ជាតិ
ស្តាប់​ប្រវត្តិ​បទ​ចម្រៀង​«​ស្រមោល​ស្នេហ៍​» ឬ The house of rising sun
22, Feb 2019 , 2:03 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សុខឿន នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ នូវ​ប្រវត្តិ​របស់​បទ​ចម្រៀង "​ស្រមោល​ស្នេហ៍​" ដែល​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត​។​



នេះ​ជា​សម្លេង​របស់​អ្នកចម្រៀង​គ្មាន​គូ​ប្រៀប ស៊ីន ស៊ី​សាមុត ក្នុង​ទំនុក​នៃ​បទ "​ស្រមោល​ស្នេហ៍​"​។ បទ​ចម្រៀង​នេះ​ត្រូវបាន​ផលិត​និង​ចេញលក់​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ តាមរយៈ​រលក​សម្លេង​រយ​ពាន់​មនោសញ្ចេតនា​នេះ អ្នកនិពន្ធ​បាន​រំលេច​អោយ​អ្នក​ស្តាប់ បានដឹង​ពី​ទឹកចិត្ត​ស្នេហា​របស់​បុរស​ម្នាក់ ដែល​កំពុង​អង្គុយ​រង់ចាំ​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន តាំងពី​ថ្ងៃ​ហៀ​ប​អស្តង្គត​រហូតដល់​យប់​ជ្រៅ​។ ទោះ​អង្គុយចាំ​យូរ​រហូតដល់ សន្សើម​ធ្លាក់​ជោគ​ប្រាណ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​ចាំ ព្រោះ​ចាប់ពី​ថ្ងៃស្អែក​ទៅ ពួកគេ​នឹង​លែង​បាន​ជួបគ្នា​ទៀតហើយ​……


 
ផ្ទុយ​ពី​ទំនុកច្រៀង​ជា​ភាសា​ខ្មែរ ទំនុកច្រៀង​ដើម​នៃ​បទ​ចម្រៀង​នេះ បាន​ច្រៀង​រៀបរាប់​អំពី ​ជីវិត​របស់​ជន​មួយចំនួន​ដែល​ត្រេកត្រអាល​នឹង​អំពើ​អបាយមុខ និង ដើរ​ខុស​គន្លង​ធម៌​នៅ រដ្ឋ New Orleans នៃ​សហរដ្ឋអាមេរិក​។ បទ​ចម្រៀង​នោះ​ច្រៀង​ជា​ភាសា​អង់គ្លេស និង​មាន​ចំណងជើង​ថា The House of The Rising Sun ។​
​    ​

​ដូចជា​កំណាព្យ​បែប Classic ដទៃទៀត​ដែរ ដើមកំណើត​ឬ​ការ​តែង​និពន្ធ​របស់​បទ​ចម្រៀង​នេះ គឺ​មិនមាន​ភាពច្បាស់លាស់​ទេ​។ ប៉ុន្តែ​អ្នក​តន្ត្រី​វិទ្យា​និយាយថា​បទ​ចម្រៀង​នេះ​​ប្រហែលជា​កើតឡើង​នៅ​សតវត្សរ៍​ទី​១៨ ។ អ្នក​តន្ត្រី​វិទ្យា​បាន​សន្និដ្ឋានថា បទ​ចំរៀង​នេះ​​ត្រូវបាន​ជនអន្តោប្រវេសន៍​អង់គ្លេស នាំមក​កាន់​សហរដ្ឋអាមេរិក​នៅពេលដែល​ពួកគេ​មក តាំងទី​លំនៅ​នៅ​រដ្ឋ​New Orleans​។ ផ្ទុយ​ពី​ការលើកឡើង​ខាងដើម លោក Alan Price តន្ត្រីករ​នៅក្នុង​ក្រុម​តន្ត្រី The Animals និយាយថា បទ​ចម្រៀង​នេះ​គឺជា​បទ​ចម្រៀង​ប្រជាប្រិយ​របស់​អង់គ្លេស ហើយ​មាន​ដើមកំណើត​តាំងពី​សតវត្ស​រ៍​ទី​១៦​មកម្ល៉េះ​។​

