ពីនេះ ពីនោះ
អង្គរ​ត្រូវ​វិនាស​ព្រោះតែ​ចម្បាំង​រវាង​ខ្មែរ​និង​ខ្មែរ ឬ​សង្គ្រាម​សាសនា​?
10, Mar 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គរ​ត្រូវបាន​បែកបាក់​ខ្ទេច​ខ្ទេច​។ ចម្លាក់​មួយចំនួន​នៅក្នុង​អង្គរ​ត្រូវបាន​បែកបាក់​ជា​បំណែក បំណែក​។ ចំណែក​លោក គ​.​សើ​ដែ​ស​(G.Coedes) ថា​ការ​ហិនហោច​ទាំងអស់នេះ​មកពី​មាន​មហា​ទឹកជំនន់ ដែល​គំនិត​នេះ​បាន​សុះសាយ​ពេញ​ពិភពលោក​។ ប៉ុន្តែ​សំណួរ​នៅតែ​សួរថា តើ​អ្នកណា​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ទាំងអស់នេះ​? កាលពី​ឆ្នាំ​ណា ដោយ​មូល​ហេតុអ្វី​?



​នៅក្នុង​ស្នាដៃ​ស្រាវជ្រាវ របស់លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ មាន​ចំណងជើង​ថា​« ដើម្បី​ស្គាល់​អង្គរ​» បាន​ចោទ​ជា​ចម្ងល់​ថា បើ​មាន​ទឹកជំនន់​នៅ​អង្គរ​មែន តើ​ហេតុអ្វី​ប្រាសាទព្រះវិហារ​ដែល​នៅលើ​ភ្នំ​កម្ពស់​១២០​ម៉ែត្រ​ពី​ជើងភ្នំ​ដងរ៉ែក និង​៥២៥​ម៉ែត្រ ពី​ទីវាល​តំបន់​សៀមរាប មានការ​បែកបាក់​ដែរ​។ ហេតុអ្វី​ក្រុង​សៃ​ភង់​នៅ​៥០០​គីឡូម៉ែត្រ​ពី​អង្គរ បាក់បែក​ខ្ទេចខ្ទី​ដែរ​? តើ​រូប​ព្រះបាទ​ជ័យ​វ​រ្ម័​ន្ត​ទី​៧ បាក់បែក​ជាច្រើន​កំណាត់​នៅក្នុង​អណ្ដូង​កណ្ដាល​ប្រាសាទ​បា​យ័ន្ដ​នោះ មកពី​ទឹកជំនន់​ដែរ​ឬ​?

​ផ្ទុយទៅវិញ ក្រៅពី​អំណះអំណាង​ថា ទឹកជំនន់​របស់លោក សើ​ដែ​ស គេ​ឥត​ឃើញ​មាន​ពួក​វ​រ្ម័​ន្ត ឬ​គ្រួសារ​ពួក​វ​រ្ម័​ន្ត ១​នាក់​នោះទេ​។ គេ​ឥតមាន​ឃើញ​ព្រាហ្មណ៍​មួយអង្គ​ទេ​។ ប៉ុន្តែ​គេ​ឃើញ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ថេរវាទ ហើយ​និង​វត្ត​ថេរវាទ​នៅ​ពាសពេញ​ក្នុង​នគរ​ទាំងអស់​។ គេ​មិនអាច​ជឿ​បាន​ថា​ពួក​វ​រ្ម័​ន្ត និង​ពួក​ព្រាហ្មណ៍​ត្រូវ​រលាយ​ទៅក្នុង​ទឹក​ទេ ហើយ​ពួក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​ចេះ​ហែល​ទឹក ឬ​ចេះ​បណ្ដែត​ខ្លួន​ក្នុង​ទឹក​គ្រាន់បើ​ជាង​ពួក​ខាងលើ​នោះដែរ​។​

