ពីនេះ ពីនោះ
យុវជន​អំនួត​ហួស​សមត្ថភាព និង​ពូកែ​តែ​ទ្រឹស្ដី​អាច​នាំ​ជាតិ​ឲ្យ​រលាយ
12, Mar 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អំនួត​សម្រាប់​អ្នកមាន​សមត្ថ​ភាពមិន​ចោទ​ជា​បញ្ហា​។ បញ្ញា​កើតចេញពី​ការរៀនសូត្រ​ពី​ទ្រឹស្ដី​នោះ​គឺជា​រឿង​ពិត​ដើម្បី​ឈានទៅរក​ការប្រតិបត្តិ​។ ប៉ុន្តែ​យុវជន​សម័យថ្មី​មួយចំនួនធំ​ហាក់​មាន​អំនួត​ចំពោះ​ខ្លួនឯង ថា​ខ្លួនឯង​ជា​មនុស្ស​អស្ចារ្យ មាន​សមត្ថភាព ដើរ​ទាន់សម័យ​វិទ្យាសាស្ត្រ​ទំនើប ស្គាល់​ពិភពលោក​បាន​ទូលំទូលាយ ទាំង​មិនបាន​យក​អ្វីដែល​ខ្លួន​មាន​នោះមក​ប្រតិបត្តិ​ចំពោះ​ខ្លួនឯង​ឲ្យ​មានការ​រីកចម្រើន​ជាមុន​។


 
​ភាព​អំនួត មើលងាយ​គេ គឺជា​បម្រាម​ដ៏​សំខាន់ របស់​ចាស់​បុរាណ អ្នកប្រាជ្ញ​បណ្ឌិត​នានា ក្នុង​លោក ព្រមទាំង​ព្រះពុទ្ធ​ផង​។ រហូតដល់​មាន​ពាក្យ​មួយ​ឃ្លា​ថា «​ចេះ​ឯង​ឲ្យ ក្រែង​ចេះ​គេ​»​។ 
 
​ជាការ​ពិត​នៅពេល​យុវជន និយាយ​រិៈ​គន់ អ្នកនយោបាយ​ចាស់ៗ មន្ត្រី​ចាស់ៗ អ្នករកស៊ី​ចាស់ៗ ឬក៏​ប្រជាជន​ដែលមាន​វ័យ​ចំណាស់ៗ​ថា ធ្វើ​នយោបាយ ធ្វើ​ជំនួញ ឬ​ដឹកនាំ​ប្រទេស តាម​ប្រព័ន្ធ​ចាស់​មិន​សម​តាម​សម័យ​ទំនើប​បច្ចុប្បន្ន​វា​ពិតជា​ល្អ​ណាស់​ចំពោះ​សង្គម​។ យុវជន រៀន​ច្រើន អាន​ច្រើន យល់ដឹង​ច្រើន ស្គាល់​ច្រើន ធ្វើ​ច្រើន ហើយ​មក​និយាយ​ពី​ពិសោធន៍​នៃ​ចំណេះដឹង​របស់ខ្លួន មក​ចែកចាយ​ឲ្យ​អ្នកដទៃ​គឺជា​ប្រពៃ​បំផុត​សម្រាប់​ជាតិ​។ ក៏ប៉ុន្តែ​បច្ចុប្បន្នភាព​គេ​អា​ចស​ង្គេ​ត​ឃើញថា ការបង្ហាញ​ភាព​អស្ចារ្យ​របស់​យុវជន​មួយចំនួន គឺ​ពិតជា​មិនអាច​យក​ជា​ប្រយោជន៍​បាន​នោះទេ​។ ពួកគេ​បាន​បង្ហាញថា​ខ្លួនគេ​ខ្លាំង ខ្លួនគេ​ពូកែ ខ្លួនគេ​អស្ចារ្យ តែ​សុទ្ធតែ​ស្ថិតនៅ​ក្នុ​រូប​ភាពជា​អំនួត និង​ជា​ទ្រឹស្ដី​ខ្វះ​មូលដ្ឋាន​អនុវត្ត​ជាក់ស្ដែង ដែល​មិនអាច​ក្លាយជា​ទឡ្ហីករណ៍​ជាក់លាក់​ណាមួយ​បែប​វិទ្យាសាស្ត្រ​មក​បញ្ជាក់ថា យុវជន​ទាំងនោះ​ពិតជា​ពូកែ​មែន​។​
 
​ពេលខ្លះ​អ្វីដែល​យុវជន​មួយចំនួន​កំពុងតែ​រិះគន់​គេ គំនិត​ដែល​គេ​បាន​លើក គឺ​សុទ្ធតែជា​អ្វីដែល​មនុស្ស​ចាស់​បានគិត​ឃើញ បានធ្វើ​រួចទៅហើយ​។ ប៉ុន្តែ​ព្រោះតែ​ការ​បានដឹង​តិច​តូច តាំង​អំនួត​ខ្លួនឯង ដែល​នាំទៅរក​ពាក្យ​ថា យុវជន​មាន​អំនួត​ខ្វះ​ព្រំដែន​។  ហេតុនេះ​យុវជន​សម័យថ្មី កុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ពេក​។ ត្រូវ​គិតថា​អ្វីដែល​ខ្លួន​ឆ្លងកាត់​ប្រហែល​ជាមាន​អ្នកណាម្នាក់​បាន​ឆ្លងកាត់​ដូច​ខ្លួន អ្វីដែល​ខ្លួន​គិត​ក៏មាន​អ្នក​ដ៏​ទៃ​បានគិត​ឃើញ​ដូច​ខ្លួន ឬ​ច្បាស់​ជាង​ខ្លួន​។ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា​មិន​ឲ្យ​យុវជន​បញ្ចេញ ឬ​បង្ហាញ​ពី​ចំណេះដឹង​របស់ខ្លួន​នោះដែរ​។ តែ​ជា​គោលដៅ គឺ​ចង់​ឲ្យ​យុវជន​ចេះ​ថ្លឹងថ្លែង ឲ្យ​បានច្បាស់លាស់ និង​មាន​ជា​វិធីសាស្ត្រ​ថ្មីៗ ដែល​យុវ​ចាស់​គិត​មិន​ដល់ នោះ​ទើប​គេ​ហៅថា យុវជន​ខ្លាំង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com