​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​បាន និង​មាន​សម្លេង​នៅសល់ បទ​ចម្រៀង The House of TheRising Sun ត្រូវបាន​គេ​យកមក​ច្រៀង​តាំងពី​ឆ្នាំ​១៩៣៤​មកម្ល៉េះ​។ ប៉ុន្តែ​បទ​ចម្រៀង​នេះ ​បានទទួល​ប្រជាប្រិយភាព​យ៉ាងខ្លាំងបំផុត​នៅ​ឆ្នាំ​១៩៦៤ គឺ​នៅពេលដែល​បទ​ចម្រៀង​នេះ ត្រូវបាន​ច្រៀង​ដោយ​ក្រុម The Animals របស់​អង់គ្លេស​។ នៅ​ឆ្នាំ​១៩៦៤ បទ​ចម្រៀង The House of The Rising Sun នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​ចក្រភព អង់គ្លេស ​សហរដ្ឋអាមេរិក ស៊ុយ​អ៊ែត ហ្វាំ​ង​ឡង់ និង​កាណាដា​។​

​នៅ​ឆ្នាំ​១៩៦៤​ដដែល នៅឯ​ប្រទេស​បារាំង​ឯណោះ​វិញ បទ​ចម្រៀង​ដែលមាន​លំនាំ​ដូច​គ្នា​នេះ ត្រូវបាន​អ្នកចម្រៀង​បារាំង​ម្នាក់​យកទៅ​ច្រៀង ហើយ​ទទួលបាន​ប្រជាប្រិយភាព និង​​ជាប់​ចំណាត់​លេខ​១​នៅ​ប្រទេស​បារាំង​។ ជា​ភាសា​បារាំង បទ​ចម្រៀង​នោះ​មាន​ចំណង​​ជើង​ថា Le Pénitencier និង​ដែល​មានន័យ​ជា​ភាសា​ខ្មែរ​ថា "​មណ្ឌល​កែប្រែ​" ឬ "​មន្ទីរ​ឃុំ​​ឃាំង​"​។ បទ​នេះ ច្រៀង ដោយ​លោក Johnny Hallyday ។​


​ដូចគ្នា​នឹង​ទំនុកច្រៀង​ជា​ភាសា​អង់គ្លេស​ដែរ Le Pénitencier បាន​ច្រៀង​រៀបរាប់​អំពី ជីវិត​​របស់​កូនប្រុស​ម្នាក់​ដែល​ត្រេកត្រអាល​នឹង​អំពើ​អបាយមុខ និង ដើរ​ខុស​គន្លង​ធម៌ ហើយ​បន្ទាប់មក កូនប្រុស​នោះ​ត្រូវបាន​ចាប់​យកទៅដាក់​នៅក្នុង​មណ្ឌល​កែប្រែ​។ ទាល់តែ​ពេល​​ដែល​ខ្លួន​ស្ថិតនៅក្នុង​មណ្ឌល​កែប្រែ ទើប​កូនប្រុស​មាន​វិប្បដិសារៈ និង​នឹក​ដល់​ម្តាយ​ដែល​​តែងតែ​យកចិត្តទុកដាក់​ថែរក្សា និង ណែនាំ​ខ្លួន​។

​រលក​សកលភាវូបនីយកម្ម បាន​បក់​ផាត់​នាំយក​បទ​ចម្រៀង​បរទេស​ទាំងនេះ មកដល់​កម្ពុជា​។ ប៉ុន្តែ​មិនមាន​ប្រភព​ណាមួយ​បញ្ជាក់ថា តើ​បទ​ចម្រៀង "​ស្រមោល​ស្នេហ៍​" របស់​លោក​ស៊ីន ស៊ី​សាមុត ទទួល​ឥទ្ធិពល​ពីបទ​ចម្រៀង​ណាមួយ​ក្នុងចំណោម​បទ​ទាំងពីរ​ខាង​លើ​នោះទេ​។ ទោះយ៉ាងណា តាម​ការសង្កេត​ជាទូទៅ លើ​ថាស​ខ្មៅ​ដែល​នៅ​សេសសល់​ផលិករ​ខ្មែរ​ពី​ជំនាន់​ដើម​តែងតែ​ប្រាប់​អ្នក​ស្តាប់​របស់ខ្លួន​ជានិច្ច ថា​តើ​បទ​ចម្រៀង​ណា​ដែល​ខ្លួន​និពន្ធ​ដោយ​ខ្លួនឯង និង បទ​ចម្រៀង​ណា​ដែល​ខ្លួន​យក​លំនាំ​តាម​បទ​បរទេស​ជានិច្ច​។ ​ទង្វើ​នេះ​គឺជា​ការលើកកម្ពស់​ស្នាដៃ​ម្ចាស់​ដើម និង​ផ្តល់​តម្លៃ​ដល់​ខ្លួនឯង​ផងដែរ​៕
 

Tag:
 ឃុ​ត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com