​តាម​ការពិត ការវិនាស​អង្គរ គឺជា​ស្នារ​ដៃ​អ្នក​កាន់​ពុទ្ធសាសនា​ថេរវាទ​ទាំងអស់​។ កាល​ជំនាន់​អង្គរ​មាន​សាសនាព្រះពុទ្ធ​ដែរ តែ​គឺជា​ព្រះពុទ្ធសាសនា​មហាយាន​។ ព្រះពុទ្ធសាសនា​ថេរវាទ បាន​ចូលដល់​ស្រុក​ខ្មែរ ក្នុង​ឆ្នាំ​១១៩០ តាមរយៈ​អ្នកអង្គម្ចាស់​តា​មាលី​ន្ឌ ដែលជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ជ័យ​វ​រ្ម័​ន្ត​ទី​៧ ហើយ​ដែល​បាន​ទៅ​បួស​ជាស​ង្ឃ​ថេរវាទ​អស់​៦​ឆ្នាំ នៅ​នគរ​ស្រី​ឡាំ​ង្កា​រ​។

​លោក អា​ឡាំង​ដា​ណិ​ត​អេ​ឡូ​(A. Danielou) និយាយថា «​ការអត់ឱន​និង​សេរីភាព​ក្នុង​សាសនា គឺជា​គោលការណ៍​ក្បួនច្បាប់​របស់​ពួក​ព្រហ្មញ្ញសាសនា មិនមែនជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទេ​»​។ ដើម្បី ប្រឆាំងនឹង​ពួក​ព្រហ្មញ្ញសាសនា ពួក​ថេរ​វាទបាន​ចោទប្រកាន់ថា ពួកនេះ​បង្កើត​ឲ្យ​មាន​វណ្ណៈ​សូទ្រៈ គឺ​វណ្ណៈ​ខ្ញុំគេ ឬ​វណ្ណៈ​ទាសភាព​។ ការទិទៀន​នេះ​ប៉ៈ​ពាល់​ដល់​គម្ពីរ​រី​ដា ដែលជា​រដ្ឋធម្មនុញ្ញរ​បស់​ជាតិ​បង្ករ​ជា​ទំនាស់​គ្នា ធ្វើ​ឲ្យ​មាន​ភាព​ជ្រួលច្របល់​ពេញ​នគរ ក្នុង​រាជ​ជ័យ​វ​រ្ម័​ន្ត​ទី​៧ និង​រាជ​ក្សត្រ​ឥន្ទ្រា​វ​រ្ម័​ន្ត​ទី​២ ដែលជា​រាមច្បង​របស់​តា​មាលី​ន្ឌ​។

​ចម្បាំង​ខ្មែរ និង​ខ្មែរ​បានចេញ​មុខ​ពេញទី​ក្នុង​ឆ្នាំង​១២៤៣ ក្នុង​រាជ​ព្រះបាទ​ជ័យ​វ​រ្ម័​ន្ត​ទី​៨ ដែល​កាន់​ព្រហ្មញ្ញសាសនា ដែល​នោះ​គឺជា​ចម្បាំង​សាសនា  ដ៏​សាហាវ​ឥត​ប្រមាណ ធ្វើ​ឲ្យ​ខ្ទេចខ្ទី​អស់ ហើយ​ព្រះអង្គ ត្រូវ​ឧត្ដមសេនីយ៍ កាន់​ព្រះពុទ្ធសាសនា​ថេរវាទ សម្លាប់​នៅ​ឆ្នាំ​១២៩៥​។ ឧត្ដមសេនីយ៍ នេះ​បាន​ឡើងជា​ស្ដេច​មាន​ព្រះនាម​ថា ស្រី​ឥ​ន្ត្រា​វ​រ័​ណ បាន​រយៈពេល​១២​ឆ្នាំ​ក្សត្រ​នេះ​ត្រូវគេ​សម្លាប់​វិញ​។ ស្ដេច​ស្រី​ឥ​ន្ត្រា​ជ័យ​វ​រ្ម័​ន្ត បាន​ឡើង​សោយរាជ​នៅ​ឆ្នាំ​១៣០៧ ហើយ​បន្ទាប់មក​គឺ​ស្ដេច​ជ័យ​វ​រ្ម័​ន្ត​ទី​៩​។ ក្សត្រ​ពី​ចុងក្រោយ​នេះ​កាន់​ព្រហ្មញ្ញសាសនា​ដូចគ្នា​។​

