អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថ្ងៃ​បោះឆ្នោត Super Tuesday៖ សេដ្ឋី​ដូ​ណា​ល់ ត្រាំ និង​ហ៊ី​ឡា​រី គ្លី​ន​តុ​ន នាំមុខគេ
02, Mar 2016 , 10:50 am        
រូបភាព
​យោងតាម​លទ្ធផល​បឋម សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ​(Donald Trump) និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​សំឡេងគាំទ្រ​ច្រើនជាងគេ​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ដ៏​សំខាន់ Super Tuesday ។ ការបោះឆ្នោត​នៅ​បន្តទៅ​មុខ​នៅ​រដ្ឋ​ដែល​នៅសល់ ហើយ​គេ​វាយតម្លៃថា លោកស្រី គ្លី​ន​តុ​ន​ឈ្នះ​យ៉ាងហោចណាស់ ៦​រដ្ឋ​ក្នុងចំណោម​រដ្ឋ​ដែលបោះឆ្នោត​ទាំង ១២​។ 


 
​ក្នុង​ថ្ងៃ​បោះឆ្នោត​ដ៏​សំខាន់​ថ្ងៃ អង្គារ​ទី ១ ខែមីនា ដែល​គេ​ហៅថា ថ្ងៃ «Super Tuesday» លទ្ធផល​បឋម​បង្ហាញថា បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​ជ័យជម្នះ​នៅ​រដ្ឋ​យ៉ាងហោចណាស់ ៥​ខណៈ រដ្ឋ​នៅសល់​កំពុង​បន្ត​បោះឆ្នោត​នៅឡើយ​។ ដែល​នេះ​មានន័យថា លោក​នឹង​អាច​បន្ត​ទទួល​ជ័យជម្នះ​បន្ថែមទៀត​ក្រោយ​ការបោះឆ្នោត​ចប់សព្វគ្រប់។​
 
​យោងតាម​សារព័ត៌មាន​អាមេរិក Politico លោក ដូ​ណា​ល់ ត្រាំ បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ Alabama, Georgia , Massachusetts, Tennessee, និង Virginia​។ ចំណែក​បេក្ខជន​បក្ស​សាធារណរដ្ឋ​ម្នាក់ទៀត​គឺ​លោក ថេត គ្រុស (Ted Cruz) បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ Oklahoma និង​រដ្ឋ​ដែនដី​កំណើត​លោក តិច​សាស (Texas) ។​
 
​ក្រោយ​លទ្ធផល​បង្ហាញ​ជា​ផ្លូវការ​ហើយ​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​លោក ដែល​ធ្វើ​ឲ្យ​លោក​ទទួលបាន​ជ័យជម្នះ​នៅ​រដ្ឋ​ច្រើន​បែបនេះ​។ ហើយ​រដ្ឋ​ដែល​នៅ​សេសសល់​មិនទាន់​ចេញ​លទ្ធផល​នោះ​មានដូចជា​រដ្ឋ Colorado, Minnesota, Vermont និង​រដ្ឋ Arkansas​។ 
 
  ត្រលប់​មកវិញ អ្នក​នាំមុខគេ​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ក្រោយ​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នៅ​ថ្ងៃ​អង្គារ​ថ្ងៃ​សំខាន់​នេះ យោងតាម​លទ្ធផល​បឋម លោកស្រី​បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ​ចំនួន ៦ ក្នុងនោះ​មានដូចជា​រដ្ឋ  Massachusetts, Georgia, Tennessee, Alabama, Arkansas និង Virginia​។ ចំណែក​គូប្រជែង​របស់លោក​ស្រី លោក ប៊ឺ​នី សេន​ឌឺ ( Bernie Sanders) បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ​ចំនួន​២ ក្នុងនោះ​មាន​រដ្ឋ Oklahoma និង​នៅ​រដ្ឋ Vermont ដែលជា​ទីកន្លែង​កំណើត​របស់លោក​តែម្តង​។ 
 
​បើតាម​ការវាយតម្លៃ​ជារួម លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​អាមេរិក​ដើមកំណើត​អាហ្វ្រិក ដែល​រស់នៅក្នុង​រដ្ឋ​ភាគខាងត្បូង​តែម្តង​។ ក្រោយ​លទ្ធផល​ចេញមក​ហើយ​លោក​បានទទួល​ជ័យជម្នះ​តិចជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លោក សេន​ឌឺ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​លោក​ឲ្យ​បន្ត​ប្រឹងប្រែង​ទៀត ហើយ​លោក​នឹងមិន​បោះបង់​ការតស៊ូ​ប្រកួតប្រជែង​នេះឡើយ​។ លោក​នឹង​បន្ត​រហូតដល់​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​នេះ​នៅ​ខែមិថុនា និង​ឈានដល់​សមាជ​បក្ស​ចុងក្រោយ​ផង​។  
 
​សូមបញ្ជាក់ថា ថ្ងៃ «Super Tuesday»​ជា ថ្ងៃ​សំខាន់បំផុត​សម្រាប់​ការប្រកួតប្រជែង​រក​សំឡេងគាំទ្រ​ក្នុង​បក្ស​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ វា​ជា​សមរភូមិ​នយោបាយ​សំខាន់ ព្រោះ​ប្រជាជន​អាមេរិក​នៅ​រដ្ឋ​ចំនួន ១២ និង​ទឹកដី​អាមេរិក​មួយ​ផង​នោះ​នាំគ្នា​បោះឆ្នោត​រួមគ្នា​ក្នុងពេល​តែមួយ​។ អាច​ថា វា​ជា​ពេលដែល​កំណត់ថា បេក្ខជន​ណា​មានលទ្ធភាព​ខ្ពស់​អាច​នឹងត្រូវ​បក្ស​ជ្រើសតាំង​ឲ្យ​ទៅ​ប្រជែង​តំណែង​ប្រធានាធិបតី ហើយ​បេក្ខជន​ណា​ទៀត​ត្រូវ​ដកខ្លួន​ចេញពី​សង្វៀន​នយោបាយ​នេះ​៕

Tag:
 ហ៊ីឡារីគ្លីនតុន
 ដូណាល់ត្រាំុំ Super Tuesday
© រក្សាសិទ្ធិដោយ thmeythmey.com