អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមកែទម្រង់ទទួលសំឡេងនាំមុខក្នុងការបោះឆ្នោតនៅអ៊ីរ៉ង់
× ក្រុមកំណែទម្រង់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន រ៉ូហានី និងដៃគូរបានទទួលសំឡេងនាំមុខក្នុងការបោះឆ្នោតសភានៅថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយលទ្ធផលនេះ ក្រុមកែទម្រង់នឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងជាមួយលោកខាងលិចក៏ដូចជាបញ្ចប់ភាពឯការបស់អ៊ីរ៉ង់ ចាប់តាំងពីការលើកលែងទណ្ឌកម្មមក។
សូមស្ដាប់ព័ត៌មានលម្អិត៖
លទ្ធផលដំបូងនៃការបោះឆ្នោតសភានៅអ៊ីរ៉ង់បង្ហាញថា អ្នកបោះឆ្នោតអ៊ីរ៉ង់បានផ្ដល់សេចក្ដីទុកចិត្តដល់ក្រុមកែទម្រង់របស់លោក ហាស់សាន រ៉ូហានី និងសម្ព័ន្ធមិត្តរបស់លោក ដែលជាអ្នកនៅពីក្រោយជោគជ័យកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយលោកខាងលិច។ លទ្ធផលនេះ ក៏ជាសារដល់ក្រុមប្រឆាំងនិយមឲ្យដកខ្លួនពីផ្លូវកែទម្រង់ និងការងាកទៅរកការបើកចំហក្រោយការដកទណ្ឌកម្មសេដ្ឋកិច្ច។
យោងតាមការរាយការណ៍នានារបស់សារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ ក្រុមប្រឆាំងនិយមបានបាត់បង់សំឡេងក្នុងសភាដែលមាន២៩០កៅអី។ ប៉ុន្តែមិនមានក្រុមណាដែលអាចទទួលបានសំឡេងភាគច្រើននោះទេ ក្រៅពីក្រុមកែទម្រង់របស់លោករ៉ូហានី ដែលទទួលបានសំឡេងនាំមុខ។ មួយវិញទៀត ក្រុមកែទម្រង់ក៏មានសំឡេងនាំមុខក្នុងក្រុមប្រឹក្សាសាសនវិទូ ដែលទទួលខុសត្រូវលើការជ្រើសរើសមេដឹកនាំកំពូលថ្មីផងដែរ។
ការបោះឆ្នោតសភានិងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសាសនវិទូ (Assembly of Expert) នៅឆ្នាំ២០១៦នេះ ជាសញ្ញានៃចំណុចរបត់ថ្មីក្នុងនយោបាយអ៊ីរ៉ង់ ក្នុងនាមជាមហាអំណាចប្រចាំតំបន់មួយ។ ហើយនេះ គឺជាការបោះឆ្នោតលើកដំបូងបន្ទាប់ពីអ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយបស្ចឹមប្រទេសក្នុងឆ្នាំ២០១៥។ ជោគជ័យនៃកិច្ចព្រមព្រៀងនេះ អាចជាមូលហេតុដែលនាំឲ្យកើនឡើងប្រជាប្រិយភាពរបស់ក្រុមកែទម្រង់ និងពួកនិយមកណ្ដាល។
ប្រសិនបើលទ្ធផលផ្លូវការបញ្ជាក់ថា ប្រធានាធិបតីរ៉ូហានី និងសម្ព័ន្ធមិត្តរបស់លោកឈ្នះឆ្នោតនោះ គេរំពឹងថា ទំនាក់ទំនងអ៊ីរ៉ង់និងក្រុមលោកខាងលិច នឹងកាន់តែល្អប្រសើរជាមិនខាន។ នេះក៏ដោយសារ គ្រាន់តែមានការដកទណ្ឌកម្មពីអ៊ីរ៉ង់ ក្រុមជំនួញធំៗជាច្រើនបានសម្លឹងឃើញឱកាសវិនិយោគនៅអ៊ីរ៉ង់ ជាពិសេសលើវិស័យប្រងកាត។
លើសពីទៅទៀត ប្រធានាធិបតីរ៉ូហានី ក៏ធ្លាប់ធ្វើដំណើរមួយជុំនៅអឺរ៉ុប ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារជាមួយក្រុមហ៊ុននៅអ៊ីតាលីនិងបារាំងថែមទៀតផង។ អ៊ីរ៉ង់ដែលសម្បូរដោយធនធានប្រេង ពិតជាអាចទាក់ទាញក្រុមហ៊ុនធំៗមកវិនិយោគ ស្របពេលដែលក្រុមកែទម្រង់និងសម្ព័ន្ធមិត្តកំពុងតែទទួលបានការគាំទ្រពីពលរដ្ឋអ៊ីរ៉ង់៕
Tag:
អ៊ីរ៉ង់
បោះឆ្នោតសភា
© រក្សាសិទ្ធិដោយ thmeythmey.com