កីឡាជាតិ
ជាតិ
លី​ក​សប្តាហ៍​ទី​១៖ អត់ Clean Sheet ខណៈ​កីឡាករ​១០​សញ្ជាតិ​ផ្សេងគ្នា​បាន​ស៊ុត​បាល់​បញ្ចូល​ទី​
22, Feb 2016 , 2:25 pm        
រូបភាព
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទី​១​របស់ខ្លួន​ជាមួយនឹង​កំណត់ត្រា​ជាច្រើន​ដែល​គួរ​ឲ្យ​កត់សម្គាល់​។ ការប្រកួត​ទាំងអស់​សុទ្ធតែ​មាន​ភាព​ស្វិតស្វាញ ដោយ​ជំនួប​ទាំង​៥​លើក​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២៤​គ្រាប់​។ ព្រះខ័ន​រាជ​ស្វាយរៀង ក្រសួងការពារជាតិ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ សុទ្ធតែ​រកបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​លើ​ស៊ីម៉ាក់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​អាស៊ី​អឺរ៉ុប ខណៈ​ណាហ្គា​វើ​ល និង​វេ​ស្ទើ​ន​ភ្នំពេញ ចែកគ្នា​ម្នាក់​១​ពិន្ទុ​។​



​ក្រុម​ទាំងអស់​សុទ្ធតែ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​៖
​នេះ​ជា​កំណត់ត្រា​លើក​ទី​១ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៥ ដោយ​ក្រុម​ទាំងអស់​សុទ្ធតែ​បាន​ស៊ុត​បាល់​បញ្ចូល​ទីនា​ការប្រកួត​បើកឆាក​សប្តាហ៍​ទីមួយ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​កម្ពុជា ពោលគឺ​មិនមាន​អ្នកចាំទី​ណា​ម្នាក់​អាច​រារាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី (Clean Sheet) នោះឡើយ​។​

​ក្នុងចំណោម​អ្នកចាំទី​ទាំងអស់ ស៊ូ យ៉ា​ទី (​បឹងកេត​អង្គរ​) អ៊ុំ សេរី​រ័ត្ន (​ការពារជាតិ​) សុះ ប្រុស​ហ៊ឹម (​វេ​ស្ទើ​ន​) និង​ហែម ស៊ី​ម៉ៃ (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​) សុទ្ធតែ​ធ្លាប់មាន​បទពិសោធ​ន៍ប​ង្ហា​ញ​ខ្លួន​នា​ការបើក​រដូវ​កាល​សប្តាហ៍​ទីមួយ​ក្នុង​ក្របខណ្ឌ​កំពូល​។

​ភ្នំពេញ​ក្រោ​ន បានដាក់​អ្នកចាំទី កែវ សុខ​សិលា ដែល​បាន​បង្ហាញខ្លួន​កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រដូវ​កាល​មុន ហើយ​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ផ្តល់ឱកាស​ដល់​កីឡាករ​យុវជន អោម ឧ​ត្ត​ម ដែល​ធ្លាប់បាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​មួយចំនួន​ផងដែរ​នា​រដូវ​កាល​កន្លងមក​។ សម្រាប់​ណាហ្គា​វើ​ល សោម សុគន្ធ​ដា​រ៉ា មានឈ្មោះ​ក្នុង​បញ្ជី​ជំនួស​រៀមច្បង ផន រតនា និង​យោគ អៈ​អា​រី ដែល​ផ្ទេរ​ពី​ភ្នំពេញ​ក្រោ​ន​។​


​កីឡាករ​១០​សញ្ជាតិ​ផ្សេងៗ​គ្នា រក​គ្រាប់​បាល់​បញ្ចូល​ទីនា​ជំនួប​បើកឆាក​
​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​២៤​គ្រាប់ សម្រេចបាន​ដោយ​កីឡាករ​១៨​នាក់​ដែលមាន​១០​សញ្ជាតិ​ផ្សេងៗ​គ្នា ក្នុងនោះ​មាន​កីឡាករ​៧​នាក់ ក្រៅពីនោះ មាន​កីឡាករ​មកពី​អាហ្វ្រិក​ខាងត្បូង រ​វ៉ាន់ដា កូរ៉េខាងជើង ជប៉ុន ហ្គា​ណា កា​ម៉េ​រូ​ន អ៊ូ​ហ្គ​ង់​ដា នី​ហ្សេ​រី​យ៉ា និង​បារាំង​។​

