រាល់​ឯកសារ​ទាំងអស់​ដែល​ទទួលបាន​ដើម្បី​ប្តឹង​ទៅកាន់​ឧទ្ធរណ៍​វិញ​»​។​

​គួរ​បញ្ជាក់ថា Barcelona ក៏​ធ្លាប់​ត្រូវបាន​ពី​ន័យ​ដូចគ្នានេះដែរ​ពី​សំណាក់ FIFA កាលពី​ខែមេសា ឆ្នាំ​២០១៤​កន្លងទៅ​។ ហើយ​ការហាម​ប្រាម​ទៅលើ​ក្លិប Barcelona នេះ​ត្រូវ​បញ្ចប់​នៅពេល​ទ្វារ​ដោះដូរ​កីឡាករ​ក្នុង​ពិភពលោក​បើក​ឡើងវិញ​កាលពីដើម​ខែមករា​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com