បួស​ដើម្បី​អ្វី​?
ជាតិ
សាសនា / ធម៌
បួស​ដើម្បី​អ្វី​?
20, May 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកបួស​មាន​លក្ខណៈផ្សេង​ពីគ្នា ទៅតាម​សាសនា និង​ជាតិ​សាសន៍​នីមួយៗ​។ តួយ៉ាង​ដូចជា អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា អ្នកបួស​ក្នុង​សាសនា​គ្រិស្ត អ្នកបួស​ក្នុង​សាសនា​អ៊ិ​ស្លាម អ្នកបួស​ក្នុង​សាសនា​ព្រាហ្ម​ណ៍ ជាដើម ដែល​ប្រតិបត្តិ​ និង​ដើរ​តាម​គន្លង​ឱវាទ​សាសនា​របស់ខ្លួន​ផ្សេងៗ​ពីគ្នា​។ ចុះ​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា តើ​បួស​ដើម្បី​អ្វី​?



​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា មាន​កាតព្វកិច្ច​ធំៗ​ពីរ គឺ​បួស​ដើម្បី​បំពេញ​វិបស្សនាធុរៈ និង​បួស​ដើម្បី​បំពេញ​គន្ថធុរៈ​។ អ្វី​ជា​វិបស្សនាធុរៈ ហើយ​អ្វី​ជា​គន្ថធុរៈ​?

​វិបស្សនាធុរៈ គឺ​ការបំពេញ​នូវ​វិបស្សនា ការធ្វើ​សមាធិ ដើម្បី​ដុត​កម្លោច​នូវ​កិលេស ពោលគឺ​ការ​កម្ចាត់​ឲ្យ​អស់​ទៅ​នូវ លោភៈ ទោសៈ មោហៈ ដែល​ស្ថិតនៅក្នុង​ខន្ធ​សន្តាន​។ ជាទូទៅ វិបស្សនាធុរៈ​នេះ គឺជា​កាតព្វកិច្ច​របស់​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​ច្រើន កម្លាំង​ពលំ​ចុះខ្សោយ បញ្ញា​អន់ថយ មិនអាច​សិក្សា​រៀនសូត្រ​ឲ្យ​ចេះ​ចាំ​និង​ស្ទាត់ជំនាញ នូវ​ព្រះ​ពុទ្ធោវាទ ឲ្យ​ដូច​ព្រះសង្ឃ​ក្មេងៗ ឡើយ​។ 

​ចំណែកឯ គន្ថធុរៈ ជាការ​បំពេញ​នូវ​ព្រះ​បរិយត្តិ ពោល​គឺជា​ការសិក្សារៀនសូត្រ​នូវ ព្រះ​ត្រៃ​បិ​ដក ធម៌​វិន័យ ភាសាបាលី​-​សំស្ក្រឹត និង​វិទ្យា​ផ្សេងៗ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពុទ្ធបរិស័ទ ឲ្យ​យល់​ពី​ព្រះពុទ្ធ​ឱវាទ និង​ខ្លឹមសារ​ជីវិត ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ដើរ​តាម​គន្លង​ផ្លូវ​សុច​រិត ឆ្ពោះ​ទៅកាន់​សុខ​សុ​ភមង្គល​។ គន្ថធុរៈ​នេះ គឺ​សម្រាប់​ព្រះសង្ឃ​វ័យក្មេង ហើយ​បញ្ញា និង​កម្លាំងកាយ ក៏​នៅ​ខ្លាំងក្លា ដែល​អាច​តស៊ូ​នឹង​ភាពលំបាក​ក្នុងការ​ស្វែងរកចំណេះ​វិទ្យា យកទៅ​អប់រំ​និង​ដឹកនាំ​មនុស្ស ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។

​យ៉ាងណាក៏ដោយ ព្រះពុទ្ធ​មិនបាន​បែងចែក ថា​ព្រះសង្ឃ​មាន​វ័យចាស់ ត្រូវតែ​ធ្វើ​វិបស្សនា ហើយ​ព្រះសង្ឃ​មាន​វ័យក្មេង​ត្រូវតែ​រៀនសូត្រ​នោះទេ​។ ប្រសិនបើ​ព្រះសង្ឃ​អាចបំពេញ​កាតព្វកិច្ច​ទាំងពីរ​ផ្នែក​នេះ​បាន គឺ​រឹត​តែ​ល្អប្រសើរ គ្រាន់តែ​ថា ប្រសិនបើ​ព្រះសង្ឃ​អង្គណា​មាន​វ័យ​ច្រើន មិនអាច​សិក្សា​ឲ្យ​ចេះ​ចាំ​ទេ គប្បី​និមន្ត​ទៅធ្វើ​វិបស្សនា ទើប​ប្រសើរ​ជាង រីឯ​ព្រះសង្ឃ​ក្មេងៗ ដែល​ការចងចាំ​នៅ​ល្អ ហើយ​កម្លាំង​ក៏​នៅមាន គួរ​គប្បី​សិក្សា​រៀនសូត្រ​យកចំណេះ​ដឹង​ទៅ​ស្រោចស្រង់​មនុស្ស​ឲ្យ​ផុត​ទុក្ខ ទើប​ប្រពៃ​។ 

តាមពិត គោលដៅ​អ្នកបួស​ធំធេង​​ណាស់​។ បួស​ មិនមែន​បួស​លេង​, បួស​ មិនមែន​​ដើម្បី​តែ​សប្បាយ​, បួស​ មិនមែន​​ព្រោះ​គេច​ពី​ការងារ​ផ្ទះ​, បួស មិនមែន​​ដើម្បី​សន្សំទ្រព្យ​, បួស ​មិនមែន​​ដើម្បី​ឋានន្តរសក្តិ​, បួស ​មិនមែន​ដើម្បី​គេច​ពី​អាជ្ញា​រដ្ឋ​។ តែ​បួស​ដើម្បី​ស្វែងរក​ធម៌​រំលត់ទុក្ខ​ទាំងពួង ហើយ​ដើម្បី​ជួយសង្គ្រោះ និង​ប្រោស​សត្វលោក​ឲ្យ​រួច​ចាក​ទុក្ខ​ផងដែរ​។​ ​

អ្នកបួស ដែល​ក្លាយខ្លួនជា​ឧ​ត្ត​ម​ភេទ ក្រៅពី​ស្វែងរក​មាគ៌ា ដើម្បី​ចេញ​ចាក​ទុក្ខ ក៏មាន​កាតព្វកិច្ច​ដ៏​ចាំបាច់​ ក្នុងការ​ជួយសង្គ្រោះ​បងប្អូន គ្រួសារ សាច់ញាតិ និង​សង្គម​ទាំងមូល​។ ការជួយ​សង្គ្រោះ​នេះ គឺមាន​រូបភាព​ផ្សេងៗ​គ្នា ដូចជា អប់រំ ទេសនា​ប្រៀនប្រដៅ និង ជួយ​តម្រង់​ទិដ្ឋិ​តាម​ព្រះ​ពុទ្ធោវាទ ជាដើម៕


Tag:
 ព្រះពុទ្ធសាសនា
  អ្នកបួស
© រក្សាសិទ្ធិដោយ thmeythmey.com