ជាតិ
ពីនេះ ពីនោះ
«ស្និត» ខុសពី «ស្និទ្ធ»
23, Feb 2023 , 7:29 am        
រូបភាព
​មនុស្ស​មួយ​ចំនួន​​សរសេរ​ពាក្យ​ទាំង​នេះ ដោយ​មិនដឹងថា​ណាមួយ​ខុស ​ឬ​មួយណា​ត្រឹមត្រូវ​ឡើយ​។ តាម​វចនានុក្រម​ខ្មែរ ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្និត» និង «ស្និទ្ធ» មានន័យ​ខុសគ្នាទាំងស្រុង។



«​ស្និត​» ជា​ក្រាស​មួយ​ប្រភេទ​មាន​ធ្មេញ​ទាំងពីរ​ខាង​ល្អិត​ញឹក​ជិត សម្រាប់​សិត​ឲ្យ​ដោយ​ចៃ ឬ​សិតសក់​ស្ងួត​ឲ្យ​រាប​ជិត​។ រីឯន័យ​មួយទៀត​ វាជា​សំណុំ​ផ្លែ​ចេក​ដែល​នៅជាប់​នឹង​ស្ទង ឬដែលពន្លះ​ចេញពី​ស្ទង​មកមិនឲ្យ​របេះ​ដាច់ពីគ្នា​​។ ឧទាហរណ៍​៖ ស្និតចេក ឬ​ចេក​មួយ​ស្និត​។​

ចំណែកពាក្យ «​ស្និទ្ធ​» មានន័យថា ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ ។ ខ្មែរប្រើជា កិ., កិ. វិ. ឬ គុ. ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត, ស៊ប់ចិត្តឥតរង្កៀស, ទុកចិត្តស៊ប់; ជិតដិត, ទំនុកទុកចិត្ត, ឥតរង្កៀស។ ខ្ញុំមិនសូវស្និទ្ធនឹងគេទេ; បរិភោគស្និទ្ធ; មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ ។

«សិទ្ធ» ក៏មានន័យថា ជិតស្លុង ផងដែរ​។ ឈើសាច់ស្និទ្ធ; ដៃជាងនេះបញ្ចុះដំណាប់ស្និទ្ធល្អណាស់ ។ ស្និទ្ធជិត ជិតដិតណាស់; ជិតស្លុង ឥតមានស្នាម ។ ស្និទ្ធស្នាល ( ម. ព. ស្នាល ) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត ( ព. កា. ) ។ ស្និទ្ធស្នេហា ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ ។ ល ។

© រក្សាសិទ្ធិដោយ thmeythmey.com