ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌ ស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​អំពើ​ខុស​ប្រពៃណី​នៅ​ថ្ងៃ​១៤​កុម្ភៈ​
12, Feb 2016 , 9:39 pm        
រូបភាព
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីអំពាវនាវ​មួយ នៅមុន​ប៉ុន្មាន​ថ្ងៃ​ថ្ងៃទី​១៤​កុម្ភៈ ឬ​បុណ្យ​ទិវា​នៃ​សេចក្តីស្រឡាញ់​។ មាតាបិតា អាជ្ញាធរ សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ស្រទាប់​យុវជន ចូលរួម​ទប់ស្កាត់ និង​ពន្យល់​ប្រាប់​កូនចៅ ឬ​មិត្តភក្តិ កុំ​ឲ្យ​យក​ទិវា​នេះ ជា​លេស​ប្រព្រឹត្តិ​នូវ​អំពើ​អវិជ្ជមាន​នានា​ខុស​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត កិត្តិ យស​របស់ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ​ផងដែរ​។​


 
​បើតាម​ក្រសួង​វប្បធម៌​ការចូលរួមចំណែក​នេះ ក៏​ជា​ស្មារតី​នៃ​ការថែរក្សា ការពារ នូវ​អារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ ក៏​ត្រូវតែ​លើកតម្កើង​ឡើង ដើម្បី​កិត្យានុភាព​របស់​កម្ពុជា​ដែរ​។​

​នៅក្នុង​សេចក្តីអំពាវនាវ​នោះ ក្រសួង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​នៃ​ការចែក​ចាយ និង​ធានាថា ក្តី​ស្រឡាញ់​ដ៏​ទូលំទូលាយ​មួយ​ត្រូវតែ​បានធ្វើ​ឡើង​ក្នុង​សន្តាន​ចិត្ត​ដ៏​ស្មោះសរ ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ជាអាទិ៍​មាន ក្រុមគ្រួសារ ឪពុកម្តាយ ប្តី​ប្រពន្ធ កូនចៅ និង​ចំពោះ​អ្នក​ដែល​នៅក្នុង​សង្គម​ជាមួយគ្នា ដូចជា​ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​...​ល​។​ល​»​។



​បើតាម​ក្រសួង​វប្បធម៌ រូបភាព​នានា​ដែល​អាច​សម្តែង​នូវ​សេចក្តីស្រឡាញ់​មាន​ជាអាទិ៍ ជួបជុំ​ពិភាក្សា​ដោយ​រីករាយ ការសរសេរ​លិខិត​ជូនពរ ជូនអំណោយ​ផ្សេងៗ ជូន​ផ្កា ឬ​វត្ថុ​បញ្ចាំចិត្ត​នានា ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​តែប៉ុណ្ណោះ ដោយ​មិន​ប្រមូលផ្តុំ​តែ​ទៅលើ​ស្នេហា​ស្រី​ប្រុស​នោះឡើយ​។​



​ជាមួយគ្នា​នោះដែរ ក្រសួង​ក៏បាន​បញ្ជាក់​ពី​ភាពចាំបាច់ ដែល​សង្គម​កម្ពុជា ជាពិសេស​ស្រទាប់​យុវជន​ត្រូវ​យល់ដឹង​នូវ​វប្បធម៌ ប្រពៃណី​ដ៏​ថ្លៃថ្នូរ​ជាម​រតក​ញើស​ឈាម ដែល​បុព្វបុរស​បន្សល់ទុក​ឲ្យ​។ លើសពីនេះ ពួកគេ​ក៏ត្រូវ​ស្វែងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​ទំនៀមទម្លាប់ និង​វប្បធម៌​ពី​ក្រៅ​មួយទៀត ដើម្បី​បន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ និង​បរិបទ​នៃ​សង្គម​កម្ពុជា សំដៅ​រក្សា​នូវ​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ ដែលមាន​ចំណាស់​រាប់ពាន់​ឆ្នាំ​មកហើយ​នៅក្នុង​ទ្វីបអាស៊ី​នេះ​៕


Tag:
 ៤​កុម្ភៈ​
 ​ ក្រសួង​វប្បធម៌
  ទិវា​នៃ​ក្តី​ស្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com