អន្តរជាតិ
ប៊ីនឡាដែន ធ្លាប់ផ្ញើសារឲ្យអាមេរិកជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
× អតីតមេដឹកនាំក្រុមភេវរករអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដែន បានផ្ញើសារទៅឲ្យប្រជាជនអាមេរិក ដោយស្នើឲ្យជួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ សំបុត្រនេះត្រូវបានបញ្ចេញដោយរដ្ឋបាលលោក អូបាម៉ា នៅថ្ងៃទី១ ខែមីនា ខណៈត្រូវរឹបអូសបានអំឡុងពេលប្រតិបត្តិការសម្លាម់មេដឹកនាំភេវរកររូបនេះក្នុងឆ្នាំ២០១១។
រដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបញ្ចេញឯកសារជាច្រើនដែលរឹបអូសបានក្នុងប្រតិបត្តិការសម្លាប់មេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ីនឡាដែន ក្នុងនោះមានសំបុត្រមួយផ្ញើឲ្យប្រជាជនអាមេរិក។ តាមរយៈសំបុត្រនោះ មេភេវរកររូបនេះបានទទូចឲ្យប្រជាជនអាមេរិកចូលរួមជាមួយប្រធានាធិបតី អូបាម៉ា ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះមនុស្សជាតិ។
បើតាមការផ្សាយរបស់ Reuters សំបុត្រនេះគ្មានថ្ងៃខែពិតប្រាកដ និងគ្មានហត្ថលេខានោះទេ និងត្រូវសរសេរថា «ចំពោះ ប្រជាជនអាមេរិក»។ សំបុត្រនេះប្រហែលត្រូវបានសរសេរនៅដើមអាណត្តិទី១ របស់លោក អូបាម៉ា ក្នុងឆ្នាំ២០០៩ ពីព្រោះបើយោងតាមព្រឹត្តិការណ៍នៅក្នុងសំបុត្រនេះដែលទាក់ទងនឹងយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលកម្ដៅពិភពលោក។
តាមរយៈសំបុត្រដដែលនោះ អូសាម៉ា ប៊ីនឡាដែន បានបន្ទោសលើក្រុមមូលធនធំៗនិងក្រុមអ្នកបញ្ចុះបញ្ចូលដែលមានលុយ ថានៅពីក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងនាំឲ្យមានការលុកលុយចូលអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានផងដែរ។ ប៊ីនឡាដែន បានស្នើប្រជាជនអាមេរិកធ្វើ«បដិវត្តន៍សេរីភាព»ដើម្បីរំដោះប្រធានាធិបតីអាមេរិកចេញពីឥទ្ធិពលក្រុមអ្នកមានទាំងនោះ។ ការណ៍នេះនឹងជួយប្រធានាធិបតីអាមេរិកធ្វើការសម្រេចចិត្តសមស្របក្នុងការជួយសង្គ្រោះមនុស្សជាតិពីផលប៉ះពាល់នានា។
ក្រៅពីនោះ ក៏មានសំបុត្រមួយទៀត ដែលមេភេវរករពិភពលោកនេះបានប្រាប់ឲ្យមនុស្សជិតដិតរបស់ខ្លួន បើកយុទ្ធនាការតាមបណ្ដាញព័ត៌មាន នៅចំខួបទី១០ នៃការវាយប្រហារអាគារភ្លោះ។ ប៊ីនឡាដែនបានស្នើឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ ដោយលោកអះអាងនៅពេលនោះថា ពិភពលោកគួរតែធ្វើសង្គ្រាមប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ជាជាងធ្វើសង្គ្រាមជាមួយឥស្លាម។
សូមបញ្ជាក់ថា មេដឹកនាំកក្រុមភេវរករអាល់កៃដា អូសាម៉ា ប៊ីនឡាដែន ត្រូវកងកម្លាំងពិសេសអាមេរិក SEAL សម្លាប់ក្នុងការវាយឆ្មក់មួយនៅប៉ាគីស្ថានក្នុងឆ្នាំ២០១១។ ប៊ីនឡាដែន ត្រូវបានគេស្គាល់ដោយសារមេគំនិតនៃការវាយប្រហារភេវរកម្មលើអាគារភ្លោះនៅទីក្រុងញូវយ៉កកាលពីឆ្នាំ២០០១ ហើយបានសម្លាប់មនុស្សជាងពីរពាន់នាក់ និងធ្វើឲ្យអាគារទាំងពីរដួលរលំ៕
Tag:
អូសាម៉ាប៊ីនឡាដែន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com