ជាតិ
អាមេរិក​ប្តេជ្ញា​ជួយ​ដល់​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម​
14, Feb 2016 , 8:39 am        
រូបភាព
ដោយ: VOA
​ភ្នំពេញ​៖ លោក William Heidt​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ស​.​រ​.​អា​.​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់ VOA ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​នៅ​ស្ថានទូត​ស​.​រ​.​អា​.​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​កំពុងតែធ្វើការ​ងារ​ជាមួយ​សភា​អាមេរិកាំង ដើម្បី​កំណត់​ទំហំ​ថវិកា​ដែល​ស​.​រ​.​អា​. នឹង​ផ្ដល់​ឲ្យ​សាលាក្តី​ខ្មែរក្រហម​នៅពេល​អនាគត​។​



​ស​.​រ​.​អា​.​ជា​ប្រទេស​ជួយ​ឈ្មុសឈ្មុល​ឱ្យមាន​ដំណើរការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជីវិត​មនុស្ស​ជិត​២​លាន​នាក់​។ ស​.​រ​.​អា​.​បានផ្ដល់​ជំនួយ​ដល់​តុលាការ​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​រហូតមក​ដល់ពេលនេះ​បានផ្តល់​ថវិកា​ជាង​៣០​លាន​ដុល្លារ​មកហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​នេះ​ក្លាយជា​ម្ចាស់ជំនួយ​ដ៏​ធំ​មួយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឯកអគ្គរដ្ឋទូត Heidt​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់ VOA ថា គម្រោង​ថវិកា​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ក្នុង​ឆ្នាំ​២០១៥ និង​សម្រាប់​ឆ្នាំ​២០១៦ មាន​ភាពប្រសើរឡើង ដោយសារ​ប្រទេស​ផ្តល់ជំនួយ​មួយចំនួន​បានផ្តល់​ថវិកា​មកហើយ​។​

​លោក​និយាយថា រដ្ឋាភិបាល​កម្ពុជា​សន្យា​ផ្តល់​៤,១៥​លាន​ដុល្លារ សម្រាប់​ភាគី​ជាតិ​ក្នុង​គម្រោង​ថវិកា​ចំណាយ​៦,៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​។​

«​ចំណាយ​សម្រាប់​ឆ្នាំ​២០១៦ និង​២០១៧ ត្រូវ​ប្រទេស​ម្ចាស់ជំនួយ​អនុម័ត​ហើយ ក្នុងការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា​សរុប​៥៨,៨​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​២​ឆ្នាំនេះ​។ ហើយ​ប្រទេស​មួយចំនួន​ចាប់ផ្តើម​សន្យា ហើយ​ផ្តល់​ថវិកា​មកដល់​តុលាការ​នេះហើយ​»​។​

​ទាក់ទង​នឹង​ការផ្សះផ្សា​ផ្លូវចិត្ត​របស់​ជន​គ្រោះ​នៃ​របប​វាលពិឃាត​នេះ លោក​ឯកអគ្គរដ្ឋទូត Heidt សង្កត់ធ្ងន់ថា របប​ខ្មែរក្រហម​ដែលមាន​អាយុ​មិន​ដល់​បួន​ឆ្នាំ​ផង​នោះ បាន​បង្ក​ផលប៉ះពាល់​ធំធេង​មិនអាច​កំណត់​បាន​។​

​លោក​ថ្លែងថា​៖«​វា​ជា​យុគសម័យ​ដែល​ខ្មៅ​ងងឹត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​។ របប​មាន​រយៈពេល​បួន​ឆ្នាំ​នោះ​នៅតែ​បន្ត​ប៉ះពាល់​ដល់​កម្ពុជា​សព្វថ្ងៃ​នេះ ទោះ​តិចក្ដី​ច្រើនក្ដី​។ យើង​មិនអាច​ដឹងបាន​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​នោះទេ​»​។​

​លោក​បាន​បន្តថា ភរិយា​របស់លោក​ដែលមាន​ដើមកំណើត​នៅ​ខេត្តពោធិ៍សាត់ ក៏បាន​ឆ្លងកាត់​សោកនាដកម្ម​ក្នុង​របប​ខែ្មរ​ក្រហម​ដែរ​។​

​លោក នេត្រ ភក្ត្រា នៃ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា ក្រៅពី​ចំណាយ​សម្រាប់​ដំណើរការ​កាត់ទោស​ឧក្រិដ្ឋ​កម្មនេះ កម្ពុជា​ក៏ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ដំណើរការ​ផ្សះផ្សារ​ផ្លូវចិត្ត និង​ការផ្សះផ្សា​ជាតិ​ផងដែរ​។​
«​បើទោះបី​នៅពេល​តុលាការ​ចប់​ទៅ គឺ​យើង​នៅមាន​កិច្ចការ​ច្រើន​ទៀត ដែល​ត្រូវធ្វើ​ដើម្បី​ផ្សះផ្សា​ផ្លូវចិត្ត ផ្សះផ្សា​រវាង​ជនដៃដល់ និង​ជនរងគ្រោះ​»​។​

​លោក​និយាយថា ៩០%​នៃ​ជនរងគ្រោះ និង​ដើមបណ្តឹង​រដ្ឋ​ប្បវ​ណី ដែល​ចូលរួម​សាលាក្តី​ខ្មែរក្រហម បាន​និយាយថា ដំណើរការ​កាត់ក្តី​នេះ​ក៏បាន​ជួយ​ផ្សះផ្សា​ផ្លូវចិត្ត​របស់​ពួកគេ​ផងដែរ ជាពិសេស​សំណុំរឿង​០០១​បានបញ្ចប់​កាលពី​ឆ្នាំ​២០១១​។​