​ក្រោយមក​ចម្បាំង​សាសនា​នៅ​ស្រុក​ខ្មែរ បាន​ចប់​នៅ​ឆ្នាំ​១៣៣៦​។ មហា​បដិវត្តន៍​ព្រះពុទ្ធសាសនា​បានកើត​ឡើង ពេញ​នគរ​ខ្មែរ​ទាំងមូល​។ ពួក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ បាន​ជោកជ័យ​ទាំងអស់​។ ព្រះមហាក្សត្រ​ជ័យវរ្ម័ន​ទី​៩ ត្រូវបាន​គេ​ធ្វើឃាត ព្រមទាំង​គ្រួសារ​ជិត​ឆ្ងាយ អ្នក​សម្ព័ន្ធមិត្ត អ្នកបម្រើ ត្រូវគេ​សម្លាប់​គ្មាន​សល់​។ ចំណែក​ប្រាសាទ​ទាំងឡាយ​ត្រូវបាន​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ វាយបំផ្លាញ​បាក់បែក​ស្ទើ​គ្មាន​សល់​មួយ ហើយ​ប្រាសាទ​ដែល​បាក់បែក​ទាំងនោះ ត្រូវមាន​ព្រះសង្ឃ​ថេរវាទ ចូលទៅ​កាន់កាប់​ទាំងអស់​។ រូប​ថ្ម​មហាក្សត្រ សុរិយា​វ​រ្ម័​ន្ត​ទី​២  ដែល​តំណែង​ជា​ព្រះ​វិស្ណុ​នៅលើ​កំពូល​ប្រាសាទអង្គរវត្ត ត្រូវបាន​គេ​ច្រាន​ទម្លាក់​មក​ដី​ហើយ​គេ​ដាក់​រូប​ព្រះពុទ្ធ​មួ​យមក​ជំនួស​វិញ​។ រូប​ថ្ម​ចម្លាក់​ព្រះបាទ​ជ័យ​វ​រ្ម័​ន្ត​ទី​៧ នៅលើ​ប្រាសាទ​«​បា​យ័ន្ត​» ត្រូវគេ​វាយ​បាក់បែក​ហើយ​ទម្លាក់​ទៅក្នុង​អណ្ដូង​ក្រោម​កំពូល​ប្រាសាទ​។ សាលារៀន មហាវិទ្យាល័យ និង​បណ្ណាល័យ ដែល​មាននៅ​ពាសពេញ ត្រូវគេ​បំផ្លាញចោល​ឥតមាន​សល់​។ សៀវភៅ​សុ​ត្រា​ទាំងអស់​ត្រូវគេ​ដុតចោល​ទាំងស្រុង​។ ភាសាសំស្ក្រឹត ដែលជា​ភាសា​សម្រាប់​ការចេះដឹង​គ្រប់បែបយ៉ាង ដែល​គេ​ប្រើម​កជាង​១៣០០​ឆ្នាំ ហើយ ត្រូវបាន​បំបាត់ចោល​រហូតទល់​ស​ព្វ​ថ្ងៃ​។​

​នេះហើយ​គឺជា​ដើមហេតុ នាំ​ឲ្យ​បាក់បែក​អង្គរ​។ ព្រោះតែ​ចម្បាំង​ខ្មែរ​និង​ខ្មែរ ចម្បាំង​មកពី​សាសនា​អស់​៩៣​ឆ្នាំ រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​, អ្នក​កាន់​ព្រហ្មញ្ញសាសនា និង​អ្នក​កាន់​ព្រះពុទ្ធសាសនា​មហាយាន​។ ហើយ​ការបែកបាក់​អង្គរ​នេះ មិនមែន​មកពី​មាន​ទឹកជំនន់ ដូច​លោក​សើ​ដែ​ស សរសេរ​កាលពី​ឆ្នាំ​១៩៤៧​នោះទេ​៕

​ដកស្រង់​ពី​សៀវភៅ​៖( ដើម្បី​ស្គាល់​អង្គរ​, របស់លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់​)


© រក្សាសិទ្ធិដោយ thmeythmey.com