អន្តរជាតិ
កូរ៉េខាងជើងព្រលះ UN ដែលរិះគន់ខ្លួនរឿងសិទ្ធិមនុស្ស
× រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Su ចេញមកប្រកាសថា កូរ៉េខាងជើងនឹងមិនគោរពសេចក្ដីសម្រេចរបស់អន្តរជាតិដែលហ៊ានរិះគន់ខ្លួនលើករណីសិទ្ធិបំពានមនុស្សនោះទេ។ លោក Ri ថែមទាំងរិះគន់លើករណីបាញ់បោះនៅអាមេរិកនិងការរំលោភសិទ្ធិមនុស្សលើជនភៀសខ្លួនដែលកំពុងហូរចូលតំបន់អឺរ៉ុបទៀតផង។
សូមស្ដាប់ព័ត៌មានលម្អិត៖
កូរ៉េខាងជើងបានផ្ញើសារខ្លាំងៗដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងបើកការពិភាក្សាលើករណីរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។ លោក Ri Su Yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ចេញមកប្រកាសថា រាល់ការសម្រេចណាមួយប្រឆាំងនឹងកូរ៉េខាងជើង គ្រាន់តែជាការសម្រេចតែម្ខាង និងជាស្តង់ដាពីរជាន់តែប៉ុណ្ណោះ។ ហើយកូរ៉េខាងជើងនឹងមិនទទួលយកការសម្រេចទាំងនោះទេ។
ការព្រមានទុកមុននេះ ធ្វើឡើងនៅមុនក្រុមប្រឹក្សាសិទ្ធិមនុស្សពិភាក្សាលើរបាយការណ៍សិទ្ធិមនុស្សរបស់កូរ៉េខាងជើងនៅថ្ងៃទី១៤ ខែមីនា។ ក្រុមប្រឹក្សាដែលមានសមាជិក៥៤ប្រទេសនេះ នឹងពិចារណាលើរបាយការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង ដែលចេញកាលពីខែមុន។ គេរំពឹងថា ជប៉ុននិងអឺរ៉ុប ដាក់ចេញសេចក្ដីសម្រេចមួយ ដែលផ្ដោតនឹងថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។
យ៉ាងណាមិញ កាសែត The Japan Times ផ្សាយថា កូរ៉េខាងជើងហាក់ដូចជាទាត់ចោលរបាយការណ៍ទាំងនោះទៅហើយ។ ឯរដ្ឋមន្ត្រីការបរទេស Ri Yong Su និយាយដែរថា កូរ៉េខាងជើងប្រហែលជាមិនចូលរួមប្រជុំទៀតផង និងចាត់ទុកការប្រជុំនេះ ជាការវាយប្រហារនយោបាយមកលើខ្លួនប៉ុណ្ណោះ។ ជាមួយនឹងការលើកឡើងនេះ វាមានន័យថា កូរ៉េខាងជើងប្រហែលជាមិនអនុវត្តសិទ្ធិក្នុងការឆ្លើយតបនឹងរបាយការណ៍ខាងលើទេ។
លើសពីនេះ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមិនខ្វល់នឹងការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងការបាញ់បោះនៅអាមេរិក។ លោកក៏បានរម្លឹកដល់ស្ថានភាពជនភៀសខ្លួនដែលកំពុងហូរចូលយ៉ាងគំហុកទៅតំបន់អឺរ៉ុប ដែលក្នុងនោះជនភៀសខ្លួនជាច្រើនស្លាប់និងបាត់ខ្លួននៅក្នុងសមុទ្រ ឬក៏ត្រូវរំលោភសិទ្ធិមនុស្សជាដើម។
សូមបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍នានារបស់អង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុប ស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង មានលក្ខណៈអាក្រក់ណាស់។ ការសម្លាប់ជាសាធារណៈ ត្រូវបានឃើញជារឿយនៅកូរ៉េខាងជើង ហើយអ្នកទោសភាគច្រើនត្រូវបានបញ្ជូនទៅមណ្ឌលលត់ដំ និងត្រូវធ្វើការធ្ងន់ធ្ងរបំផុត។ សេរីភាពបញ្ចេញមតិក៏ត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com