ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​សម្រេច​ឲ្យ​និស្សិត​ពេទ្យ​បង់ថ្លៃ ១​សែន​រៀល​សម្រាប់​ការប្រឡង​ថ្នាក់ជាតិ​
23, Jan 2016 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បា​នស​ម្រ​ច​ឲ្យ​និស្សិត​ពេទ្យ​បង់ថ្លៃ ១​សែន​រៀល ស្មើនឹង ២៥​ដុល្លារ​អាមេរិក សម្រាប់​ការប្រឡង​ចេញ​ថ្នាក់ជាតិ​វិស័យ​សុខាភិបាល បន្ទាប់ពី​សម្តេច​បានទទួល​សំណើសុំ​ការបញ្ចុះ​តម្លៃ​របស់​យុវ​សិស្ស​ម្នាក់​ឈ្មោះ Darapiseth Sokha តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២២ មករា​នេះ​។​


 
​បើ​យោងតាម​ការសរសេរ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី យុវ​សិស្ស​ម្នាក់​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Darapiseth Sokha បាន​ផ្ញើ​សារ​ជូន​សម្តេច​តាម Facebook សុំ​បញ្ចុះតម្លៃ​សម្រាប់​ការប្រឡង​ចេញ​ថ្នាក់ជាតិ សម្រាប់​វិស័យ​សុខាភិបាល ដែល​តម្រូវ​ឲ្យ​បង់​ថវិកា ៥​សែន​រៀល​។ ក្រោយពី​ទទួល​សារ​នោះ សម្តេច​បាន​បញ្ជាក់ថា សម្តេច​បាន​យល់​កាន់តែច្បាស់​ពី​ស្ថានភាព​សិក្សា និង​ការរស់នៅ​របស់​និស្សិត​ខ្មែរ​។​
 
​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ហើយ​នៅថ្ងៃនេះ គឺ​ខ្ញុំ​បានសម្រេច​បញ្ចុះតម្លៃ​ជូន​និស្សិត នៅត្រឹម ១០០,០០០ រៀល​។ ខ្ញុំ​សង្ឃឹមថា​និស្សិត​ចំនួន ១៤៣៣ នាក់ នឹង​បាន​ធូរស្រាល​មួយកម្រិត​ធំ​ចំពោះ​ការបញ្ចុះ​តម្លៃ​ខាងលើនេះ ហើយនឹង​បាន​នៅសល់​ថវិកា​មួយចំនួន សម្រាប់​យកទៅ​ដោះស្រាយ​លើ​ជីវភាព​រស់នៅ អោយបាន​ប្រសើរឡើង​»​។​
 
​ជាងនេះទៀត សម្តេច​ក៏បាន​កោត​ស​សើ​រលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចំពោះ​ការយកចិត្តទុកដាក់​ដោះស្រាយ​សំណូមពរ​របស់​និស្សិត តាមរយៈ​ការចូល​ពិនិត្យមើល​ការ​មតិ​លើ​ទំព័រ Facebook របស់​សម្តេច​ផងដែរ​។​
 
​គួរ​រម្លឹក​ផងដែរ កន្លងមក និស្សិត​ពេទ្យ​មួយចំនួន បានទាមទារ​សុំ​ការបញ្ចុះ​តម្លៃ​ការប្រឡង​ចេញ​ថ្នាក់ជាតិ​ក្នុង​វិស័យ​សុខាភិបាល​ពី​តម្លៃ ១២៥​ដុល្លារ មក​ត្រឹម ៧៥​ដុល្លារ​អាមេរិក ប៉ុន្តែ​ពួកគេ​ពុំ​ទទួលបាន​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​ទេ​។ កាល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥  គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត​បញ្ជាក់ថា គណៈកម្មាធិការ​នៅតែ​រក្សា​តម្លៃ​សម្រាប់​ការបង់ថ្លៃ​សិទ្ធិ​ប្រឡង​ថ្នាក់ជាតិ​ចំនួន ២៥​ដុល្លារ សម្រាប់​ផ្នែក​ទ្រឹស្តី និង ១០០​ដុល្លារ សម្រាប់​ផ្នែក​ជំនាញ​គ្លីនិក​៕

Tag:
 សម្តេច ហ៊ុន​ សែន
  ពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com