​លោក​និយាយថា សវនាការ​សំណុំរឿង​០០២​វគ្គ​២ នឹង​បើក​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែ​នេះ​។ នួន ជា ប្រធានសភា​ខ្មែរក្រហម និង ខៀវ សំផន ប្រមុខរដ្ឋ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ បាន​ជំទាស់​នឹង​សាលក្រម​សាលាដំបូង ដែល​កាត់ទោស​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​នេះ​ជាប់ពន្ធនាគារ​មួយជីវិត សម្រាប់​ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​ចាម ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។
សំណុំរឿង​០០២​វគ្គ​២​នេះ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦ ហើយ​ចេញ​សាលក្រម​នៅ​ឆ្នាំ​២០១៧​។​

​សាលាក្តី​នេះ​មានតែ​គោលការណ៍​សំណង​សមូហភាព ដែលជា​និម្មិត​រូប​សម្រាប់​ជនរងគ្រោះ​ទាំងអស់ ហើយ​មិនមាន​សំណង​ជា​បុគ្គល​ទេ ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​មួយចំនួន​មិន​សប្បាយចិត្ត​។​

​លោក ប៊ូ ម៉េង ដើម​បណ្តឹងរដ្ឋប្បវេណី បាន​ខក​ចិត្តនឹង​ដំណើរ​ការរក​យុត្តិធម៌​នេះ ដែល​លោក​និយាយថា មានការ​អូសបន្លាយ​យូរ ចំណាយ​ថវិកា​ច្រើន តែ​ជនរងគ្រោះ​មិនបាន​ទទួល​សំណង​ជា​បុគ្គល​ទេ​។
លោក​ថា​៖ «​អា​សង​ក៏​មិន​ថា អា​មិន​សង​ក៏​មិន​ថា​។ វា​កប់​ឈឹង​តែម្តង​។ ញត្តិ​ខ្ញុំ​ដាក់​ទៅហើយ​»​។​

​លោក​និយាយថា តុលាការ​ខ្មែរក្រហម​គ្មាន​ឆន្ទៈ​ព​ន្លឿ​ន​ការកាត់ទោស​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​ទេ​។​

​លោក ឡា​ត់ គី មន្ត្រី​អង្គការ​អាដហុក​ប្រចាំ​នៅ​សាលាក្តី​ខ្មែរក្រហម ប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា  បច្ចុប្បន្ន​ជនរងគ្រោះ និង​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​សាលាក្តី​នេះ មិន​ពេញ​ចិត្តនឹង​សាលាក្តី​នេះ​ទេ ដោយសារ​មិនមាន​ឱកាស​ចូលរួម​ដំណើរការ​សាលាក្តី​ដោយផ្ទាល់​ដូច​ពីមុន ហើយ​ពួកគាត់​មិនមាន​ភាព​ជឿជាក់ថា សំណុំរឿង​០០៣ និង​០០៤​នឹង​អាច​ដំណើរការបាន​នោះទេ​។ ហើយ​ម្យ៉ាងទៀត ដើម​បណ្តឹងរដ្ឋប្បវេណី ដូចជា​លោក ប៊ូ ម៉េង និង​លោក ជុំ ម៉ី អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង មិន​សប្បាយចិត្ត ដោយសារ​គ្មាន​សំណង​ជា​បុគ្គល​សម្រាប់​ពេលវេលា​របស់លោក​។​

«​ទាក់ទិន​ជាមួយនឹង​បញ្ហា​អន្តរកាល​នេះ ដើម​បណ្តឹងរដ្ឋប្បវេណី​ភាគច្រើន​មានការ​អត់​សប្បាយចិត្ត​ជាមួយនឹង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​ហ្នឹង​ទេ​»​។​

​លោក នេត្រ ភក្ត្រា នៃ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា ចៅក្រម​កំពុង​វិភាគ​ភស្តុតាង​ទាក់ទង​នឹង​សំណុំរឿង​០០៣ និង​០០៤​។ លោក​និយាយថា ការសាកសួរ​អ្នកស្រី អ៊ឹម ចែម គណៈ​ស្រុក​ព្រះនេត្រព្រះ​សម័យ​ខ្មែរក្រហម បានបញ្ចប់​ហើយ ហើយ​ចៅក្រម​កំពុង​ពិចារណា​។​

​របប​ខ្មែរក្រហម​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បានសម្លាប់​មនុស្ស​១​លាន ៧​សែន​នាក់​។ សាលាក្តី​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ក្រោម​ការជួយ​សម្របសម្រួល​ដោ​យស​.​រ​.​អា​.​។ នៅពេលនេះ​មានតែ នួន ជា និង ខៀវ សំផន ប៉ុណ្ណោះ​កំពុង​ទទួល​ការកាត់ទោស​ក្រោយពី អៀង សារី រដ្ឋមន្ត្រីការបរទេស​ខ្មែរក្រហម និង អៀង ធា​រិ​ទ្ធ ប្រពន្ធ​របស់គាត់ និង​ជា​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម បាន​ស្លាប់​មុន​ការកាត់ទោស​បានបញ្ចប់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com