បើអ្នកចង់បានក្រលៀនដែលមានសុខភាពល្អ អ្នកគួរតែកែចោលទម្លាប់អាក្រក់មួយចំនួនដែលអ្នកប្រព្រឹត្តរាល់ថ្ងៃ។ តើមានអ្វីខ្លះទៅ?
ផឹកទឹកច្រើន
បើអ្នកជាមនុស្សដែលមិនចូលចិត្តផឹកទឹក អ្នកគួរតែប្តូរមកទម្លាប់ដែលចូលចិត្តផឹកទឹកវិញ ព្រោះនៅពេលដែលអ្នកផឹកទឹកច្រើន វានឹងធ្វើឲ្យអ្នកនោមច្រើន ជាហេតុដែលអាចការពារអ្នកពីជំងឺគ្រួសក្នុងតម្រងនោម ថែមទាំងអាចជួយបញ្ចេញជាតិពុលមកក្រៅឲ្យអស់ទៀតផង នោះក្រលៀនអ្នកនឹងមានសុខភាពល្អ។
មិនត្រូវផឹកស្រាបៀរច្រើន
នៅពេលដែលអ្នកមានជំងឺដែលទាក់ទងនឹងក្រលៀនរួចមកហើយ អ្នកមិនត្រូវផឹកស្រាច្រើននោះទេ ព្រោះវាអាចធ្វើឲ្យក្រលៀនអ្នកកាន់តែខ្សោយទៅៗជាមិនខាន។
បរិភោគបន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើគឺជាអាហារដែលអាចជួយមនុស្សឲ្យមានសុខភាពល្អ ប៉ុន្តែចំពោះអ្នកដែលមានជំងឺក្រលៀន ត្រូវតែពិសារឲ្យត្រូវ ហើយមិនត្រូវបរិភោគហួសកំណត់ឡើយ ដោយមិនត្រូវពិសារសម្លបន្លែដែលក្រាស់ពេកនោះទេ ទើបក្រលៀនអ្នកមិនខូច។
មិនត្រូវផឹកទឹកក្រូចច្រើន
អ្នកមិនត្រូវផឹកទឹកក្រូច កាហ្វេ ឬភេសជ្ជៈផ្សេងៗមកជំនួសទឹកនោះទេ ព្រោះនៅពេលដែលអ្នកផឹកភេសជ្ជៈទាំងនោះច្រើន វានឹងធ្វើឲ្យឈាមអ្នកឡើងខ្ពស់ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នក។
មិនត្រូវបរិភោគសាច់ច្រើន
សាច់ក៏មិនត្រូវពិសារច្រើនដែរបើអ្នកមិនចង់ឲ្យក្រលៀនអ្នកមានបញ្ហា ព្រោះវាក៏ជាកត្តាក្នុងការបំផ្លាញក្រលៀនអ្នកដែរ។
ថ្នាំបំបាត់ការឈឺចុកចាប់
ថ្នាំប្រភេទនេះអ្នកមិនគួរប្រើច្រើនដូចគ្នា ព្រោះវាជាប្រភេទថ្នាំដែលអាចធ្វើឲ្យអ្នកមានក្រលៀនខ្សោយ។
អាហារដែលប្រៃ
អាហារដែលអ្នកបរិភោគរាល់ថ្ងៃគឺមិនត្រូវប្រៃពេកទេ បើអ្នកតែងតែពិសារអាហារដែលប្រៃ នោះអ្នកអាចប្រឈមមុខនឹងជំងឺក្រលៀននៅថ្ងៃណាមួយជាមិនខានឡើយ៕
ត្រួតពិនិត្យដោយwww.health.com.kh