កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ចិន Guangzhou ចំណាយលុយ​ធំ​ទិញ Jackson Martinez ពី At Madrid
03, Feb 2016 , 12:24 pm        
រូបភាព
Jackson Martinez ខ្សែប្រយុទ្ធ​របស់​ក្លិប Atletico Madrid បាន​ចូលរួម​ជាមួយ​ក្លិប Guangzhou Evergrande របស់​ចិន​ហើយ​ក្នុងតម្លៃ​ផ្ទេរ ជិត​៤៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Guardian​។​


 
​ក្លិប Guangzhou Evergrande បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​នាំយក​អតីត​ខ្សែ​ប្រ​យុ​យុទ្ធ​របស់ Porto នេះ​មក​ពង្រឹង​ក្រុម​បន្ថែម ខណៈ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ចិន​ដទៃទៀត​បាន​នាំយក​កីឡាករ​ល្បីៗ​ពី​បណ្តា​ក្លិប​ក្នុង​ទ្វីប​អ៊ឺរ៉ុប​ទៅ​ជួយ​ក្រុម​ដូចគ្នា​ដែរ​។​
 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូ​ឡុំ​ប៊ី វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់​ចុងក្រោយ​បំផុត​ផងដែរ​ក្នុងចំណោម​កីឡាករ​ដទៃទៀត​ដូចជា Ramires, Fredy Guarin និង Gervinho ដែល​ទៅ​ចូលរួម​ក្លិប​ក្នុង​ទ្វីបអាស៊ី​នា​រដូវ​កាល​ទិញដូរ​កីឡាករ​នា​ខែមករា​កន្លងទៅនេះ​។ ហើយ​អតីត​ខ្សែប្រយុទ្ធ Porto​នេះដែរ​នឹង​ឋិត​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​ប្រេ​ស៊ី​ល  Luiz Felipe Scolari ដែល​លោក​បាន​ទៅ​ដឹកនាំ​ក្រុម Guangzhou តាំងពី​ខែមិថុនា​មក​នោះ​។​
 
​ក្រោយ​ចាក​ចេញពី​Porto មក​ចូលរួម​ជាមួយ Atletico កាលពី​ខែកក្កដា​ឆ្នាំមុន​ក្នុងតម្លៃ ៣៨​លាន​ដុល្លារ​នោះ Martinez បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បានតែ​១៥​ប្រកួត​ប៉ុណ្ណោះ​ដោយ​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់ ក្រោម​ការដឹកនាំ​របស់​លោក Diego Simeone​។​
 
​បើ​យោងតាម​កាសែត AS របស់​អេ​ស្ប៉ា​ញ Martinez មិនបាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​កាលពី​ថ្ងៃ​ចន្ទ​នោះទេ​ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន​ជាមួយនឹង​ក្រុម​នេះ  ខណៈដែល​ភ្នាក់ងារ​របស់ខ្លួន​លោក Jorge Mendes បានចាប់ផ្តើម​ចរចា​ជាមួយ At Madrid នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ទីបំផុត​ក្លិប​ក៏​យល់ព្រម​លក់ Martinez ទៅ​ឲ្យ Guangzhou នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​
 
​សូមបញ្ជាក់ថា​ទីផ្សា​ដោះដូរ​កីឡាករ​ក្នុងប្រទេស​ចិន​នៅ​បន្ត​បើកទ្វា​រហូតដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ខណៈ​ទីផ្សា​ទិញដូរ​កីឡាករ​នៅ​អ៊ឺរ៉ុប​បាន​បិទ​បញ្ចប់​ហើយ​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ​៕
 
 

Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com