​កីឡាករ​អាហ្វ្រិក​ខាងត្បូង Booysen Shane (​ភ្នំពេញ​ក្រោ​ន​) រកបាន​៣​គ្រាប់​តែម្នាក់ឯង​នា​ជ័យជម្នះ ៣-១ លើ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រកា​ល​ពីថ្ងៃ​សុក្រ​។ កីឡាករ​ដែល​រកបាន​២​គ្រាប់​នា​ការប្រកួត​បើកឆាក​រួមមាន ភួង សុខ​សា​ណា (​ក្រសួងការពារជាតិ​) ចាន់ វឌ្ឍនាកា (​បឹងកេត​អង្គរ​) សុក សំណាង (​ព្រះខ័ន​រាជ​ស្វាយរៀង​) និង​កីឡា​កររ​វ៉ាន់ដា Atuheire Kipson (​ព្រះខ័ន​រាជ​ស្វាយរៀង​)​។​


​កីឡាករ​កម្ពុជា​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​នៅ​សប្តាហ៍​ទី​១ រួមមាន កែ វណ្ណៈ (​ក្រសួងការពារជាតិ​) សែម ប៊ុន​នី (​វេ​ស្ទើ​ន​) សឿ​យ វិសាល (​ព្រះខ័ន​រាជ​ស្វាយរៀង​) និង ឆាង ហៃ (​អាស៊ី​អឺរ៉ុប​)​។ ចំណែក​កីឡាករ​បរទេស​ដែល​ទ​ម្លា​ញ​សំណាញ់​ទី​គូប្រកួត​បាន​១​គ្រាប់​ផងដែរ​នោះ មាន កីឡាករ​នី​ហ្សេ​រី​យ៉ា Samuel Gbenga (​បឹងកេត​) Okereke Timothy (​ស៊ីម៉ាក់​) Obi Ugochukwu (​អាស៊ី​អឺរ៉ុប​) កីឡាករ​ជប៉ុន Masakazu Kihara (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​) កីឡាករ​កូរ៉េខាងជើង Choe Myong-ho (​ការពារជាតិ​) កីឡាករ​ហ្គា​ណា Michael Osei Tutu (​នគរបាលជាតិ​) កីឡាករ​កា​ម៉េ​រូ​ន Mbarga Privat (​ណាហ្គា​វើ​ល​) កីឡាករ​អ៊ូ​ហ្គ​ង់​ដា Mohammed Latif (​ព្រះខ័ន​រាជ​ស្វាយរៀង​) និង​កីឡាករ​បារាំង Mathieu Vergez (​ស៊ីម៉ាក់​)​។​


​អតីត​កីឡាករ​បៀ​ល​ប្រាយ​ភាគច្រើន​ជាប់​ជម្រើស​ដំបូង​
​បន្ទាប់ពី​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ប្រកាស​ដកខ្លួន​ចេញពី​លី​ក​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន កីឡាករ​ទាំងអស់​បាន​ស្វែងរក​ទ្រនំ​រៀងៗ​ខ្លួន​។ នា​ការប្រកួត​សប្តាហ៍​ទី​១​នៃ​ក្របខណ្ឌ​កំពូល​កាលពី​ចុង​សប្តាហ៍​កន្លងមក អតីត​កីឡាករ​មួយចំនួនធំ​របស់​បៀ​ល​ប្រាយ បាន​ស្ថិតក្នុង​ជម្រើស​ដំបូង​សម្រាប់​ក្លិប​ថ្មី​របស់​ពួកគេ​ក្នុងនោះ​រួមមាន ស៊ីម វុត្ថា (​ស៊ីម៉ាក់​) អ៊ុច ចំរើន (​ស៊ីម៉ាក់​) ម៉ាត់ យ៉ា​មីន (​បឹងកេត​) Rasheed Omokafe (​ណាហ្គា​វើ​ល​) សុះ ប្រុស​ហ៊ឹម (​វេ​ស្ទើ​ន​) ព្រំ ពុទ្ធ​សិទ្ធី (​វេ​ស្ទើ​ន​) សែម ប៊ុន​នី (​វេ​ស្ទើ​ន​) អ៊ុច បញ្ញា​សិទ្ធ (​នគរបាលជាតិ​) រ៉ឹង ប៊ុន​ហៀ​ង (​ការពារជាតិ​) ស ពិសិដ្ឋ (​ការពារជាតិ​)។

លទ្ធផលនៃការប្រកួត៖
-ភ្នំពេញក្រោន ៣-១ ខេមបូឌានថាយហ្គឺរ
-ណាហ្គាវើល ១-១ វេស្ទើនភ្នំពេញ
-អគ្គ​ស្នងការដ្ឋាននគរបាលជាតិ ១-៤ ក្រសួងការពារជាតិ
-ស្វាយរៀង ៦-២ ស៊ីម៉ាក់
-បឹងកេតអង្គរ ៣-២ អាស៊ីអឺរ៉ុប៕



Tag:
 ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com