ជាតិ
រដ្ឋមន្ត្រី២រូបនឹងដឹកនាំវេទិកាពិភាក្សាទាក់ទងជំនាញដែលខ្លួនកំពុងដឹកនាំ
× ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងដឹកនាំវេទិកាពិភាក្សាស្តីពីវិស័យពាណិជ្ជកម្ម និងអប់រំ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វេទិកានេះ នឹងប្រារព្ធពីម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ដោយមានការចូលរួមពីសិស្ស-និស្សិតគ្រឹះស្ថានឧត្តមសិក្សា មន្ត្រីរាជការ និងអ្នកជំនាញអាជីពមកពីវិស័យឯកជន។
វេទិកានេះផ្តោតទៅលើវិស័យអប់រំ និងពាណិជ្ជកម្ម ដែលផ្តល់ការយល់ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដល់សិស្ស-និស្សិតកម្ពុជាក្នុងវិស័យឯកជន អំពីសារៈសំខាន់នៃការធ្វើកំណែទម្រង់នានា និងតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ អ្នកសម្របសម្រួល នឹងបញ្ជូនសំណួរដែលសួរភ្លាម ពីអ្នកចូលរួមនៅទីនោះផ្ទាល់ និងមិនផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ទៅកាន់រដ្ឋមន្ត្រីទាំងពីររូបធ្វើការឆ្លើយតប។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងសិក្ខាសាលាជាស៊េរីនេះ សូមចូលទៅកាន់ https://www.eventbrite.com/e/a-candid-panel-discussion-on-commerce-and-education-in-cambodia-tickets-22535521351 ៕
© រក្សាសិទ្ធិដោយ thmeythmey.com