ពីនេះ ពីនោះ
តើ «ផ្សារ» និង «ផ្សា»មានអត្ថន័យខុសគ្នាដូចម្ដេច?
× នៅក្នុងការសរសេរពាក្យប្រចាំថ្ងៃនេះ រវាងពាក្យថា«ផ្សារ» និង«ផ្សា» មនុស្សមួយចំនួនអាចនៅមានការភាន់ច្រឡំច្រើន ពីរបៀបនៃការប្រើប្រាស់ពាក្យទាំងពីនេះ។
វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបកស្រាយ និងឲ្យនិយមន័យពាក្យទាំងពីរនេះដូចខាងក្រោម៖
«ផ្សារ» មានន័យថា ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះ ឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ។ បុរាណប្រើពាក្យនេះប្រើពាក្យនេះថា អាប័ណ។
ឧទាហរណ៍ ផ្សារផ្សោ, ផ្សារស្ដុកស្ដម្ភ, និងផ្សាររាយរងនៅលាយចម្រុះគ្នា។ ជាកិរិយាសព្ទ មានន័យថា ភ្ជាប់ភ្ជិតដោយទឹកបន្សារ។ ឧទាហរណ៍៖ ផ្សារឆ្នាំងស្ពាន់, ផ្សារឡតស័ង្កសី។
ពាក្យ«ផ្សា» វិញ មានន័យថា ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ,ប្រៃ, ហឹរ...។ ផ្សាខ្លោច ឬខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះ ឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត។
ហេតុនេះសូមកត់ចំណាំថា ពាក្យ «ផ្សារ» គឺប្រើសំដៅទៅលើទីកន្លែងលក់ដូរទំនិញ ផ្សារលក់ទំនិញ និងសំដៅទៅលើការ ផ្សារភ្ជាប់របស់មួយជាដើម។ ចំណែក ពាក្យ «ផ្សា» គឺសំដៅទៅលើ ការឈឺចាប់ក្នុងចិត្ត ឬរបួសស្នាមអ្វីមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com